ប្រមុខក្រសួងការពារជាតិចេញសារចរណែនាំស្ដីពីការអនុវត្តវិធានការប្រមូលពន្ធនិងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ស្លាក ខ.ម
ភ្នំពេញៈក្រសួងការពារជាតិបានធ្វើការណែនាំស្ដីពីការអនុវត្តវិធានការប្រមូលពន្ធនិងប្តូរចង្កូតពីស្ដាំមកឆ្វេងលើយានជំនិះគ្រប់ប្រភេទដែលកំពុងប្រើប្រាស់ស្លាកលេខកងយោធពលខេមរភូមិន្ទ(ខ.ម)និងឲ្យបណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទត្រូវអនុវត្តឱ្យបានល្អប្រសើរនិងម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ជាលើកចុងក្រោយ។នេះយោងតាមសារាចរណែនាំដែលចុះហត្ថលេខាដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ នេះ។
![](https://asset.ams.com.kh/central/media/photo_2021-09-20_16-55-49-1024x682.jpg)
សារាចរណែនាំបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹងលេខ ៧៤៩០ សហវ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សេចក្តីជូនដំណឹងលេខ១៩៨៣/២១ អ.គ.រ ចុះថ្ងៃទី០៩ខែកញ្ញាឆ្នាំ២០២១របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងយោងតាមស្មារតីនៃកិច្ចប្រជុំនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ (ZOOM.Meeting) ក្រោមអធិបតីភាពនាយឧត្តមសនីយ៍ អគ្គមេបញ្ជាការន កងយោធពលខេមរភូមិន្ទ។
ក្រសួងការពារជាតិដាក់ចេញនូវសារាចរណែនាំដែលមានខ្លឹមសារដូចខាងក្រោម៖
១- បណ្តាស្ថាប័នកងឯកភាពទូទាំងកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានល្អប្រសើរ និង ម៉ឺងម៉ាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះយានយន្តឯកជនដែលជ្រកក្រោម ស្លាកលេខ កងយោធពលខេមរភូមិន្ទ (ខ.ម) ដើម្បីឱ្យម្ចាស់ចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ ។
២- អនុវត្តការប្តូរចង្កូតពីស្ដាំមកឆ្វេងឱ្យបានទាន់ពេលវេលាកំណត់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
៣- ការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ស្លាកលេខ ខ.ម អាចដំណើរការបានចំពោះយានយន្តដូចខាងក្រោម៖
- យានយន្តដែលរដ្ឋបំពាក់ យានយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ យានយន្តជាអំណោយពីសប្បុរសជន ដែលបានបំពេញកាតព្វកិច្ចពន្ធរួចរាល់ យានយន្តកម្មសិទ្ធរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែរច្នៃរៀបតម្លើងសារជាថ្មី យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ យានយន្តដែលនាយទាហានប្រើប្រាស់ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូល ក្នុងក្របខណ្ឌរដ្ឋដោយបានបំពេញកាតព្វពន្ធរួចរាល់។
៤- ចំពោះយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្ដី ជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិនឹងរក្សាទុកឱ្យប្រើប្រាស់ជាធម្មតា។ ក្នុងករណីយានយន្តឯកជនពាក់ស្លាកលេខ ខ.ម ហើយមិនបានទៅបំពេញកាតព្វកិច្ចពន្ធតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងការពារជាតិនឹងធ្វើការនិរាករណ៍ស្លាកលេខ ដែលបានបំពាក់កន្លងមកដោយស្វ័យប្រវត្តិ។
៥- អគ្គនាយកដ្ឋានយោធសេវាសហការជាមួយស្ថាប័នកងយោធពលខេមរភូមិន្ទ រៀបចំឯកសារ និងកម្មវិធីធ្វើការចុះផ្សព្វផ្សាយ អប់រំណែនាំ ឱ្យស៊ីជម្រៅដល់បណ្តាអង្គភាពទូទាំងកងយោធពលខេមរភូមិន្ទ។
ទទួលបានសារាចរណែនាំនេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ ក្រសួងការពារជាតិ អគ្គនាយក អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស មេបញ្ញាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស អគ្គនាយក អគ្គនាយកដ្ឋាន នាយក នាយកដ្ឋាន ប្រធានស្ថាប័ន មេបញ្ជាការកងឯកភាពដែលមានការពាក់ព័ន្ធត្រូវអនុវត្តសារាចរណែនាំនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ ដោយៈ ពល ជ័យ