សហរដ្ឋអាមេរិក៖ ការបាញ់សាកល្បងមីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងបានរំលោភបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានថ្កោលទោសការបាញ់សាកល្បងមីស៊ីលផ្លោងចុងក្រោយរបស់កូរ៉េខាងជើងថា ជាការរំលោភលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការថ្កោលទោសនេះ បានកើតមានឡើងក្រោយកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់នៅថ្ងៃពុធសប្តាហ៍នេះ ដោយរដ្ឋាភិបាលជប៉ុននិយាយថា គ្រាប់មីស៊ីលទាំងនេះទំនងជាធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ណេត ប្រាយ៍ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកថ្កោលទោសការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយកត់សម្គាល់ថា “ការបាញ់មីស៊ីលទាំងនេះ គឺជាការរំលោភលើសេចក្តីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ… ពួកគេបង្កការគំរាមកំហែងដល់ប្រទេសជិតខាងកូរ៉េខាងជើង និងសមាជិកដទៃទៀតនៃសហគមន៍អន្តរជាតិ។ លោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោននៅតែប្តេជ្ញាចិត្តចំពោះវិធីសាស្រ្តការទូតមួយទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីបន្តការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ លោក ប្រាយ៍ ក៏បានបញ្ជាក់ជាថ្មីថា ការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះសម្ព័ន្ធមិត្តក្នុងតំបន់ រួមមានជប៉ុន និងកូរ៉េខាងត្បូង គឺ “រឹងមាំដូចដែកថែប”។

គួរកត់សម្គាល់ រដ្ឋបាលលោក ចូ បៃដិន បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនព្យាយាមចូលរួមជាមួយកូរ៉េខាងជើង ជុំវិញបញ្ហាការរំសាយអាវុធនុយក្លេអ៊ែរ ប៉ុន្តែមិនបានបង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយទណ្ឌកម្មនោះទេ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner