ឯកឧត្តម ម៉ៅ ធនិន គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយនៅខេត្តពោធិ៍សាត់ ដែលជួយបង្កើតការងារបានប្រមាណ៥០០នាក់

ពោធិ៍សាត់៖ រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយរបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes នឹងចេញចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។ កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។ រោងចក្រផលិតរថយន្ត Ford នឹងធ្វើត្រូវបង្កើតឡើងនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។

ឆ្លងកាត់កិច្ចប្រជុំនេះ ឯកឧត្តម ម៉ៅ ធនិន បានគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ ដោយបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឱ្យមាតុប្រទេសរបស់យើងមានអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់ ជាពិសេសនិយាយជារួមនឹងនិយាយដោយឡែក ខេត្តពោធិ៍សាត់ត្រូវបានទទួលនូវមរតកអមតៈជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។ ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមទទួលយក ព្រមទាំងចូលរួមទៅតាមលទ្ធភាពជាមួយនឹងការតម្លើងរោងចក្រនេះ។

ឯកឧត្តមអភិបាលខេត្តមានក្តីសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាននូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយឡែកនៅក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ៕ ប្រភព៖ Freshnews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner