វិសាខា និងភ្នំពេញក្រោន មិនអាចបន្តកំណត់ត្រាឈ្នះដូចគ្នា នៅជើងទី២ លីគកំពូលកម្ពុជា ២០២១

វិសាខា និងភ្នំពេញក្រោន មិនដែលចាញ់សោះ សម្រាប់១២ប្រកួត កាលពីជើងទី១ ប៉ុន្តែថ្ងៃបើកឆាកជើងទី២ បានប្រកួតចាញ់ជាលើកដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ដូចៗគ្នា កាលពីល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។


ក្រុមបឹងកេត ជាអ្នកបំបែកកំណត់ត្រាក្រុមកំពូលតារាងវិសាខា នាសប្តាហ៍ទី១៤នេះ ដោយឈ្នះក្នុងលទ្ធផល ២ទល់១ ក្រោយពីជួបគ្នា កាលពីជើងទី១ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយបឹងកេតចាញ់វិសាខា ១ទល់៥ ។ រីឯក្រុមព្រះខ័នរាជស្វាយរៀង ក៏បានបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-០ ដែរ ។

ឆ្លងកាត់១២ប្រកួត កាលពីជើងទី១ កន្លងទៅ មានតែពីរក្រុម គឺវិសាខា និងភ្នំពេញក្រោនទេ ដែលមិនស្គាល់ចាញ់ ប៉ុន្តែនៅជើងទី២នេះ គឺក្រុមទាំងពីរបានស្គាល់ចាញ់ដូចៗគ្នា ក្នុងថ្ងៃតែមួយ ។ មួយប្រកួតទៀត កាលពីថ្ងៃទី១៨ ខែកញ្ញា ក្រុមណាហ្គាវើលដ៏ បានបន្ដយកឈ្នះ ក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផល ៤-២ នៅកីឡដ្ឋានស្ដាតចាស់ ។

ដោយឡែក ២ប្រកួត កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់សប្តាហ៍ទី១៤ដូចគ្នាផងដែរ គឺក្រុមអាស៊ីអឺរ៉ុបយូណាយធីត បានប្រកួតចាញ់ ក្រុមខេត្តព្រៃវែង ១ទល់៤ ខណៈក្រុមទ័ព បានយកឈ្នះ គិរីវង់សុខសែនជ័យ ៣ទល់១ ។


សូមបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១៤ ក្រុមចំនួន៤ ដែលឈរលើកំពូលតារាងជាបន្តបន្ទាប់ ដែលមាន២៨ពិន្ទុដូចគ្នា រួមមាន៖ ព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន និងណាហ្គាវើលដ៍ ដោយក្រុមទាំងនេះបានបង្ហាញពីការប្រកួតប្រជែងដ៏ស្វិតស្វាញបំផុត សម្រាប់ឆ្ពោះទៅប្រជែងម្ចាស់ដំណែងជើងឯក ប្រចាំរដូវកាល ២០២១នេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner