មេដឹកនាំពិភពលោកនៅមហាសន្និបាត អ.ស.ប នឹងផ្ដោតលើកូវីដ១៩ និងអាកាសធាតុ
នៅសប្ដាហ៍នេះមេដឹកនាំពិភពលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រាប់សម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដោយមានការផ្ដោតទៅលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការរីករាលដាលជំងឺកូវីដ-១៩ ដែលកាលពីឆ្នាំមុនបានបង្ខំឱ្យមហាសន្និបាតរៀបចំជាសន្និសីទវីដេអូ។
ដោយសារនៅមានការផ្ទុះឡើងជំងឺកូវីដ-១៩ ខណៈពេលដែលមានវិសមភាពវ៉ាក់សាំង គេរំពឹងថាប្រមាណមួយភាគបីនៃសមាជិក UN ១៩៣ប្រទេសនឹងមិនអាចចូលរួមដោយផ្ទាល់បានទេ ប៉ុន្តែប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៃសមាជិកដទៃទៀតនឹងធ្វើដំណើរទៅទីក្រុងញូវយ៉ក។
សហរដ្ឋអាមេរិក បានព្យាយាមរារាំងមេដឹកនាំបរទេសមិនឱ្យមកទីក្រុងញូវយ៉កក្នុងគោលបំណងបង្ការមហាសន្និបាតអង្គការសហប្រជាជាតិមិនឱ្យក្លាយជា «ព្រឹត្តិការណ៍ចម្លង» ប៉ុន្តែលោកប្រធានាធិបតីចូ បៃដិននឹងធ្វើការថ្លែងសុន្ទរកថាដោយផ្ទាល់ ដែលជាលើកដំបូងចាប់តាំងពីលោកចូលកាន់តំណែង។
អង្គការសហប្រជាជាតិបានអនុវត្តប្រព័ន្ធកិត្តិយស ដោយការដើរចូលក្នុងសាលមហាសន្និបាតគឺជាការប្រកាសថាខ្លួនបានចាក់វ៉ាក់សាំងជំងឺកូវីដ-១៩រួចរាល់ ប៉ុន្តែមិនចាំបាច់បង្ហាញភស្តុតាងបញ្ជាក់ទេ។ ប្រព័ន្ធនេះនឹងមិនត្រូវបានគោរពដោយប្រធានាធិបតីប្រេស៊ីលលោកជែរ បូលសូណារ៉ូ ដែលបានបដិសេធមិនទទួលវ៉ាក់សាំង។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអាន់តូនីញ៉ូ ហ្គូទេរ៉េសបាននិយាយថាលោកនឹងជំរុញផែនការសកលដើម្បីជំរុញការចាក់វ៉ាក់សាំងជូន ៧០ ភាគរយនៃប្រជាជនពិភពលោកត្រឹមឆមាសទីមួយឆ្នាំក្រោយ។
ប៉ុន្តែមុនពេលសុន្ទរកថាប្រចាំឆ្នាំចាប់ផ្តើមលោកហ្គូទេរ៉េស និងនាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុននឹងធ្វើកិច្ចប្រជុំកំពូលដើម្បីព្យាយាមជួយសង្គ្រោះកិច្ចប្រជុំកំពូលការប្រែប្រួលអាកាសធាតុ ដែលគ្រោងនឹងរៀបចំក្នុងស្កុតឡេន នៅដំណាច់ខែតុលា។
យ៉ាងណាមិញ ដោយសារការរីករាលដាលជំងឺកូវីដ-១៩ឥតស្រាកស្រាន្តនៅឡើយ ទំហំគណៈប្រតិភូប្រទេសនីមួយៗត្រូវបានកាត់បន្ថយយ៉ាងខ្លាំង ហើយព្រឹត្តិការណ៍ភាគច្រើននៅខាងក្រៅមហាសន្និបាតនឹងរៀបចំជាសន្និសីទវីដេអូ និងសន្និសីទកូនកាត់វីដេអូ និងចូលរួមផ្ទាល់៕




ប្រភព៖ Reuters