ក្រុមហ៊ុនកូកា-កូឡាកម្ពុជាចូលរួមផ្សព្វផ្សាយវិធានការ ៣ ការពារ ៣កុំ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជាចូលរួមជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំផលិតផ្ទាំងបដាផ្សព្វផ្សាយ ក្រោមខ្លឹមសារចូលរួមអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រមទាំងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីជាការចូលរួមចំណែកក្នុងការជំរុញការយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅតាមបណ្តាវត្តអារាមទូទាំង២៥ រាជធានី-ខេត្ត។ 

ផ្ទាំងបដាអប់រំផ្សព្វផ្សាយ ដែលជាការរួមចំណែករបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ត្រូវបានប្រគល់ជូនគណៈកម្មការទី៧នៃរដ្ឋសភា និង ស.ស.យ.ក ដោយមានការចូលរួមប្រគល់-ទទួលដោយកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ដែលគ្រោងនឹងចងនៅតាមបណ្តាវត្តអារាមនានានៅទូទាំងប្រទេស តាមរយៈក្រុមការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា មុនថ្ងៃកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនបានលើកឡើងថា យើងខ្ញុំមានសេចក្តីរីករាយណាស់ ដែលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានអនុញ្ញាតឱ្យប្រារព្វតាមប្រពៃណីជាតិ  បន្ទាប់ពីកម្ពុជាសម្រេចបានអត្រាការចាក់វាក់សាំងកូវីដ-១៩ខ្ពស់គួរជាទីមោទន។ យ៉ាងណាក៏សូមឱ្យបងប្អូនទាំងអស់រីករាយដោយប្រកាន់ខ្ជាប់នូវ៣ការពារជានិច្ច ដើម្បីសុខសុវត្ថិភាព ហើយយើងខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចប្រារព្វពិធីបុណ្យជាតិធំៗទាំងឡាយទៀត តាមគន្លងថ្មីក្នុងបរិបទកូវីដ-១៩នេះ។ ឯកឧត្តម ខៀវ ភារិទ្ធ លេខាធិការ តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា មានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុនកូកា-កូឡាកម្ពុជាដែលបានចូលរួមឧបត្ថម្ភដល់គណៈកម្មការក្នុងការបោះពុម្ពបដានេះឡើង ដើម្បីជាការបញ្រ្ជាបសារអប់រំ និងក្រើនរំឭកដល់លោកយាយ លោកតា អ៊ុ ពូ មីង បងប្អូនដែលមកធ្វើបុណ្យនៅតាមទីវត្តអារាមឱ្យចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ ៣កុំ។ ឯកឧត្តមបានបន្ថែមថា «កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជាការរួមចំណែកដល់យុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប៉ុណ្ណោះទេ តែក៏ជាបុណ្យកុសលដ៏ថ្លៃថ្លាមួយផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនកូកា-កូឡាកម្ពុជាកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន អង្គការក្រៅរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ក្នុងការផ្តល់ជំនួយបន្ទាន់ស្បៀង១០,០០០កញ្ចប់ សម្រាប់ចែកជូនដល់កម្មករកម្មរិនីរោងចក្រដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ ដែលត្រូវបានបិទខ្ទប់អំឡុងដើមខែឧសភា ឆ្នាំ២០២១ និងបេសកកម្មក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អាជ្ញាធរមូលដ្ឋានតាមបណ្តាខេត្ត ក៏ដូចជាការចូលរួមអប់រំ ផ្សព្វផ្សាយនូវវិធានការ ៣កុំ ៣ការពារជាផ្ទាំងផ្សព្វផ្សាយមាននៅទីសាធារណៈនានារួចមកហើយ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner