អង្គការ សមាគម សភាសហព័ន្ធ និងសហព័ន្ធនិស្សិត នៅកម្ពុជាចំនួន៦ រួមគ្នាស្វែងយល់ពីវប្បធម៌ចិនស្តីពីពិធីបុណ្យសែនព្រះខែ

ភ្នំពេញ៖ កាលពីសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ អង្គការ សមាគម សភាសហព័ន្ធ និងសហព័ន្ធនិស្សិត នៅកម្ពុជា ចំនួន៦ រួមមាន សមាជិកតំណាងមកពី សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សហព័ន្ធ និស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា អង្គការស្មារតីកីឡា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងអង្គការពន្លឺអភិវឌ្ឍន៍ដើម្បីជនក្រីក្រ បានរៀបចំកម្មវិធីឈ្វេងយល់ពីវប្បធម៌ចិនស្តីពី ពិធីបុណ្យសែនព្រះខែ នៅមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា ស្វិតនៅក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ។

លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា   បានបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌ចិនត្រូវបានសម្ពោធស្លាកជាផ្លូវការនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ី ជីនភីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ មជ្ឈមណ្ឌលនេះផ្តោតជាសំខាន់ក្នុងការចែករំលែកនូវពុទ្ធិនិងបទពិសោធន៍ពីវប្បធម៌ចិនជូនដល់ប្រជាជនកម្ពុជានិងមិត្តភក្តិបរទេសនៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះ ជាការចូលរួមជាមួយគ្នាក្នុងការចែករំលែកពីជ្រុងមួយនៃវប្បធម៌ចិនស្តីពីពិធីសែនព្រះខែប្រពៃណីជនជាតិចិន។

 លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងអំណរគុណដល់បណ្តាសង្គមស៊ីវិលទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនេះក្នុងគោលបំណងពង្រឹងនិងពង្រីកចំណងទាក់ទងដែកថែបរវាងប្រជាជាតិយើងទាំងពីរ កម្ពុជានិងចិន ហើយក៏ជាការចូលរួមយល់ដឹងបន្ថែមក្រៅពីរឿងព្រេងទាក់ទងនឹងពិធីសែនព្រះខែ គឺការយល់ដឹងពីបច្ចេកវិទ្យាយានអវកាសចិនដែលកំពុងរីកលូតលាស់យ៉ាងខ្លាំងក្លា ដែលជាពិសេសរឿងរ៉ាវដែលយានអវកាសចិនទើបវិលត្រឡប់មកពីឋានព្រះចន្ទវិញ។

ព្រះតេជគុណ Zhao Xing អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិនបានថ្លែងនូវការកោតសរសើរចំពោះសាមគ្គីភាពនិងការចែករំលែកឱ្យគ្នាទៅវិញទៅមកក្នុងនាមជាដៃគូសង្គមស៊ីវិលដើម្បីរួមចំណែកបម្រើដល់ផលប្រយោជន៍របស់ប្រជាជន។

លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជាបានសាទរនឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្រោមកិច្ចសហការយ៉ាងល្អរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ ហើយក៏បន្តលើកទឹកចិត្តដល់សង្គមស៊ីវិលរបស់ចិនក្នុងការចូលរួមចំណែកចែករំលែកនិងជួយដល់សង្គមស៊ីវិលនានារបស់កម្ពុជាក្នុងការចូលរួមបំពេញនូវតម្រូវការជាក់ស្តែងរបស់ប្រជាជននៅមូលដ្ឋានផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner