អគ្គលេខាធិការ អ.ស.ប៖គំនិតដែលថាអង្គការសហប្រជាជាតិអាចដោះស្រាយបញ្ហាប្រទេសអាហ្វហ្គានីស្ថានគឺជាការស្រមើស្រមៃ
កាលពីថ្ងៃពុធ ទី ១៥ កញ្ញាអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា គំនិតដែលថាស្ថាប័នពិភពលោកអាចដោះស្រាយបញ្ហានៅប្រទេសអាហ្វហ្គានីស្ថានគឺជាការស្រមើស្រមៃ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ «ការគិតដែលថាយើង អាចដោះស្រាយបញ្ហានៅប្រទេសអាហ្វហ្គានីស្ថានគឺជាការស្រមើស្រមៃមួយ ដែលបញ្ហានោះពួកគេមិនអាចធ្វើដោះស្រាយបានទាំងដែលពួកគេមានទ័ពនិងថវិការក្នុងការដោះស្រាយ»។ នេះបើតាមការស្រង់សម្តីរបស់សារព័ត៌មាន Reuters ។
លោក Guterres បាននិយាយថា លោកគាំទ្រទៅលើកិច្ចខំប្រឹងប្រែងក្នុងការបញ្ចុះបញ្ចូលក្រុមតាលីបង់អោយបង្កើតរដ្ឋាភិបាលដែលមានភាពប្រសើរជាងពេលដែលពួកគេគ្រប់គ្រងប្រទេសនេះកាលពី ២០ ឆ្នាំមុន។ លោកបាននិយាយថា អង្គការសហប្រជាជាតិមានសមត្ថភាពតិចតួចក្នុងការសម្រុះសម្រួលភាគីទាំងពីរ ហើយលោកបញ្ជាក់ថាអង្គការសហប្រជាជាតិគួរតែផ្តោតលើជំហររបស់ខ្លួនដែលជាអង្គការអន្តរជាតិមួយដែលនៅទីនោះដើម្បីគាំទ្រប្រជាជនអាហ្វហ្គានីស្ថាន» ។
គួរបញ្ជាក់ផងដែរថា ក្រុមតាលីបង់បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានបានជោគជ័យបន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចដកទ័ពចេញពីប្រទេសនេះ។