ក្រៅពីទទួលរងរលកកូវីដ ប្រទេសអូស្រ្តាលីត្រូវទទួលរងនូវវិបត្តិមួយទៀតគឹ «ស្រមោលកូវីដ»
អ្នកជំនាញព្យាករថា ប្រទេសអូស្រ្ដាលីនឹងត្រូវទទួលរងវិបត្តិមួយទៀតគឺ «ស្រមោលកូវីដ» ដែលជាវិបត្តិសុខភាពផ្លូវចិត្តបន្សល់ដោយវិបត្តិកូវីដ និងការបិទខ្ទប់ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគ។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន ឆេនែលញូស៍អេស៊ា។
លោក Patrick McGorry សាស្ត្រាចារ្យផ្នែកសុខភាពផ្លូវចិត្តយុវជននៅសាកលវិទ្យាល័យមែលប៊ន បានប្រើឃ្លាមួយ ដើម្បីពិពណ៌នាអំពីផលប៉ះពាល់បន្សល់ ដោយជំងឺនេះថា ជាស្រមោលនៃជំងឺផ្លូវចិត្តដ៏គួរឱ្យភ័យខ្លាច ដែលកំពុងប្រឈមមុខនឹងប្រទេសអូស្រ្តាលីនាពេលបច្ចុប្បន្ននេះ ជាពិសេសចំពោះយុវជន និងជនងាយរងគ្រោះ។
ប៉ុន្តែ តាមពិតវិបត្តិនេះ បានជះឥទ្ធិពលដល់មនុស្សគ្រប់រូបមិនថាក្នុងកម្រិតធ្ងន់ធ្ងរ ឬ កម្រិតស្រាលទេ ដែលសុទ្ធតែជាផលប៉ះពាល់រយៈពេលវែងមិនអាចគេចផុតឡើយ។
សាស្ត្រាចារ្យ McGorry បាននិយាយថា៖ «វាគឺជាការគំរាមកំហែងដ៏ធំមួយ ចំពោះសុខភាពផ្លូវចិត្តរបស់យើង។ បញ្ហាទាំងនោះរួមមាន ការបាត់បង់សុវត្ថិភាពផ្លូវអារម្មណ៍ ការប្រឈមមុខនឹងការភ័យខ្លាចថានឹងរាតត្បាតសារជាថ្មី សមត្ថភាពក្នុងការធ្វើលំហាត់ប្រាណ ការរស់នៅជាមួយមនុស្សផ្សេងទៀត តួនាទីសង្គម តួនាទីអាជីព ឬ ការងារនៅក្នុងសង្គម ទាំងនេះគឺជាបញ្ហាប្រឈមធំ ៗ ដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ»។
ជំនួយការរដ្ឋមន្រ្តីអូស្រ្តាលី របស់នាយករដ្ឋមន្រ្តី ដែលទទួលបន្ទុកសុខភាពផ្លូវចិត្ត និងបញ្ជៀស ការធ្វើអត្តឃាត លោក David Coleman សង្ឃឹមថា គ្លីនិកឥតគិតថ្លៃនានា ដែលផ្ដល់សេវាពិគ្រោះផ្លូវចិត្ត ជួយសម្រួលដល់ និងផ្ដល់ជំនួយដល់ប្រជាជន ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត។
រហូតមកដល់ពេលនេះ នៅរដ្ឋញូសៅវែលតែម្នាក់ឯង មានការកើនឡើងចំនួនក្មេងអាយុពី ១២ ទៅ ១៧ ឆ្នាំ ដែលមកស្វែងរកមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ផ្នែកធ្វើអត្តឃាតខ្លួនឯង កើនឡើងប្រមាណ ៤៩ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ។
ដោយឡែក ការិយាល័យស្ថិតិរបស់ប្រទេសនេះ បង្ហាញថា ជនជាតិអូស្ត្រាលីម្នាក់ក្នុងចំណោមបីនាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៣៤ ឆ្នាំ បានសារភាពថា ខ្លួនបានជួបប្រទះនូវបញ្ហាផ្លូវចិត្តកម្រិតខ្ពស់នៅក្នុងខែ មិថុនា ឆ្នាំនេះ។ សម្រាប់ បុគ្គលិកជួរមុខក៏ត្រូវប្រឈមនឹងភាពតានតឹងផ្លូវចិត្ត ផ្លូវកាយ និងសង្គម ផងដែរ។
លោកស្រី Jacquie Blackwell អ្នកនាំពាក្យរបស់ក្រុម Shadow Pandemic Victoria ដែលបានដាក់ញត្តិតាមអ៊ិនធរណេតទាមទារឱ្យមានសកម្មភាពពីរដ្ឋាភិបាលរដ្ឋ Victorian បាននិយាយថា៖ «យើងយល់ថា លក្ខណៈនៃជំងឺរាតត្បាតនេះគឺថា យើងត្រូវព្យាយាមគ្រប់គ្រងវាឱ្យបាន»។
ការទប់ទល់ នឹងអារម្មណ៍ដ៏លើសលប់ អាចជាការពិបាក ជាពិសេសសម្រាប់កុមារ និងក្មេងជំទង់ ដែលប៉ះពាល់ការអភិវឌ្ឍខួរក្បាលមានន័យថា ពួកគេងាយនឹងស្ត្រេស។
បើយោងតាមការស្រាវជ្រាវថ្មី ដែលបោះពុម្ពផ្សាយដោយសាកលវិទ្យាល័យមែលប៊ន និងសាកលវិទ្យាល័យវេសស៊ីដនី បង្ហាញថា ការមើលភាពយន្ត និងទូរទស្សន៍គឺជាសកម្មភាពច្នៃប្រឌិត ដ៏ពេញនិយមបំផុត ដែលធ្វើឡើងដោយជនជាតិអូស្ត្រាលីក្នុងកំពុងពេលបិទខ្ទប់។
ទោះយ៉ាងណាលទ្ធផលនៃការស្រាវជ្រាវក៏បានបង្ហាញផងដែរថា ការស្តាប់ចម្រៀង ដែលយើងចូលចិត្ត ឬ ការស្តាប់ចម្រៀងពេលងូតទឹក ប្រហែលជាល្អសម្រាប់សុខភាពផ្លូវចិត្តផងដែរ។
វេជ្ជបណ្ឌិត Frederic Kiernan ជាអ្នកស្រាវជ្រាវនៅ សាកលវិទ្យាល័យ University of សម្រាប់សុខភាពរាងកាយនិងផ្លូវអារម្មណ៍(CAWRI)៖ «សកម្មភាពច្នៃប្រឌិតទូទៅដែលពេញនិយមបំផុតគឺ ការមើលភាពយន្តនិងទូរទស្សន៍ ប៉ុន្តែប្រសិទ្ធភាពក្នុងការជួយដល់សុខភាពផ្លូវចិត្តមានកម្រិតទាបនៅឡើយ»។
វេជ្ជបណ្ឌិត Kiernan មានប្រសាសន៍ថា៖ «យើងបានរកឃើញថា ការស្តាប់តន្រ្តីការច្រៀង និងការរាំគឺ ជាសកម្មភាព ដែលមានប្រសិទ្ធភាពបំផុតក្នុងចំនោមសកម្មភាពទាំងបី ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ធូរស្រាល»។
ការច្រៀង និងរាំ ស្ថិតនៅលំដាប់ទី ២ និងទី ៣ សម្រាប់ការធ្វើឱ្យអារម្មណ៍ប្រសើរឡើង ពិព្រោះវាជំរុញដល់សកម្មភាពច្នែប្រឌិត និងធ្វើឱ្យអារម្មណ៍ប្រសើរឡើង។