តើចិនអាចបន្តនាំមុខគេក្នុងការនាំចេញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានទៀតទេ?
ចាប់តាំងពីប្រទេសចិន បានអនុម័តវ៉ាក់សាំងកូវីដ -១៩ ចំនួន២ ដំបូងរបស់ខ្លួនសម្រាប់ការប្រើប្រាស់គ្រាអាសន្នរួចមក ប្រទេសនេះបានបង្កើនផលិតកម្មរបស់ខ្លួនយ៉ាងឆាប់រហ័ស ដើម្បីក្លាយជាប្រទេសនាំចេញវ៉ាក់សាំងការពារជំងឺដ៏ធំបំផុតរបស់ពិភពលោក។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន SCMP។
ក្រៅពីការចែកចាយវ៉ាក់សាំងដល់ប្រជាជនរបស់ខ្លួនជាង ១ពាន់លាននាក់រួចមក ប្រទេសចិនបាននាំចេញវ៉ាក់សាំងជាងមួយពាន់លានដូសបន្ថែមទៀត និងបានប៉ាន់ប្រមាណថាការនាំចេញវ៉ាក់សាំងសរុបរបស់ខ្លួន អាចឈានដល់២ពាន់លានដូសនៅឆ្នាំនេះ។
ប៉ុន្តែការបង្កើនការនាំចេញរបស់ប្រទេសនេះ ដើម្បីក្លាយជាតួអង្គសំខាន់នៅក្នុងទីផ្សារផលិតវ៉ាក់សាំង គេឃើញមានភាពចម្រូងចម្រាសជាពិសេសលើបញ្ហាខ្វះតម្លាភាព និងវិធីប្រមូលទិន្នន័យពីការសាកល្បងដំណាក់កាលចុងក្រោយ ដែលត្រូវបានចេញផ្សាយ។
ការប្រើប្រាស់បច្ចេកវិទ្យាប្រពៃណី ដើម្បីធ្វើឱ្យវ៉ាក់សាំងការពារមេរោគអសកម្មទាំងមូល (WIV) ជាកត្តាជួយជម្រុញឱ្យប្រទេសចិនផលិតវ៉ាក់សាំងបានឆាប់រហ័ស។ វ៉ាក់សាំងទាំងនេះបានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការស្លាប់ និងករណីធ្ងន់ធ្ងរ ប៉ុន្តែវាមានប្រសិទ្ធភាពតិចជាងអ្នក ដែលប្រើវ៉ាក់សាំងកម្រិតខ្ពស់ ដូចជាវ៉ាក់សាំង mRNA និងវ៉ាក់សាំងអនុប្រូតេអ៊ីន។
ដោយសារ ជម្រើសនៃការទិញយកប្រភេទវ៉ាក់សាំងកាន់តែច្រើនក្នុងប៉ុន្មានខែចុងក្រោយនេះ ប្រទេស កំពុងអភិវឌ្ឍន៍មួយចំនួន បានងាកទៅរកអ្នកផ្គត់ផ្គង់ផ្សេងទៀត ដោយសារការព្រួយបារម្ភអំពីប្រសិទ្ធភាព របស់ចិនប្រឆាំងនឹងវ៉ារ្យ៉ង់ដែលតា។
ក្រុមអ្នកជំនាញ បាននិយាយថា តួនាទីរបស់ប្រទេសចិន ដែលជាអ្នកផ្តល់វ៉ាក់សាំងកំពូលដល់ប្រទេសកំពុងអភិវឌ្ឍន៍នឹងមិនផ្លាស់ប្តូរទេនាពេលអនាគត ប៉ុន្តែការខិតខំរបស់ខ្លួន ដើម្បីក្លាយជាប្រទេសផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់ ដោយប្រើបច្ចេកវិទ្យាទំនើបជាងមុន ដូចជា mRNA នឹងអាស្រ័យលើរបៀប ដែលគេតេស្តបេក្ខជនថ្មី និងផ្ទៀងផ្ទាត់ទិន្នន័យ។
ប្រទេសនានា បានស្វះស្វែងរកវ៉ាក់សាំងពីប្រទេសចិននៅឆមាសទីមួយឆ្នាំនេះ ដោយសារបណ្តាប្រទេសលោកខាងលិចផ្តោតលើតម្រូវការក្នុងស្រុករបស់ពួកគេនៅក្នុងអ្វី ដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ទុកថាជា វ៉ាក់សាំងជាតិនិយម។ ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកទិញវ៉ាក់សាំងអសកម្ម Sinopham ចិន រួមមាន អារ៉ាប់រួម និងបារ៉ែន បានចាប់ផ្តើមប្រើវ៉ាក់សាំងពីប្រទេសផ្សេងធ្វើជាដូសជំនួយវិញ ក្រោយមានបារម្ភអំពីប្រសិទ្ធភាពនៃការវាយលុករបស់ចិនប្រឆាំងនឹងវ៉ារ្យ៉ង់ដែលតា។
តួរយ៉ាង ប្រទេសថៃកំពុងលាយដូស Sinovac ជាមួយថ្នាំ AstraZeneca ឯ អាហ្រ្វិកខាងត្បូង បានបដិសេធដូសស៊ីណូវ៉ាកចំនួន ២.៥ លានដូស ដែលបានចែកចាយដោយអង្គការ Covax ផងដែរ។
ប៉ុន្តែទោះយ៉ាងណាក្ដី អ្នកជំនាញបាននិយាយថា ទោះយ៉ាងណាគម្លាតនៃការផ្គត់ផ្គង់របស់ពិភពលោកនៅតែមានក្ដី វ៉ាក់សាំងអសកម្មរបស់ចិននឹងបន្តក្លាយជាប្រភពសំខាន់នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោក Huang Yanzhong នាយកមជ្ឈមណ្ឌលសិក្សាសុខភាពសកលនៅសាកលវិទ្យាល័យ Seton Hall ក្នុងរដ្ឋ New Jersey បាននិយាយថា វ៉ាក់សាំងចិននឹងនៅតែមានតម្រូវការខ្ពស់ ជាពិសេសប្រសិនបើ បស្ចិមប្រទេសខ្លះសំរេចចិត្តផ្តល់វ៉ាក់សាំង mRNA ធ្វើជាដូសជំនួយដល់ប្រជាជន។
រហូតមកដល់ពេលនេះ ប្រជាជនមួយភាគបីនៅលើពិភពលោក ទទួលបានវ៉ាក់សាំងពេញលេញហើយ ប៉ុន្តែចំនួនអ្នកទទួលវ៉ាក់សាំងដដែលនេះ បានធ្លាក់ចុះដល់ ១ ភាគរយក្នុងចំណោមប្រជាជនក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប។
ប្រទេសចិន បានផ្តោតការយកចិត្តទុកដាក់បន្ថែមលើពាណិជ្ជកម្មទ្វេភាគី ជាពិសេសដល់ប្រទេសជិតខាង ដែលជាយុទ្ធសាស្ត្រក្នុងការចែកចាយវ៉ាក់សាំងរបស់ខ្លួននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដោយការធ្វើបរិច្ចាគជាចំណែកតូចមួយនៃការនាំចេញវ៉ាក់សាំងសរុបរបស់ខ្លួន។
យោងតាមការស្ទង់មតិ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិនបានលក់វ៉ាក់សាំងបាន ១,២៤ ពាន់លានដូសទៅទីផ្សារក្រៅប្រទេស បើគិតត្រឹមខែកញ្ញា ខណៈវ៉ាក់សាំង ដែលបានបរិច្ចាគមានចំនួនត្រឹម ៦៦ លានដូសប៉ុណ្ណោះ។ ប្រទេសចិន បានសន្យាថានឹងបរិច្ចាគវ៉ាក់សាំង ១០០ លានដូសដល់មជ្ឍមណ្ឌល Covax នៅចុងឆ្នាំនេះ។
អ្នកជំនាញ បានលើកឡើងថា វ៉ាក់សាំងអនុក្រុមប្រូតេអ៊ីននៅតែមានសក្តានុពល ដើម្បីក្លាយជាជម្រើសដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
លោក John Moore សាស្រ្តាចារ្យអតិសុខុមជីវវិទ្យា និងប្រព័ន្ធភាពស៊ាំនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Weill Cornell នៅទីក្រុងញូវយ៉ក បាននិយាយថា វ៉ាក់សាំងប្រូតេអ៊ីន អាចមានប្រយោជន៍សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះវ៉ាក់សាំងប្រភេទនេះ អាចដឹកជញ្ជូនបានក្នុងសីតុណ្ហភាព ៤ អង្សារសេ ដោយមិនចាំបាច់ត្រូវការកន្លែងផ្ទុកត្រជាក់ពិសេស។
ទោះយ៉ាងណាក្ដី ប្រទេសចិនបច្ចុប្បន្នកំពុងអភិវឌ្ឍន៍ វ៉ាក់សាំងយ៉ាងសកម្ម ដោយប្រើបច្ចេកវិទ្យាទំនើបទាំងនេះ រួមទាំងវ៉ាក់សាំង mRNA និងវ៉ាក់សាំងប្រូតេអ៊ីនផងដែរ។
ប្រភព៖ SCMP