ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន៖ ក្នុងរដូវភ្ជុំបិណ្ឌខាងមុខ ការជំរុញ និងគ្រប់គ្រងចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយសុវត្ថិភាព គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ សម្រាប់វិស័យទេសចរណ៍កម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន បានលើកឡើងថា ក្នុងរដូវភ្ជុំបិណ្ឌខាងមុខ ការជំរុញនិងគ្រប់គ្រងចលនាទេសចរណ៍ផ្ទៃក្នុងប្រកបដោយសុវត្ថិភាព គឺជាសញ្ញាវិជ្ជមាននៃការងើបឡើងវិញ សម្រាប់វិស័យទេសចរណ៍កម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងបញ្ហានេះ ក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ផ្ទៃក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីរដ្ឋបាលរាជធានី-ខេត្តទាំង២៥ មន្ទីរទេសចរណ៍រាជធានី-ខេត្តទាំង២៥ វិស័យឯកជន និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

សន្និបាតនេះធ្វើឡើងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារទេសចរណ៍ផ្ទៃក្នុងដែលបានអនុវត្តរយៈពេល ៩ខែដើម ឆ្នាំ២០២១ និងស្របពេលដាក់ចេញ នូវទិសដៅអនុវត្តការងារបន្ត ជំរុញការស្តារវិស័យទេសចរណ៍ក្នុងស្រុកឡើងវិញ តាមគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមសំខាន់ក្នុងការស្តារ សេដ្ឋកិច្ចសង្គមជាតិ និងទទួលអំណរបុណ្យភ្ជុំបិណ្ឌ នៅពេលខាងមុខ។

លោកបន្ថែមថាវិស័យ ទេសចរផ្ទៃក្នុង ដែលរូមមានទាំងទេសចរជាតិ និង បរទេសផ្ទៃក្នុង គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងប្រកបដោយសក្តានុពលមួយនៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ និងជាពិសេសចូលរួមក្នុងការការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍។ រីឯបុណ្យភ្ជុំបិណ្ឌ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ ក៏ជាបុណ្យប្រពៃណីជាតិដ៏ធំជាងគេបង្អស់ក្នុងចំណោមបុណ្យប្រពៃណីខ្មែរយើង។

លោក ថោង ខុន បញ្ជាក់ទៀតថា៖ «បើពិនិត្យលើអត្រាចាក់វ៉ាក់សាំង គឺយើងចាក់បានជាង ៩០% បើគិតពីអាយុ ១២ ឆ្នាំឡើង ដូចនេះភាពស៉ាំក្នុងសហគមន៍ក៏អាចមានល្អប្រសើរហើយ។ សព្វថ្ងៃ ទោះបីអត្រាឆ្លងនៅមាន ប៉ុន្តែអការៈរោគវិវត្តន៍ទៅធ្ងន់ធ្ងរ និង អត្រាមរណៈដោយសារកូវីដក៏មានការថយចុះច្រើនផងដែរ។ ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយក៏យើងនៅតែត្រូវប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវបន្តប្រកាន់ខ្ជាប់នូវវិធានបង្ការទាំងឡាយ ជាចាំបាច់ ពិសេសអនុវត្ត ៣កុំ ៣ ការពារ ជាប់ជានិច្ច»។

បើតាមឯកឧត្ដមរដ្ឋមន្ត្រី, ដើម្បីធានាថា គោលដៅទេសចរណ៍មួយ ប្រកបដោយសុវត្ថិភាព រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានមន្ទីរទេសចរណ៍ ជាសេនាធិការ ត្រូវពិនិត្យ និងវាយតម្លៃ ឲ្យបានច្បាស់លើគោលដៅនីមួយៗ ទាំងគោលដៅរួម និង គោលដៅទេសចរណ៍ដោយឡែក ដែលមានលក្ខណៈប្រជាប្រិយ ដោយត្រូវផ្អែកលើសូចនាករសមិទ្ធកម្មចំនួន ៤ រួមមាន៖

១៖ អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៉ាំសហគមន៍
២៖ អត្រានៃការរីករាលដាលជំងឺកូវីដ-១៩
៣៖ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី
៤៖ ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍ ពិសេស លើការអនុវត្តន៍ SOP … ជាអាទិភាព ការចាក់វ៉ាក់សាំង គ្រប់គ្រាន់ របស់បុគ្គលិកបម្រើការក្នុងមូលដ្ឋានអាជីវកម្ម ការយល់ដឹង ពីការអនុវត្តវិធានសុវត្ថិភាព សុខាភិបាល អនាម័យ។ល។ និងការប្រើប្រាស់បច្ចេកវិទ្យាជាដំណោះស្រាយ (Technology) ស្របតាមគន្លងប្រក្រតីភាពថ្មី។

ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ទៀតថា ប្រសិនបើក្នុងរដូវភ្ជំបិណ្ឌខាងមុខនេះ រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ ជំនាញ ប្រត្តិបត្តិករទេសចរណ៍ និងទេសចរ រួមគ្នា អនុវត្តបាននូវនីតិវិធីប្រត្តិបត្តិតាមស្តង់អប្បបរមា SOP បានល្អ ទាំងនៅតាមទីផ្សារនានា និងវត្តអារាម បានល្អនោះ ចលនាទេសចរណ៍ផ្ទៃក្នុង យើងនឹងងើបឡើងវិញល្អ ដែលនេះ ក៏គឺជាបុរេលក្ខណៈសម្រាប់ការត្រៀមបើកទទួលទេសរអន្តរជាតិ ចាក់វ៉ាក់សាំង នាពេលឆាប់ៗខាងមុខនេះផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner