ផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំមួយកន្លែងជាប់ផ្លូវថៃហ្គរ ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះឆ្នៃពីទូកុងតឺន័រដ៏ធំ ដែលនៅជាប់ផ្លូវថៃហ្គរ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់កាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ទិត្យ ភក្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបប បុកគ្រិះ ។
តាមសម្ដីបុរសជាម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកេីតហេតុ រូបគាត់និងប្រពន្ធកូន បានសម្រាកក្នុងផ្ទះដូចសព្វដង ។ ក្រោយមកស្រាប់តែមានផ្សែងហុយពីខាងក្រៅផ្ទះ រួចគាត់ក៏ចេញមកមេីលស្រាប់តែភ្លេីងឆាបឆេះសម្ភារៈមួយចំនួន ទេីបបុរសជាម្ចាស់ផ្ទះបានយកបំពង់ពន្លត់អគ្គីភ័យមកបាញ់អស់ចំនួន៣បំពង់ តែមិនរលត់ ក៏ទាក់ទងទៅអាជ្ញាធរមូលដ្ឋានឲ្យជួយចេញរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាមៗ រដ្ឋបាលខណ្ឌច្បារអំពៅ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿង និងមានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងទៀតរបស់ក្រុមហ៊ុនបុរីប៉េងហួត ចុះមកជួយបាញ់ទឹកពន្លត់ដែរ តែក្នុងករណីអគ្គីភ័យខាងលេីនេះ អាជ្ញធរមូលដ្ឋានខណ្ឌចំការមនបានប្រេីពេលតែកន្លះម៉ោង និងប្រេីប្រាស់ទឹកតែ១ឡានប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ម្ចាស់ផ្ទះរងគ្រោះបានប្រាប់ឲ្យដឹងដែរថា មូលហេតុនៃការឆាបឆេះនោះគឺ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហេីយបានបាត់បង់សម្ភារៈមានតម្លៃជាច្រេីន និងសុទ្ធមួយចំនួនទៀត សរុបជាទឹកប្រាក់ជិត១មុឺនដូល្លារ ៕ដោយ ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner