សេតវិមានច្រានចោលព័ត៌មានមួយថា លោកស៊ីបដិសេធសំណើជួបផ្ទាល់របស់លោកបៃដិន

ព័ត៌មាន​ដែល​ថា លោក ស៊ី ជីនភីង ប្រធានាធិបតី​ចិន បដិសេធ​សំណើ​ជួប​ទល់​មុខ​គ្នា​ផ្ទាល់​របស់​លោក​ ចូ បៃដិន​គឺ​មិន​ពិត​ទេ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក​ ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ។

នៅ​ក្នុង​ថ្ងៃ​ដដែល​ សារព័ត៌មាន​ Financial Times បាន​ចុះ​ផ្សាយ​ថា​ ក្នុង​ជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​រយៈពេល​ ៩០នាទី​ រវាង​មេដឹកនាំ​ប្រទេស​មហាអំណាច​ទាំង​ពីរ លោក បៃដិន​ស្នើ​លោក ស៊ី ទៅ​ជួប​ប្រជុំ​ទល់​មុខ​គ្នា តែ​មិន​បាន​សម្រេច​ដោយ​ លោក ស៊ី មិន​ព្រម​ដោយសារ​តែ​ព្រួយ​បារម្ភ​រឿង​កូវីដ-១៩។

លោក Jake Sullivan ប្រាប់​អ្នកសារព័ត៌មាន ​បញ្ជាក់​ថា «ការ​លើក​ឡើង​ដូច្នេះ​មិន​បង្ហាញ​ពី​ការ​ពិត​នៃ​ជំនួប​តាម​ប្រព័ន្ធ​ទូរស័ព្ទ​នោះ​ទេ»។ យ៉ាងណាមិញ បើ​តាម​ប្រភព​មួយ​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ Reuters ថា ភាគី​ប្រធានាធិបតី​ចិន​ចង់​បាន​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ឱ្យ​ល្អ​ជាង​នេះ​ជា​មុន​សិន។

បើ​តាម​ប្រភព​ផ្លូវការ​ពី​សេតវិមាន​ ការ​និយាយ​ទូរស័ព្ទ​រវាង​លោក​ បៃដិន និង​លោក ​ស៊ី ជា​ការ​បង្ហាញ​ពី​ជំហរ​របស់​អាមេរិក​ក្នុង​ការ​បើក​ផ្លូវ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ចិន។

ចំណែក​ខាង​ប្រភព​ពី​សារព័ត៌មាន​រដ្ឋ​ចិន​វិញ ក្នុង​ជំនួប​នេះ លោក ស៊ី ប្រាប់​ទៅ​អាមេរិក​ថា គោលនយោបាយ​លោក​បៃដិន​បង្ក​ជា​ «ការ​លំបាក​យ៉ាង​ធ្ងន់ធ្ងរ​» ដល់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ តែ​ក៏​បង្ហាញ​ពី​ជំហរ​ចង់​បន្ត​ការ​ជួប​គ្នា​ផង​ដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner