ចិនប្រកាសពីជោគជ័យក្នុងបេសកកម្មយាន Shenzhou-12 បន្ទាប់ពីអវកាសយានិកចិន៣រូបចុះមកដល់ផែនដីវិញដោយសុវត្ថិភាព
ប៉េកាំង៖ ប្រទេសចិនបានប្រកាសនៅថ្ងៃសុក្រនេះថា បេសកកម្មនៅទីអវកាសរបស់យាន ហ្សិនចូវ-១២ (Shenzhoun-12) ទទួលបានជោគជ័យទាំងស្រុងហើយ ស្របពេលដែលអវកាសយានិកចិនទាំង៣រូបបានចុះមកដល់លើផ្ទៃផែនដីវិញដោយសុវត្ថិភាព បន្ទាប់ពីការបំពេញបេសកកម្មក្នុងទីអវកាសអស់រយៈពេល ៣ ខែ។
បន្ទប់ ឬ ខាប់ស៊ុល (Capsule) របស់យានអវកាស ហ្សិនចូវ-១២ ដែលផ្ទុកក្រុមអវកាសយានិកចិន បានចុះមកដល់ដោយសុវត្ថិភាព នៅទីតាំងចុះចត តុងហ្វឹងស្ថិតក្នុងតំបន់ស្វយ័ត អ៊ីនណឺ ម៉ុងហ្គោលី ភាគខាងជើងប្រទេសចិន នារសៀលថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។ ក្រុមអវកាសយានិកចិនទាំងរូបនេះមានដូចជាលោក Nie Haisheng លោក Liu Boming andលោក Tang Hongbo ដោយពួកគេស្ថិតក្រោមលក្ខខណ្ឌល្អទាំងអស់គ្នា។
ក្រុមអវកាសយានិកចិនបានជិះយានអវកាស ហ្សិនចូវ-១២ ចេញពីកំណាត់បន្ទប់ស្ថានីយអវកាស ធានហឺ (Tianhe) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីត្រឡប់ចុះមកកាន់ផ្ទៃផែនដីវិញ។ ពួកគេត្រូវបានបានបញ្ជូនឡើងទៅកាន់កំណាត់បន្ទប់ស្ថានីយអវកាស Tianhe កាលពីអំលុងខែមិថុនា ឆ្នាំ២០២១ ក្នុងបេសកកម្មមួយ ដែលជាផ្នែកនៃកិច្ចប្រឹងប្រែងសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនដំបូងរបស់ចិន៕ ប្រភព៖ CGTN