កម្ពុជាធ្វើជាសហប្រធានជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្ដូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣

ភ្នំពេញៈ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) បានធ្វើជាសហប្រធានជាមួយប្រទេសស្លូវេនី ដែលជាប្រធានប្ដូរវេនក្រុមប្រឹក្សាអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣ កាលពីថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១តាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបចំនួន៥១រូប ព្រមទាំងតំណាងជាន់ខ្ពស់មកពីលេខាធិការដ្ឋានអាស៊ាន សហភាពអឺរ៉ុប និងនាយកប្រតិបត្តិមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញានេះ។

ក្រសួងការបរទេសបានបន្តថា កម្ពុជាបានជម្រាបជូនអង្គប្រជុំថា កម្ពុជាបានផ្ញើលិខិតអញ្ជើញផ្លូវការជូនថ្នាក់ដឹកនាំនៃដៃគូ ASEM ទាំងអស់ ចូលរួមកិច្ចប្រជុំកំពូល ASEM13 រួចហើយ។ រហូតមកដល់ពេលនេះ ថ្នាក់ដឹកនាំ ASEM មួយចំនួន ក្នុងនោះរួមទាំងប្រធានក្រុមប្រឹក្សាអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន ផងដែរ បានបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូល ASEM13 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ វិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ 

ក្នុងអំឡុងពេលនៃកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ី-អឺរ៉ុបលើកទី៣ រយៈពេលពីរថ្ងៃនេះ ឧត្តមមន្រ្តី ASEM បានពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 ដែលឯកសារនេះនឹងត្រូវយកមកអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលខាងមុខ។ ឧត្តមមន្រ្តី ASEM បានឯកភាពឱ្យបន្តមានកិច្ចប្រជុំចរចារលើខ្លឹមសារនៃសេចក្ដីព្រាងនេះទៀត តាមពេលសមស្របណាមួយ ក្នុងខែកញ្ញានេះ ដើម្បីពិភាក្សាបញ្ហាដែលនៅសេសសល់មួយចំនួន។ 

ឧត្តមមន្រ្តីទាំងអស់សម្ដែងនូវការកោតសរសើរដ៏ស្មោះជូនចំពោះ កម្ពុជា និងស្លូវេនី ដែលបានធ្វើសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីនេះ និងដែលបានបន្តរក្សាសន្ទុះ ASEM ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ប្រកបដោយជោគជ័យ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner