អ្នកនាំពាក្យអគ្គស្នងការដ្ឋាន ប្រកាសថា យានយន្ត ៤៩១គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១

ភ្នំពេញ ៖ មានយានយន្តសរុបចំនួន ៤៩១គ្រឿង ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៣៦១គ្រឿង និងរថយន្ត ១៣០គ្រឿង ។ នេះបើតាមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បើតាមអ្នកនាំពាក្យ គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែកញ្ញា ក្នុងឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ១៥៩,៣៣០គ្រឿង ក្នុងនោះមានម៉ូតូ ១១៩,៣៣៦គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣៩,៩៩៤គ្រឿង ។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ទូរស័ព្ទ និងអត់ស្លាកលេខជាដើម ។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ ស្រវឹង លើសចំណុះ ទូរស័ព្ទ អត់ខ្សែក្រវាត់ ឆៀក អាជីវកម្មជាដើម ។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ ។

ឯកឧត្តម បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត ។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១៤លើក ក្នុងនោះស្លាប់ ១០នាក់ របួស ១៩នាក់ (របួសធ្ងន់ ១២នាក់)។ រយៈពេល ២៦៣ថ្ងៃមកនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១,៨១៧លើក បណ្ដាលឱ្យមនុស្សស្លាប់ ១,០១៥នាក់ របួស ២,៥០៣នាក់ (របួសធ្ងន់ ១,៥០៤នាក់) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner