ក្រុមហ៊ុន Pfizer និង Moderna ៖ ប្រសិទ្ធិភាពការពាររបស់វ៉ាក់សាំងធ្លាក់ចុះជាលំដាប់តាមពេលវេលានៃការចាក់
ក្រុមហ៊ុន Pfizer និង Moderna បានឲ្យដឹងថា ប្រសិទ្ធិភាពការពាររបស់វ៉ាក់សាំង អាចថយចុះជាលំដាប់តាមពេលវេលានៃការទទួលបានវ៉ាក់សាំង ខណៈក្រុមនិយ័តករថ្នាំអាមេរិកកំពុងរៀបចំពិចារណាថាតើត្រូវអនុម័តកម្មវិធីបង្កើនប្រសិទ្ធភាពដែរឬទេ។
នៅចំពោះមុខកិច្ចប្រជុំដ៏សំខាន់មួយនៃគណៈកម្មការប្រឹក្សាវ៉ាក់សាំង របស់រដ្ឋបាលចំណីអាហារ និងឱសថ (FDA) កាលពីថ្ងៃ សុក្រ ក្នុងការពិភាក្សាអំពីការផ្តល់ដូសជំនួយដល់ប្រជាជន ក្រុមហ៊ុន Pfizer បានដាក់របាយការណ៍សិក្សាមួយនៅថ្ងៃពុធដែលមជ្ឍមណ្ឌល Kaiser Permanente រដ្ឋកាលីហ្វ័រញ៉ាខាងត្បូង បានបញ្ជាក់ពីប្រសិទ្ធភាពវ៉ាក់សាំងនៃថា នឹងថយចុះតាមធម្មជាតិ «ដោយមិនគិតពីវ៉ារ្យ៉ង់»។
ក្រុមហ៊ុន Pfizer បានបង្ហាញទិន្នន័យ ដែលថាប្រសិទ្ធិភាពនៃការពាររបស់វ៉ាក់សាំង បានធ្លាក់ចុះពី ៦ ទៅ ៨ ខែបន្ទាប់ពីការចាក់វ៉ាក់សាំងទី២ និងចាប់ផ្ដើមមិនសូវមានប្រសិទ្ធភាពបន្តិចម្តងៗ ក្នុងរយៈពេលពីរខែបន្ទាប់។ ប្រសិទ្ធភាពវ៉ាក់សាំង បានធ្លាក់ចុះប្រហែល ៦ ភាគរយរៀងរាល់ ២ ខែ បន្ទាប់ពីការចាក់លើកទី ២ និងធ្លាក់ចុះពី ៩៦,២ ភាគរយក្នុងមួយសប្តាហ៍ និងធ្លាក់ចុះដល់ ៨៣,៧ ភាគរយក្នុងរយៈពេលបួនខែក្រោយមក។
ក្រុមហ៊ុនក៏បានដកស្រង់ទិន្នន័យអ៊ីស្រាអែល ដែលបង្ហាញថា វ៉ាក់សាំងដូសទី៣ បានស្តារការការពារឡើងវិញរហូតដល់៩៥ ភាគរយប្រឆាំងមេរោគកូវីដ-១៩។ នេះបើយោងតាមឯកសារ ដែលបានដាក់បង្ហាញទៅរដ្ឋបាល FDA ។
ដោយឡែកវ៉ាក់សាំង Moderna ក៏បានចែករំលែកទិន្នន័យកាលពីថ្ងៃពុធផងដែរ ថាប្រសិទ្ធិភាពការពាររបស់វ៉ាក់សាំងខ្លួន ក៏អាចធ្លាក់ចុះក្នុងរយៈពេលវែងដែរ។
អ្នកស្រី Stéphane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយថា៖ «ការកើនឡើងហានិភ័យឆ្លងរោគក្រោយចាក់វ៉ាក់សាំង ក៏កើតមានឡើងដែរ ដោយអ្នកដែលបានចាក់វ៉ាក់សាំងកាលពីឆ្នាំមុន អាចនឹងរងផលប៉ះពាល់នៃការថយចុះនៃភាពស៊ាំ និងត្រូវការដូសជំនួយជាចាំបាច់ ដើម្បីរក្សាកម្រិតនៃការការពារខ្ពស់»។
គណៈកម្មាធិការប្រឹក្សារបស់រដ្ឋបាល FDA នឹងជួបប្រជុំនៅថ្ងៃ សុក្រ ដើម្បីសម្រេចថាតើត្រូវផ្តល់អនុសាសន៍ថាឱ្យ និយតករអនុញ្ញាតឱ្យបង្កើនកម្រិតថ្នាំ BioNTech/Pfizer សម្រាប់ប្រជាជនប្រភេទណា។ រដ្ឋបាល FDA បានចុះហត្ថលេខាលើវ៉ាក់សាំងការផលិតវ៉ាក់សាំងប្រភេទ mRNA កម្រិតខ្ពស់ ដែលផលិតដោយក្រុមហ៊ុន Pfizer និង Moderna សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយ។
ឯកសារ ដែលត្រូវបានបោះពុម្ពផ្សាយដោយរដ្ឋបាល FDA បង្ហាញថា ក្រុមហ៊ុន Pfizer បានស្នើសុំឱ្យនិយតករអនុម័តការចាក់វ៉ាក់សាំងរយៈពេល ៦ ខែ បន្ទាប់ពីពួកគេទទួលបានវ៉ាក់សាំងដូសទី ២។
នៅក្នុងការវាយតម្លៃដាច់ដោយឡែកមួយទៀត ស្ដីពីទិន្នន័យពីវ៉ាក់សាំង Pfizer រដ្ឋបាល FDA បាននិយាយថា ការថយចុះកម្រិតអង្គបដិប្រាណក្នុងចំណោមមនុស្ស ដែលបានចាក់វ៉ាក់សាំង អាចកើតមកពីការកើនឡើងករណីច្រើនពេក ជាពិសេសនៅរដូវក្តៅ ដោយសារការរីករាលដាលវ៉ារ្យ៉ង់ដែលតា។
រដ្ឋបាលប៊ីដិន បាននិយាយថា ខ្លួនចង់ចាប់ផ្តើមដំណើរការកម្មវិធីចាក់វ៉ាក់សាំងជំនួយនៅសប្តាហ៍ក្រោយរួមជាមួយប្រទេសជាច្រើនទៀត ដែលមានការព្រួយបារម្ភចំពោះការរីករាលដាលលើអ្នកចាក់វ៉ាក់សាំងហើយ។ ផែនការនេះ បានបង្ហាញពីភាពចម្រូងចម្រាស និងទាក់ទាញការរិះគន់ពីអ្នកវិទ្យាសាស្ត្រអាមេរិកកំពូល ២ រូប។
អ្នកវិទ្យាសាស្ត្រទាំង ២ នោះគឺលោក Philip Krause និងអ្នកស្រី Marion Gruber បានសហការគ្នាបង្កើតរបាយការណ៍មួយនៅសប្តាហ៍នេះ ដែលបានសន្និដ្ឋានថា មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃកម្មវិធីលើកកម្ពស់ការផ្គត់ផ្គង់ដូសជំនួយ ខណៈការផ្គត់ផ្គង់វ៉ាក់សាំងនៅទូទាំងពិភពលោកកំពុងមានភាពតឹងរឹងនៅឡើយ។
អ្នកស្រី Angela Hwang ប្រធានក្រុមហ៊ុន Pfizer Biopharmaceuticals Group លើកឡើងថា ទិន្នន័យ ដែលមានអាចគាំទ្រដល់កម្មវិធីលើកកម្ពស់ការការពារសាធារណជន និងជួយបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ និងរកឃើញក្នុងពេលឆាប់ៗនេះ។