មន្ត្រីរដ្ឋបាលជលផល៖ ប្រជាជនកម្ពុជាប្រមាណ១លាន៥សែននាក់កំពុងប្រកបមុខរបរក្នុងវិស័យជលផល

ភ្នំពេញ៖ មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា ប្រជាជនកម្ពុជានៅទូទាំងប្រទេសប្រមាណជា ១លាន៥សែននាក់បាននិង​កំពុ​ងប្រកបមុខរបរក្នុងវិស័យជលផលដោយផ្ទាល់ ហើយប្រមាណជា៤លាន៥សែននាក់ទៀតមានជាប់ទាក់ទងដោយប្រយោល។

ការឲ្យដឹងនេះគឺនៅក្នុងសិក្ខាសាលា ស្ដីពីការប្រកាសជាសាធារណៈនៅរបាយការណ៍ជំនួញ និងហិរញ្ញវត្ថុក្នុងការអភិវឌ្ឍវារីវប្បកម្ម ដោយបង្ហាញពីតថភាពជំនួញ, លទ្ធភាពរីកចំរើនបន្ថែម និងឱកាសទីផ្សារវារីវប្បកម្ម ដោយរួមទាំងអនុសាសន៍សម្រាប់ស្ថាប័នហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍផលិតផលរបស់ខ្លួន និងជាការចែករំលែកព័ត៌មានដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗ។ សិក្ខាសាលានេះ រៀបចំដោយអង្គការទស្សនៈពិភពលោក និងសមាគមសណ្តែកសៀងអាមេរិក ព្រមទាំងក្រុមហ៊ុន អ៊ីអឹមស៊ី កាលពីថ្មីៗនេះ។ លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផលបានលើកឡើងថា វិស័យជលផលបានដើរតួនាទីសំខាន់ណាស់ស​ម្រាប់ប្រជាជនកម្ពុជា ហើយក៏ជាប្រភពដ៏ចម្បងចាំបាច់សម្រាប់ម្ហូបអាហារប្រចាំថ្ងៃ និងក៏ជាប្រភពប្រាក់ចំណូលដ៏​មាន​សារៈសម្រាប់ប្រជាជនកម្ពុជាយើង។ លោកបន្តថា ប្រជាជនកម្ពុជាជិត៦លាននាក់មានជាប់ទាក់ទងនឹងវិស័យជលផល ហើយអ្នកដែលយកវិស័យជលផលជាមុខរបរអាជីពតែម្ដង មានប្រមាណ១លាន៥សែននាក់ ហើយប្រមាណ៤​លាន៥សែននាក់ទៀតមានជាប់ទាក់ទងដោយប្រយោល។ មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលរូបនេះបានលើកឡើងទៀតថា ទោះបីជាកម្ពុជាជាប្រទេស​មានភាព​អំ​ណោ​​​យផល លើវារីវប្បកម្មយ៉ាងណាក៏ដោយ តែវារីវប្បករយើងកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលត្រូវចូលរួមគ្នា​ដើម្បីដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ លោកបន្ថែមថា បញ្ហាប្រឈម ដែលវារីវប្បករជួបប្រទះនោះ រួមមាន៖ បញ្ហាចំណេះដឹង ការ​គ្រប់កសិដ្ឋានឲ្យបានត្រឹមត្រូវ កង្វះខាតទីផ្សារ មានការប្រកួតប្រជែងខ្ពស់ជាមួយប្រទេសជិតខាង ហើយបញ្ហា​ប្រឈ​ម​សំខាន់នោះ ដើមទុននេះតែម្ដង។

អនុប្រធានរដ្ឋបាលជលផលរូបនេះសង្ឃឹមថា តាមរយៈការរៀបចំសិក្ខាសាលានាពេលថ្មីៗកន្លងទៅនេះ នឹងផ្ដល់ព័ត៌​មាន​បន្ថែម និងអាចគន្លឹះសម្រាប់បងប្អូនវារីវប្បករដែលកំពុងប្រកបមុខរបរវារីវប្បកម្ម និងអ្នកពាក់ព័ន្ធទាំងឡាយអាចយកមកអភិវឌ្ឍន៍វារីវប្បកម្មនៅក្នុងប្រទេសកម្ពុជាផងដែរ៕ ប្រភព៖ កម្ពុជាថ្មី

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner