រយៈពេល៨ខែនាំចេញសម្លៀកបំពាក់បានជាង៥ពាន់ដុល្លារ (Video Inside)
កម្ពុជាទទួលបានចំណូលជាង៥ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ នៅរយៈពេល៨ខែឆ្នាំនេះ ។ យោងតាមទិន្នន័យក្រសួងពាណិជ្ជកម្ម ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា ចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ៥ពាន់២១លាន៨សែន៨ម៉ឺន៩ពាន់៤៤២.៩៩ ដុល្លារ ដែលកើនជាង ១៦០លានដុល្លារ ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ។
ទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជារួមមានៈ សហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, ជប៉ុន, ចក្រភពអង់គ្លេស និងទី ផ្សារ ផ្សេងៗមួយចំនួនទៀត។
អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បានបញ្ជាក់ថា រយៈពេលចុង ក្រោយនេះការបញ្ជាទិញសម្លៀកបំពាក់ មានស្ថានភាពល្អប្រសើរដែលជំរុញដល់កំណើននាំចេញសម្លៀកបំពាក់ នៅឆ្នាំនេះ។
សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានថ្លែងឲ្យដឹងដែរថា ការបញ្ជាទិញសម្លៀក បំពាក់ពីកម្ពុជា បានចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួនដូចប្រទេសប្រេស៊ីល, បង់ក្លាដេស និង ប្រទេសមីយ៉ាន់ម៉ា វៀតណាមជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ទើបធ្វើអ្នកបញ្ជាទិញសម្រុកមកបញ្ជា ទិញពីកម្ពុជាវិញ៕