មនុស្សចន្លោះពី៥ពាន់នាក់ទៅ១ម៉ឺននាក់បង្ខំចិត្តភៀសខ្លួន ចំពេលភ្នំភ្លើងមួយផ្ទុះឡើងនៅកោះ La Palma ប្រទេសអេស្ប៉ាញ
ម៉ាឌ្រីដ៖ ប្រជាជនចន្លោះពី៥ពាន់នាក់ទៅ១ម៉ឺននាក់ត្រូវបានបង្គាប់ឲ្យជម្លៀសចេញពីតំបន់ភ្នំភ្លើង ឃ្យូមប្រេ វីអេហូ (Cumbre Viejo) ស្ថិតនៅលើកោះ ឡា ប៉ាល់ម៉ា (La Palma) របស់ប្រទេសអេស្ប៉ាញ បន្ទាប់ភ្នំភ្លើងនៅលើនេះបានចាប់ផ្តើមផ្ទុះ និងបញ្ចេញកម្អែលយ៉ាងក្តៅគគុកនៅរសៀលថ្ងៃអាទិត្យម្សិលមិញ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez បានមកដល់កោះនេះនៅម៉ោងប្រហែល ៩ យប់ បន្ទាប់ពីលុបចោលគម្រោងធ្វើដំណើរទៅសហរដ្ឋអាមេរិក ជាទីដែលលោកនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រជុំកោះ Canary ដែលមានកោះ La Palma នៅក្នុងនោះ គឺជាដែនដីកម្មសិទ្ធិរបស់ប្រទេសអេស្ប៉ាញ ស្ថិតនៅក្នុងដែនសមុទ្រអាត្លង់ទិច នៃភាគពាយ័ព្យទ្វីបអាហ្វ្រិក។
បើតាមអាជ្ញាធរអេស្ប៉ាញ ការបង្គាប់ឲ្យមនុស្សម្នាជម្លៀសខ្លួនចេញត្រូវបានធ្វើឡើងបន្ទាប់ពីភ្នំភ្លើង Cumbre Viejo ផ្ទុះឡើងកាលពីវេលាម៉ោង ៣៖១២នាទីរសៀលថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់)។ ការផ្ទុះលើកនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរតាមដានសកម្មភាពភ្នំភ្លើងបានរាយការណ៍ថា កោះ La Palma ដែលជាកោះក្មេងជាងគេក្នុងតំបន់ប្រជុំកោះ កាណារី (Canary islands) បានរងការញ័ររញ្ជួយដីរហូតដល់ទៅជាង២ម៉ឺនដងនៅក្នុងរយៈពេល១សប្តាហ៍មកនេះ៕ ប្រភព៖ CGTN
![](https://asset.ams.com.kh/central/media/120623475_mediaitem120623474.jpg)
![](https://asset.ams.com.kh/central/media/972124-volcanotwo.webp)
![](https://asset.ams.com.kh/central/media/lapalma19sep21.jpg)
![](https://asset.ams.com.kh/central/media/fdfd.jpeg)
![](https://asset.ams.com.kh/central/media/ap21262752601442_custom-5372e4d3dcbd770eb3050a960f917664904bde97-1024x691.jpg)
![](https://asset.ams.com.kh/central/media/volcano-1024x683.webp)