ថ្នាក់ដឹកនាំ និងសមាជិកអតីតបក្សសង្គ្រោះជាតិ ១០០នាក់ អស់ជំនឿលើមេដឹកនាំរបស់ខ្លួន បានស្ម័គ្រចិត្ត សុំចូលរួមរស់ក្នុងជីវភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ

ខេត្តព្រះវិហារ ៖ សមាជិកគណៈអចិន្ត្រៃ គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ បានប្រកាសស្វាគមន៍ និងទទួលស្គាល់សមាជិកបក្សប្រជាជនថ្មី ១០០នាក់ គឺជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្តសុំចូលមករួមរស់ ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ។
ការប្រកាសស្វាគន៍ទទួលស្គាល់សមាជិកបក្សប្រជាជនថ្មី របស់ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា ក្រោយពេលថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ ១០០នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន រួចរាល់នៅពេលថ្មីៗកន្លងមកនេះ និងស្របពេលដែលសមិទ្ធិផល ស្នាក់ការបក្សប្រជាជន ១ខ្នង ដែលទើបសង់ឡើងក្នុងតម្លៃទឹកប្រាក់ជាង ១១១លានរៀល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២១ ស្ថិតក្នុងឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី ។
ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី លោក សំ លាងទ្រី បានឲ្យដឹងថា អគារស្នាក់ការបក្សប្រជាជន ១ខ្នងនេះ សង់ឡើងក្នុងទំហំទទឹង ៩ម៉ែត្រ បណ្តោយប្រវែង ១០.៥ម៉ែត្រ ស្មើនឹង ៩៤ម៉ែត្រការ៉េ និងមានកម្ពស់ ៦.១ម៉ែត្រ សង់លើផ្ទៃដីទំហំ ៥០ម៉ែត្រ និងផ្ទៃទទឹង ៣២.៧០ម៉ែត្រ ធ្វើពីថ្ម ដំបូលប្រក់ក្បឿង និងក្រាលការ៉ូ ចំណាយទឹកប្រាក់ក្នុងសាងសង់អស់ ១១១លាន ៦១ពាន់រៀល នៅក្នុងបរិវេណអគារ ១ខ្នងនេះ មានក្លោងទ្វារ បន្ទប់ទឹក ស៊ីទែនទឹក អណ្តូងទឹក បំពាក់គ្រឿងអគ្គិសនី សង់របងព័ទ្ធជុំវិញ និងក៏មានបំពាក់សម្ភារៈការិយាល័យ ផងដែរ។ លោកថា អគារនេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី២៩ តុលា ឆ្នាំ២០២០ និងបានបញ្ចប់នូវការសាងសង់ជាស្ថាពរ នៅថ្ងៃទី៥មករាឆ្នាំ២០២១។
ឯកឧត្តមទេសរដ្ឋមន្ត្រី មាស សុភា បានសម្តែងការដឹងគុណ ចំពោះឥស្សរជនកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ ការដឹកនាំបក្ស និងប្រទេសជាតិ ប្រកបដោយឆន្ទៈមុះមុត មានមនសិកាខ្ពស់ ក្នុងការបង្រួបប្រួមជាតិ ធ្វើឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងកសាងបាននូវសុខសន្តិភាព ជូនសង្គមជាតិ និងប្រជាជនកម្ពុជា។ ឯកឧត្តមបន្តថា ដូចនៅថ្ងៃនេះ យើងរួមគ្នាកសាងបាន នូវអគារស្នាក់ការគណបក្ស ដែលជាសមិទ្ធិផលថ្មី ១បន្ថែមទៀត សម្រាប់បម្រើវិស័យនយោបាយឲ្យបក្សប្រជាជន និងឯកឧត្តមបានប្រកាសស្វាគមន៍ សមាជិកថ្មី ១០០នាក់ ក្នុងចំណោម ៤០០នាក់ នៃថ្នាក់ដឹកនាំ និងសមាជិក សមាជិកា អតីតគណបក្សសង្គ្រោះជាតិ ដែលបានស្ម័គ្រចិត្ត សុំចូលមករួមរស់ក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ។ ឯកឧត្តមបានបញ្ជាក់ថា នៅមានចំនួន ៣០០នាក់ទៀត នឹងត្រូវប្រកាសបញ្ចូលជាសមាជិក សមាជិកាបក្សប្រជាជន នៅពេលខាងមុខនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner