រាជធានី-ខេត្ដមួយចំនួន អាចរងជំនន់ទឹកភ្លៀង (Video Inside)
ក្រសួងធនធានទឹកនិងឧតុនិយម បានជួនដំណឹងការប្រុងប្រយ័ត្នករណីភ្លៀងនាំទឹកជំនន់ដែលនឹងអាចកើត ឡើងក្នុងរាជធានីនិងតាមបណ្តាខេត្តមួយចំនួនក្នុងសប្តាហ៍នេះ។ ការជួនដំណឹងប្រុងប្រយ័ត្ន គឺនៅទន្ទឹមនឹងការ ព្យាករបានបង្ហាញថាកម្ពុជានឹងរងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា, ខ្យល់មូសុងនិរតីខ្សោយ និងនៅថ្ងៃទី២៤ខែ
កញ្ញាជិតមកដល់នេះទៀត នឹងអាចមានវិសម្ពាធមួយកើតឡើងនៅសមុទ្រចិនខាងត្បូង ដែលនឹងអាចបង្កើន ឥទ្ធិពលរបស់ខ្លួនទៅ ជាកូនព្យុះទី១៥។ កូនព្យុះទី១៥នោះ នៅថ្ងៃទី២៥កញ្ញា នឹង ធ្វើដំណើរឆ្ពោះមកប្រទេស វៀតណាម ដែលនឹងអាចបង្កការធ្លាក់ភ្លៀងនៅតំបន់ភាគឦសានរបស់កម្ពុជា ។
យោងតាមការព្យាករណ៍រវាងពីថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា, តំបន់វាលទំនាប នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងនៅក្នុងភូមិ សាស្តរាជធានីភ្នំពេញ ,ខេត្ត កណ្ដាល ,ខេត្ដកំពង់ស្ពឺ ,ខេត្ដពោធិ៍សាត់ ,ខេត្ដបាត់ដំបង ,ខេត្ដប៉ៃលិន និងខេត្តបន្ទាយមានជ័យ ។
ចំណែកតំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ ផ្ទៃមេឃអាប់អូរមានពពកច្រើន, មានអ័ព្ទផ្សែង និង អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើននៅក្នុងភូមិសាស្ត្រស្រុកវាលវែងក្នុងខេត្តពោធិ៍សាត់, នៅខេត្ដឧត្ដរមានជ័យ, ខេត្ដព្រះវិហារ និងខេត្តកំពង់ធំ តាមរយៈស្ទឹងសែនដែលអាចនឹងបង្កទៅជាទឹកជំនន់ឡើង ភ្លាមៗបាន ។
ចំណែកតំបន់មាត់សមុទ្រនោះវិញ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំជា មួយ ខ្យល់កន្ត្រាក់ មានល្បឿនមធ្យម ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពិសេស ផ្លូវជាតិលេខ៤ អាចគំរាមកំហែងដោយជំនន់ទឹកភ្លៀង ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ និងរលក សមុទ្រមានកម្ពស់មធ្យមផងដែរ ៕