អាជ្ញាធរចិនបង្រ្កាបការទាញយកលុយគ្រីបតូនៅខេត្ត Hebei ភាគខាងជើងនៃប្រទេស

អាជ្ញាធរ​ខេត្ត​ Hebei ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ចិន​​និយាយ​ថា​ ខ្លួន​​ចាប់​ផ្តើម​យុទ្ធនាការ​ពិសេស​ប្រឆាំង​នឹង​ការ​ទាញ​យក​ និង​ការ​ជួញ​ដូរ​រូបិយ​ប័ណ្ណ​ឌីជីថល​ ឬ​លុយ​គ្រីបតូ​ ដោយ​សារ​តែ​កង្វល់​ផ្នែក​បរិស្ថាន​ ហិរញ្ញវត្ថុ​ និង​សន្តិសុខ​ជាតិ ​ដែល​ជា​សញ្ញា​ថ្មី​នៃកា​រប្តេ​ជ្ញា​ចិត្តរ​បស់​​ក្រុង​ប៉េកាំង​ក្នុង​ការ​បង្ក្រាប​ទីផ្សារ​នេះ​។​

​យោង​តាម​សារ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​ដោយរ​ដ្ឋបាល​អ៊ិនធឺណិត​(Cyberspace Administration )​ខេត្ត​កាល​ពី​ថ្ងៃ​អង្គារ​ ទីភ្នាក់ងារ​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​ ត្រូវ​​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ព័ត៌មាន​របស់​ខ្លួន​ដើម្បី​លុប​បំបាត់​ការ​ប្រើ​ប្រាស់​ថាមពល​តាម​កុំព្យូទ័រ​ណាមួយ​ដើម្បី​ទាញ​យក​រូបិយប័ណ្ណ​ឌីជីថល​ផ្សេង​ៗ​ត្រឹម​ចុង​ខែ​កញ្ញា​នេះ​​​។​ ជា​មួយ​គ្នា​នោះ​ សាកល​វិទ្យាល័យ ​និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ ក៏​ត្រូវ​​កាត់​បន្ថយ​ប្រព័ន្ធ​ថាមពល​របស់​ខ្លួន​ឱ្យ​នៅ​ត្រឹម​ទំហំ​ដែល​ត្រូវ​ការ​សម្រាប់​តម្រូវ​ការ​សិក្សាផង​​ដែរ​។​

រដ្ឋបាល​ដដែល​ថា​ អាជ្ញាធរ​អ៊ិនធឺណិត​ក្នុង​តំបន់​ និង​បទ​ប្បញ្ញត្តិ​ហិរញ្ញ​វត្ថុ​គួរ​តែ​បង្កើន​ការ​ប្រមូល​របាយការណ៍​ពី​ក្រុម​ទុច្ចរិត ​និង​សាធារណជន​។​ ដោយ​ចាប់​ផ្តើម​នៅ​ខែ​ក្រោយ​ទៅ​ ទីភ្នាក់ងារ​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​តាម​ដាន​ស្ថានការណ៍​ជា​ប្រចាំ​ និង​ដាក់​ទណ្ឌកម្ម​ចំពោះ​អ្នក​ដែល​ទាញ​យក​ ឬ​ជួញដូរ​រូបិយប័ណ្ណ​ឌីជីថល​ខុស​ច្បាប់​។​

រដ្ឋបាល​អ៊ិនធឺណិត​និយាយ​ថា​៖​ «​ការ​ទាញ​យក​លុយ​គ្រីបតូ​ប្រើប្រាស់​ថាមពល​យ៉ាង​ច្រើន​ ដែល​ប្រឆាំង​នឹង​គោល​បំណង​កំពូល​អព្យាក្រឹត​កាបូន​របស់​ចិន​​។​ ការ​ដោះដូរ​ និង​ប្រតិបត្តិការទាញ​​​យក​​​ បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង​ដល់​សណ្តាប់​ធ្នាប់​ហិរញ្ញវត្ថុ​​របស់​​ប្រទេស​​ និង​មាន​ហានិភ័យ​ធំ​ធេង​លើ​ផ្នែក​ហិរញ្ញវត្ថុ​។ ការ​រីក​រាល​ដាល​នៃ​ប្រតិបត្តិការ​នេះ​នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ និង​សង្គម​ និង​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ជាតិ​»​។​

​ការ​ម៉ាញ​ ឬ​ទាញ​យក​លុយ​គ្រីបតូ​ដូច​ជាប៊ី​តខញ​ ត្រូវ​ប្រើប្រា​ស់​ថាមពល​យ៉ាង​មហាសាល​ដើម្បី​គណនា​រូបមន្ត​គណិត​វិទ្យា​ដ៏​ស្មុគ​ស្មាញ​។​ ​ការ​ជួញ​ដូរ​លុយគ្រី​បតូ​ផ្សេង​ៗ​ត្រូវ​បាន​ហាម​ឃាត់​នៅ​​ចិន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ ​ដោយ​សារ​ការ​ភ័យ​ខ្លាច​លើ​ការ​គំរាម​កំហែង​ដល់​ទីផ្សារ​ហិរញ្ញវត្ថុ​ ប៉ុន្តែ​ក្រុម​ប្រឹក្សា​រដ្ឋ​ចិន​ទើប​តែ​ប្រកាស​​បង្ក្រាប​ការ​ទាញ​យក​ប៊ីតខញ​នៅ​ខែ​ឧសភា​ឆ្នាំ​នេះ​ប៉ុណ្ណេះ​ ក្រោយ​លោក​ប្រធានា​ធិបតី​ ស៊ី​ ជីនពីង​ សន្យា​ឱ្យ​សម្រេច​បាន​នូវ​អព្យាក្រឹត​កាបូន​​ក្នុង​ឆ្នាំ​ ២០៦០​។

​យោង​តាម​ទិន្នន័យ​ពី​ខែ​មេសា​ស្ដី​ពី​សន្ទស្សន៍​នៃ​ការ​ប្រើ​ប្រាស់​អគ្គិសនី​របស់​ខេមប្រីជ​ ប្រទេស​ចិន​មាន​​ជិត​​ពាក់​កណ្ដាល​នៃ​ការ​ទាញ​យក​លុយ​គ្រីបតូ​របស់​ពិភព​លោក​ បើ​គិត​មុន​ពេល​បង្រ្កាប​ឆ្នាំ​នេះ​។​ ក្រោយ​ការ​បង្រ្កាប​ ប្រតិបត្តិករ​​មួយ​ចំនួន​​ ​​សម្រេញ​​ចេញ​​លើក​ទីតាំង​ប្រតិបត្តិការ​របស់​ខ្លួន​​ទៅ​ក្រៅ​ប្រទេស​វិញ​ ជា​ពិសេស​ទៅ​អាមេរិក ​និង​អាស៊ី​កណ្តាល​។​ ​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner