អ.ស.ប.៖ ប្រទេសកំពុងអភិវឌ្ឍនឹងនៅតែប្រឈមបញ្ហាក្រោយកូវីដបិទបញ្ចប់ទៅ

អង្គការ​សហប្រ​ជាជាតិ​​រំលឹក​​ថា​ ​ប្រទេស​កំពុង​អភិវឌ្ឍ​នឹង​នៅ​តែ​ប្រឈម​ការ​ដើរ​មិន​ទាន់​គេ​ ស្រប​ពេល​ដែល​​ប្រទេស​អភិវឌ្ឍ​នឹង​កាន់​តែ​​រីក​លូត​លាស់​យ៉ាង​ឆាប់​រហ័ស​ក្រោយ​កូវីដ​បិទ​បញ្ចប់​ទៅ​ ហើយ​​ប្រទេស​ក្រីក្រ​​ភាគ​ច្រើន​នៅ​តែ​​ខ្វះ​វ៉ាក់​សាំង​​សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​ខ្លួន​។​

​ក្រុម​ប្រឹក្សា​សន្និសីទអ​ង្គការ​សហប្រជាជាតិស្តី​​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍន៍​ (UNCTAD) ​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​ថា​៖​ «​ហានិភ័យ​ធំ​បំផុត​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​គឺ​ថា​ ការ​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ប្រទេស​លោក​ខាង​ជើង​ នឹង​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​កំណែ​ទម្រង់​​គ្មាន​ប្រទេស​កំពុង​អភិវឌ្ឍ​​ស្ថិត​ក្នុង​ស្ថានភាព​ទន់​ខ្សោយ​ និង​ងាយ​រង​គ្រោះ ​ដែល​ត្រូវ​ការ​ជា​យូរ​មក​ហើយ​នោះ​»​។​​

​របាយការណ៍​ព្រមាន​ថា​ ជំងឺ​រាត​ត្បាត​ជា​ញឹក​ញាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ឱកាស​ដើម្បី​ «​ស្តារ​​​​ឱ្យ​​ប្រសើរ​ឡើង​វិញ​» និង​គិត​ឡើង​វិញ​អំពី​គោលការណ៍​អភិបាល​កិច្ច​នៃ​សេដ្ឋកិច្ច​អន្តរជាតិ​ ប៉ុន្តែ​ឱកាស​​​ដែល​នឹង​កើត​ឡើង​នោះ​ ​ធ្លាក់​ចុះ​ជា​ថ្មី​ម្តង​ទៀត​ដូច​ជា​បន្ទាប់​ពី​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​​។​ ​

​ក្នុង​របាយការណ៍​ដដែល​ ​UNCTAD ​និយាយ​ថា​ អ្នក​បង្កើត​គោល​នយោបាយ​នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ មិន​​ភ្ញាក់​ពី​ទំហំ​នៃ​ភាព​តក់​ស្លុត​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ ឬ​ការ​តស៊ូ​របស់​ខ្លួន​ឡើយ​។​

​លោក​ Richard Kozul-Wright ​នាយក​ផ្នែក​យុទ្ធសាស្ត្រ​សកល​ភាវូប​នីយកម្ម​ និង​​ការ​បែង​ចែក​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ UNCTAD និ​យាយ​ថា​៖​ «​រឿង​មួយ​ដែល​នៅ​តែ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ គឺ​កង្វះ​ការ​ដឹង​ឮ​ចំពោះ​ការ​ខូច​ខាត​ដែល​ជំងឺ​រាតត្បាត​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​ប្រទេស​កំពុង​អភិវឌ្ឍ​»​។​

UNCTAD ​រំពឹង​ថា​ សេដ្ឋកិច្ច​ពិភព​លោក​នឹង​កើន​ឡើង​ ៥,៣ ​ភាគ​រយ​នៅ​ឆ្នាំ​២០២១ ​ហើយ​ធ្លាក់​ចុះ​មក​ត្រឹម​ ៣,៦ ​ភាគរយ​នៅ​ឆ្នាំ ​២០២២ ​ប៉ុន្តែ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នឹង​​មិន​ស្មើ​គ្នា​ទេ​។​

​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​ឡើង​ ៥,៧ ​ភាគ​រយ​ និង​ប្រទេស​ចិន​ ៨,៣​ ភាគ​រយ​នៅ​ឆ្នាំ​​ ២០២១​។​ ជា​មធ្យម​ប្រទេស​នៅ​អាមេរិក​ឡាទីន​ និង​ប្រទេស​ក្នុង​តំបន់​សមុទ្រ​ការ៉ាអ៊ីប​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ៥.៥ ​ភាគ​រយ​នៅ​ឆ្នាំ​២០២១​ ដូច​គ្នា​។ ​ប៉ុន្តែ​​​អនុ​តំបន់​សាហារ៉ា​អាហ្វ្រិក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន​កំណើន​យឺត​ជា​មធ្យម​ ក្នុង​អត្រា​ត្រឹម​តែ​ ​២,៥​ ភាគ​រយ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ​២០២១ ​ហើយ​និង​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ជាម​ធ្យម​ ៣.៥ ​ភាគ​រយ​។

​​ផ្អែក​លើ​គន្លង​កំណើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយ​ៗ​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៧-១៩ ​UNCTAD​ ​ប៉ាន់​ស្មាន​ថា​ ​ប្រទេស​កំពុង​អភិវឌ្ឍ​នឹង​ក្រ​ជាង​ ១២ ​ទ្រីលាន​ដុល្លារ​នៅ​ឆ្នាំ​ ២០២៥​ ជាង​កម្រិត​ដែល​ខ្លួន​អាច​មាន​ប្រសិន​បើ​គ្មាន​ជំងឺ​រាត​ត្បាត​។​ ប្រទេស​ក្រីក្រ​បច្ចុប្បន្ន​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​រាត​ត្បាត​ជាង​ក្នុង​អំឡុង​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​ ២០០៨ ​ដោយ​សារ​កំណើន​នៃ​បំណុល​ និង​ការ​ដាក់​សម្ពាធ​លើ​ហិរញ្ញវត្ថុ​សាធារណៈរ​បស់​ខ្លួន​។​

លោក​ Kozul-Wright ​និយាយ​ថា​ ខណៈ​ពេល​ដែល​ប្រទេស​ជឿន​លឿន​និយាយ​អំពី​ពិភព​លោក​ក្រោយ​កូវីដ​ ​​ប្រទេស​កំពុង​អភិវ​ឌ្ឍ​ភាគ​ច្រើន​មាន​ស្ថានភាព​​ផ្ទុយ​ពី​វោហាសាស្ត្រ​ដែល​ប្ដេជ្ញា​ធ្វើ​ការ​កសាង​ជាមួយ​គ្នា​ឡើង​វិញ​ឱ្យ​ល្អ​ជាង​មុន​​​។​

លោក​ស្រី ​Inu Manak ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នយោបាយ​អន្តរជាតិ​នៅ​វិទ្យាស្ថាន ​Cato​ នៅ​​វ៉ាស៊ីនតោនឌីស៊ី​និយាយ​ថា​៖​ «​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ ​ប្រទេស​ជឿន​លឿនចេញ​សេចក្តី​ថ្លែងការណ៍​​​បដិសេធ​​ការ​​គាំពារ​​និយម​​ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​មានជំ​ងឺ​រាត​ត្បាត​ យើង​​ឃើញ​​មាន​ភាព​ផ្ទុយ​គ្នា​ និង​ការ​ជំរុញ​ឆ្ពោះ​ទៅ​រកវោ​ហាសាស្ត្រ​ដែល​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​វិញ​»​។​ ​

យ៉ាង​ណា​មិញ​ ​ប្រធាន​គណៈក​ម្មការ​អឺរ៉ុប​លោក​ស្រី ​Ursula von der Leyen ​​​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ សហភាព​អឺរ៉ុប​នឹង​បង្កើន​​វ៉ាក់សាំង​ទ្វេដង​ជាមួយ​ប្រទេស​ដែល​មាន​ចំណូល​ទាប​ និង​មធ្យម​ ដោយ​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​ ២០០ ​លាន​ដូស​ដល់​បណ្តា​ប្រទេស​ទាំង​នេះ​ត្រឹម​បំណាច់​ឆ្នាំ​ ២០២១ ​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ទើប​តែ​ផ្គត់​ផ្គង់​តិច​ជាង​មួយ​ភាគ​ប្រាំ​នៃ​ចំនួន​នេះ​ប៉ុណ្ណេះ​។​

​ជាមួយ​គ្នា​នេះ ​គម្រោង​គំនិត​ផ្តួច​ផ្តើម​ជា​សកល​ Covax ​ ​ដែល​ស្ទើរ​តែ​ពឹង​ទាំង​ស្រុក​លើ​ការ​បរិច្ចាគ​វ៉ាក់សាំង​របស់​ប្រទេស​អភិវឌ្ឍន៍​ បាន​ផ្ដល់​វ៉ាក់សាំង ​២៧៦ ​លាន​ដូស​ដល់​ ១៤១ ​ប្រទេស​ចាប់​តាំង​ពី​ខែ​មីនា​ ប៉ុន្តែ​ចំនួន​នេះ​ទាប​ជាង​គោល​ដៅ​​ ហើយ​ស្នើ​សុំ​ឱ្យ​ប្រទេស​អ្នក​មាន​នៅ​តែ​បន្ត​ផ្ដល់​ការ​បរិច្ចាគ​របស់​ខ្លួន​។​ មក​ទល់​ពេល​នេះ​ ប្រជាជន​តិច​ជាង​ ១% ​នៅ​ក្នុងប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​​ និង​ ១០% ​នៅ​​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ បាន​​ទទួល​វ៉ាក់សាំង​ពេញ​លេញ​។

​​បន្ថែម​ពី​នេះ​ UNCTAD ​សាទរ​ចំពោះ​ការ​ផ្តល់​សិទ្ធិ​ពិសេស​ចំនួន​ ៦៥០​ ប៊ីលានដុ​ល្លារ​ពី​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF) ​ប៉ុន្តែ​​និយាយ​ថា​ ​ចាំ​បាច់​ត្រូវ​ការ​ចំនួន​ច្រើន​ជាង​នេះ​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​សម្ពាធ​សារពើពន្ធ​ បន្ទុក​បំណុល​ និង​កង្វះលទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន​។

​របាយការណ៍​របស់​អង្គការ​ដដែល​ជម្រុញ​ឱ្យ​មាន​ការ​ដោះបំណុល​រួម​គ្នា​ ហើយ​ក្នុង​ករណី​ខ្លះ​គួរ​លុប​បំណុល​ចោល​ ការ​វាយ​តម្លៃ​ឡើង​វិញ​មួយ​នូវ​តួនាទី​នៃ​គោល​នយោបាយ​សារពើពន្ធ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក​ ការ​សម្រប​សម្រួល​គោល​នយោបាយ​កាន់​តែ​ច្រើន​នៅ​ទូទាំង​សេដ្ឋកិច្ច​សំខាន់​ៗ​ជា​ប្រព័ន្ធ​ និង​ការ​គាំទ្រ​​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​រួម​ទាំង​ការ​លះបង់​កម្មសិទ្ធិ​បញ្ញា​​ដើម្បី​ពន្លឿន​ការ​ផលិត​ និង​ការ​ផ្គត់​ផ្គង់​ជាដើម​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner