គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្ត្រីរាជការ និងប្រជាពលរដ្ឋមួយចំនួនទៀត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទីក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR និងត្រូវបានទទួលស្គាល់ថាជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។
ឯកឧត្តមបានបន្តថាស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។
-ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧.២00 ម៉ែត្រគូប ក្នុងមួយថ្ងៃ។
-ចំណែកឯស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដែលកំពុងបើកការដ្ឋានសាងសង់នៅពេលនេះ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២០.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សាងសង់ដោយក្រុមហ៊ុន XWATER TECHNOLOGY CO.,LTD ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា មូលហេតុដែលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។

តាមការចង្អុលបង្ហាញពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវថែរក្សាឆ្នេរសមុទ្រកម្ពុជាឱ្យនៅគង់វង្សដែលជាឱកាស និងមោទនភាពក្នុងការការពារថែរក្សា។ ហើយក្នុងម្លប់សន្តិភាពយើងមានឱកាសធ្វើការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ចាត់ចែងអនុវត្តគម្រោង និងសាងសង់ដោយក្រុមហ៊ុន Xwater Technology Co,Ltd ។

តាមរយះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស្ថានីយ៍ប្រព្រឹត្តកម្មនេះជាដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ របស់អ៉ីស្រាអែល MABR វាមានលទ្ធភាពដកអាម៉ូញាក់ កាបូនឌីអ៊ុកស៉ីត បាក់តេរី និងសារធាតុពុល ហើយទឹកដែលប្រព្រឹត្តកម្មរួច មិនមានជាតិពុលដល់បរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ វាមានគុណភាពប្រកបដោយស្តង់ដារខ្ពស់ និងជាស្នាដៃរបស់កូនខ្មែរ គឺខ្មែរធ្វើបាន។ ស្ថានីយប្រព្រឹត្តកម្មនេះផ្តល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមដល់ខេត្តព្រះសីហនុ ធ្វើឱ្យបរិស្ថានល្អ សោភ័ណភាព និងទទួលបានភ្ញៀវទេសចរច្រើននាពេលខាងមុខ។

សូមបញ្ជាក់ថា បន្ទាប់ពីកម្មវិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យទីលានតេជោ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី2 (PS2) និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី១ (PS1)ផងដែរ។

ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ទីតាំងផ្សេងទៀត ក្នុងនោះ ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ ក្រុងព្រះសីហនុ (១៦ ហិកតា)៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner