អគ្គមេបញ្ជាការ៖ទៅថ្ងៃអនាគតអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា

ភ្នំពេញៈឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានមានជំនឿថាទៅថ្ងៃអនាគតសហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាពការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា។ 

ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបនេះដែរនាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានចាប់តាំងពីឆ្នាំ១៩៥០ហើយមកដល់បច្ចុប្បន្នកម្ពុជានៅតែមានជំហររក្សាកិច្ចសហប្រតិបត្តិការល្អជាមួយសហរដ្ឋអាមេរិក។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិកដែលថ្មីៗនេះបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់វ៉ាក់សាំងចំនួន ១លាន ៦សែនដូស រួមទាំងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត។ ក្រៅពីនោះសហរដ្ឋអាមេរិកនៅបានផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដូចជា ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម។

នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងការស្រាវជ្រាវរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការបង្ក្រាបអំពើភេរវកម្ម ការជួញដូរមនុស្សក៏ដូចជាការហ្វឹកហ្វឺនឆ្មាំអង្គរ និងការកសាងកម្លាំងរបស់កងយោធពលខេមរភូមិន្ទដែលត្រូវទៅបំពេញបេសកកម្ម នៅអង្គការសហប្រជាជាតិ និងលំហរសមុទ្រផងដែរ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Thang Jacky Ly បានជម្រាបជូននាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ពីគោលបំណងនៃការមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយទី១ ធ្វើការសិក្សាស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ទី២ធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner