រដ្ឋាភិបាល និងសម្ព័ន្ធគណបក្សប្រឆាំងម៉ាឡេស៊ីចុះ MOU ដើម្បីរក្សាស្ថិរភាពនយោបាយ

រដ្ឋាភិបាល​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​គណបក្ស​អង្គការ​រួបរួម​ជាតិ​ម៉ាឡេ (UMNO – អ៊ុំណូ) និង​សម្ព័ន្ធ​នៃ​ក្ដី​សង្ឃឹម ដែល​ជា​សម្ព័ន្ធ​គណបក្ស​ប្រឆាំង​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ។

ខាង​រដ្ឋាភិបាល​មាន លោក Ismail Sabri នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជា​អ្នក​ចុះ​ហត្ថលេខា ចំណែក​ឯ​ខាង​ប្រឆាំង​វិញ​មាន លោក Anwar Ibrahim ដែល​ជា​អ្នក​នយោបាយ​ប្រឆាំង​ចាស់​វស្សា រួម​ជាមួយ​តំណាង​គណបក្ស​ប្រឆាំង​ចំនួន ៣ទៀត។ MOU នេះ​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ចុះ​ហត្ថលេខា​ត​ទៅ ហើយ​អស់​សុពលភាព​នៅ​ពេល​ណា​ ដែល​សភា​ត្រូវ​បាន​រំលាយ។

ក្នុង​កិច្ចព្រមព្រៀង​នោះ​ ក្រុម​នយោបាយ​ទាំង​ពីរ​នៅ​ម៉ាឡេស៊ី​ព្រម​គ្នា​មិន​រំលាយ​សភា​ មុន​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២២ បាន​សេចក្ដី​ថា ម៉ាឡេស៊ី​នឹង​មិនមាន​ការ​រៀបចំ​បោះឆ្នោត​មុន​ថ្ងៃ​នោះ​ទេ។ នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ដើម្បី​ឱ្យ​រក្សា​ស្ថិរភាព​នយោបាយ​ឱ្យ​បាន​យ៉ាង​តិច​មួយ​ឆ្នាំ​ទៀត។

បន្ថែម​ពី​នេះ ខាង​បក្ស​ប្រឆាំង​មិន​មាន​សិទ្ធិ​ជំទាស់​លើ​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២២នោះ​ទេ ហើយ​ប្រសិន​បើ​មាន​ការ​មិន​សប្បាយ​ចិត្ត​អាច​បោះឆ្នោត​អនុប្បវាទ​បាន។ លើស​ពី​នេះ​ទៀត ក្រុម​នយោបាយ​ទាំង​ពីរ​ព្រមព្រៀង​គ្នា កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ឱ្យ​សល់​ត្រឹម ១០ឆ្នាំ ហើយ​តាក់តែង​ច្បាប់​មួយ ការពារ​មិន​ឱ្យ​សមាជិក​មក​ពី​គណបក្ស​មួយ រត់​ចោល​ជួរ​ទៅ​គាំទ្រ​គណបក្ស​ផ្សេង​ទៀត​ ដែល​ជា​ហេតុ​នាំ​ឱ្យ​រដ្ឋាភិបាល​ដួលរលំ។

កំណែទម្រង់​សភា​ក៏​មាន​ក្នុង​ខ្លឹមសារ​ MOU នេះ​ដែរ ដោយ​ជំហាន​ដំបូង​គឺ ផ្ដល់​ថវិកា​ឱ្យ​ស្មើ​គ្នា​ទៅ​ដល់​គណៈកម្មការ​សភា​ខាង​ប្រឆាំង និង​សភា​ខាង​ក្រុម​កាន់​អំណាច។

អ្វី​ដែល​ចាំ​បាច់​នៅ​រយៈពេល​នេះ​គឺ អ្នក​កាន់អំណាច និង​ខាង​ប្រឆាំង​ប្ដេជ្ញា​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ដោយ​បន្ថែម​ថវិកា​ប្រមាណ ១០ប៊ីលាន​ ចាក់​ទៅ​ឱ្យ​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner