ក្រុមគិរីវង់សុខសែនជ័យ ឡើង Top 8 ជើងទី២ ក្រោយស្មើជាមួយនគរបាលជាតិ

គិរីវង់សុខសែនជ័យបានឡើងទៅប្រកួតប្រជែងនៅ ៨ក្រុមខាងលើ សម្រាប់ជើងទី២ បន្ទាប់ពីរកបាន១ពិន្ទុបន្ថែមជាមួយក្រុមនគរបាលជាតិ ០-០ នៅក្នុងការប្រកួតបញ្ចប់ជើងទី១ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា នៃក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១ ។


ជាមួយនឹងលទ្ធផលស្មើគ្នានេះបានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះ រកបាន១ពិន្ទុបន្ថែម សរុប១២ប្រកួត មាន១៣ពិន្ទុ ដោយឈ្នះ៤ ស្មើ១ និងចាញ់៧ ។ ១ពិន្ទុបន្ថែមរបស់គិរីវង់សុខសែនជ័យ គឺជាពិន្ទុដ៏សំខាន់ ដែលធ្វើឲ្យក្រុមនេះដណ្តើមបានកៅអីកំពូលទាំង៨ (ឬ Top 8) ដើម្បីប្រកួតប្រជែងជើងឯក ហើយបានទម្លាក់ក្រុមអាស៊ីអឺរ៉ុបយូណាយធីត ទៅចំណាត់ថ្នាក់លេខ៩វិញ និងប្រកួតជម្រុះ នៅជើងទី២ដែរ ដើម្បីគេចចេញពីក្រុមបាតតារាង ដែលត្រូវកាត់ចោលទម្លាក់ទៅលីគលំដាប់ទី២ ។ អាស៊ីអឺរ៉ុបយូណាយធីត ក៏បានបញ្ចប់១២ប្រកួត មាន១៣ពិន្ទុ ឈ្នះ៤ ស្មើ១ និងចាញ់៧ ដូចគ្នានឹងគិរីវង់សុខសែនជ័យដែរ ។ ចំពោះ១២ប្រកួតរបស់នគរបាលជាតិ ក៏បានបញ្ចប់ជើងទី១ដូចគ្នា ដោយឈរនៅបាតតារាងចំណាត់ថ្នាក់លេខ១៣ ដោយមិនដែលឈ្នះសោះ ស្មើ៤ និងចាញ់៨ មាន៤ពិន្ទុ។


ដោយឡែក១ប្រកួតទៀត បញ្ចប់ជើងទី១ ដែរ គឺណាហ្គាវើលដ៍បានយកឈ្នះម្ចាស់ផ្ទះព្រៃវែងអេហ្វស៊ី ដោយលទ្ធផល ៤ទល់៣ ។ លទ្ធផលវគ្គទី១ ក្រុមទាំង២ស្មើគ្នា ០ទល់០ ប៉ុន្តែចូលដល់វគ្គទី២ ណាហ្គាវើលដ៍ រកបាន៣គ្រាប់មុនពី Marcio Marques ក្នុងនាទី៤៦, Fumiya Kogure នាទី៥០ និងការភ្លាត់ចូលទីខ្លួនឯងដោយខ្សែការពារព្រៃវែង ស រតនា នាទី៥៩ ។ ក្រុមខេត្តព្រៃវែងបានវាយបករកបាន៣គ្រាប់ ដោយអះម៉ាត់ ស៊ូរីម នាទី៧៩ និងនាទី៧៨ និងគ្រាប់ទី៣ដោយសន សុវត្ថិ នាទី៨៦។ ក្រុមរបស់លោក មាស ចាន់ណា រកបានគ្រាប់ជ័យជម្នះពី Fumiya ក្នុងនាទី៨៨ ។ សរុបពិន្ទុមក ណាហ្គាវើលដ៍ ឡើងទៅលេខ៤ ជំនួសបឹងកេត ដោយមាន២៥ពិន្ទុ។


សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ការប្រកួតសន្សំពិន្ទុជើងទី១ បានបញ្ចប់ជាស្ថាពរហើយ ហើយការប្រកួតជើងទី២ ដោយបែងចែកជាពីផ្នែក៨ក្រុមខាងលើ និង៥ក្រុមខាងក្រោមនឹងត្រូវចាប់ផ្តើមដំណើរការពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១តទៅ ដោយជើងទី២នេះនឹងត្រូវបូកបន្ថែមជាមួយនឹងពិន្ទុ ដែលរកបានកាលពីជើងទី១៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner