សម្ដេចតេជោ ថា ការចូលប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន ជាការជូនសារទៅក្រុមឧទ្ទាមថា កន្លែងណា​ ក៏មានមនុស្សរបស់សម្តេចដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់យ៉ាងច្បាស់ៗទៅក្រុមឧទ្ទាមថា ការចូលទៅប្រជុំតាម Zoom ប៉ុន្មានថ្ងៃមុន មិនមែនជាការផ្តល់សញ្ញាសម្រាប់ការចចារឲ្យនោះទេ សូមកុំយល់ខុសឲ្យសោះ ប៉ុន្តែគឺជាការជូនសារទៅក្រុមឧទ្ទាមឲ្យភ្លឺភ្នែកថាកន្លែងណាក៏មានមនុស្សរបស់សម្តេចដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយប្រឆាំងផលប្រយោជន៍ជាតិ។ សម្តេចថា សម្តេចពិតជាបានចូលប្រជុំតាម Zoom មែន ហើយពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចរចានោះទេ អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវជាប់គុក២ភាគ៣សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូបន្ថយទោស។

ការឆ្លើយតបច្បាស់ៗរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើង ក្រោយពីក្រុមឧទ្ទាមក្រៅច្បាប់បានវិភាគលើកខ្លួនឯងថា សម្តេចមានបំណងចង់ចរចាជាមួយក្រុមពួកឧទ្ទាម ទើបចូលទៅក្នុងតាម Zoom បែបនេះ។ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបតាម Facebook របស់សម្តេចផ្ទាល់នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ថា ខ្ញុំបានធ្វើច្រើនណាស់ហើយក្នុងរឿងបង្រួបបង្រួមជាតិ តែពួកក្បត់ជាតិវាមិនយល់អំពីការបង្រួបបង្រួមជាតិទេ។ ពេលនេះគ្មានរឿងនយោបាយដែលត្រូវដោះស្រាយ ដោយការចចានោះទេ។

អ្វីដែលត្រូវធ្វើគឺអ្នកមានទោសត្រូវ ជាប់គុក2/3សិន ចាំគិតដល់ការលើកលែងទោស ឬបន្ធូរបន្ថយទោស។ សម្រាប់ដំណើរការនយោបាយយើងបាន និងកំពុងឈានទៅបោះឆ្នោតឃុំសង្កាត់២០២២ និងបោះឆ្នោតថ្នាក់ជាតិ២០២៣ ដោយមានការចូលរួមពីបក្សនយោបាយ ទាំងគណបក្សចាស់ និងគណបក្សដែលទើបបង្កើតថ្មីយ៉ាងច្រើន។ សុំកុំយល់ខុសថា ខ្ញុំចូលក្នុង Zoom ជាមួយបងប្អូនថ្ងៃមុនថា ជាការផ្តល់សញ្ញាសម្រាប់ការចចាឱយសោះ តែការចូលទៅនោះចង់ជូនសារទៅក្រុមឧទ្ទាមឱយភ្លឺភ្នែកថា នៅកន្លែងណាក៏មានមនុស្សរបស់ ហ៊ុន សែន ដែរ សូមប្រុងប្រយ័ត្នកុំធ្វើសកម្មភាពណាមួយ ប្រឆាំងជាមួយផលប្រយោជន៍ជាតិ។

សូមឈប់ស្រមើស្រមៃថា បក្សដែលតុលាការរំលាយនឹងរស់ឡើងវិញ .ហ៊ុន សែន នឹងលើកលែងទោសឱ្យ. ហ៊ុន សែន នឹងបើកការចចាររកដំណោះស្រាយនយោបាយ. ហ៊ុន សែន ខ្លាចអន្តរជាតិ។ល។ សង្ឃឹមថាការបកស្រាយនេះនឹងធ្វើឱយអ្នកវិភាគល្ងង់ទូ និងអ្នករង់ចាំការយោគយល់ពី ហ៊ុន សែន ឬ ហ៊ុន សែន ភ័យខ្លាចបានភ្លឺស្វាងឡើងវិញ បន្ទាប់ពីសន្លប់ធំអស់ប៉ុន្មានថ្ងៃក្រោយ Zoom ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner