ប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត បង្ហើបផែនការយុទ្ធសាស្រ្តធំៗ៣ ជួយជម្រុញអភិវឌ្ឍឲ្យអត្តពលកម្មមានសក្តានុពល នៅពេលខាងមុខ

ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធកីឡាអត្តពលកម្ម បានបញ្ជាក់ថា ក្នុងអាណត្តិរបស់ខ្លួនថា នឹងដាក់ចេញផែនការយុទ្ធសាស្រ្តចំនួន៣ធំៗ ដើម្បីប្រែក្លាយកីឡាអត្តពលកម្មកម្ពុជា ឲ្យមានសក្តានុពលលើឆាកអន្តរជាតិ និងមានប្រជាប្រិយភាពនៅឆាកជាតិ នៅពេលខាងមុខនេះ ។


ឯកឧត្តម សំហេង បុរស បង្ហើបថា ផែនការយុទ្ធសាស្រ្តទាំង៣នោះ គឺទី១- ស្វែងរកគ្រូជំនាញអត្តពលកម្ម បណ្តុះបណ្តាលនៅតាមសាលារៀនគោលដៅ ចាប់ពីកម្រិតបឋមសិក្សា ដើម្បីបណ្តុះធន ធានឆ្នើមល្អ សម្រាប់កម្ពុជា ត្រៀមការប្រកួតកម្រិតអន្តរជាតិ ។ ទី២- បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងឲ្យបានច្រើន ក្នុងមួយឆ្នាំៗ ដើម្បីធ្វើតេស្តសមត្ថភាពប្រចាំខែ តាមវិញ្ញាសានីមួយៗ តាមក្លិប និងសមាគមន៍ដើម្បីត្រៀមប្រកួតជែងថ្នាក់ជាតិ ប្រកបដោយមានគុណភាព ។ និងចំនុចទី៣- បង្កើនប្រជាប្រិយភាពកីឡាអត្តពលកម្ម ដោយផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ប្រកួតធំៗ ដែលទាក់ទាញ ដូចជាការប្រកួតបាល់ទាត់កម្រិតជាតិ និងអន្តរជាតិ ដើម្បីឲ្យអ្នកគាំទ្រមើលឃើញ និងចង់លេងកីឡាអត្តពលកម្ម ។


ឯកឧត្តម សំហេង បុរស អះអាងថា យុទ្ធសាស្រ្តធំៗទាំង៣នេះ នឹងចាប់ផ្តើមអនុវត្ត នៅក្នុងឆ្នាំ២០២២ខាងមុខនេះ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជា ។


សូមបញ្ជាក់ថា ឯកឧត្តម សំហេង បុរស ជាប់ជាប្រធានសហព័ន្ធកីឡាអត្តពលកម្ម ក្នុងអាណត្តិទី៧ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ហើយឯកឧត្តមប្រធាន បានយ៉ាងមុតមាំសន្យាថា នឹងប្រែក្លាយកីឡាដែលខ្សត់កីឡាករ កីឡាការិនីមួយនេះ ឲ្យក្លាយជាកីឡាដ៏មានប្រជាប្រិយភាព ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner