សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកលក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ»

ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកល ក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាត និងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយ ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១។ កិច្ចប្រជុំកំពូលនេះ នឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភពលោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ (draft Targets)។ នេះបើយងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សុន្ទរកថារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់បន្ទាន់ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់ និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និងសារៈសំខាន់ក្នុងការកំណត់នូវរាល់វ៉ាក់សាំងទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ ដោយគ្មានការរើសអើង។ សម្តេចតេជោ ក៏នឹងចែករំលែកដល់កិច្ចប្រជុំកំពូលផងដែរ អំពីមធ្យោបាយដ៏មានប្រសិទ្ធភាព និងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ឆ្លុះបញ្ចាំងនូវសាមគ្គីភាព និងការប្តេជ្ញាចិត្តដ៏រឹងមាំ និងម៉ឺងម៉ាត់របស់កម្ពុជា ជាមួយសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយស្មារតីថា«គ្មានអ្នកណាម្នាក់មានសុវត្ថិភាពនោះទេ រហូតដល់គ្រប់គ្នាមានសុវត្ថិភាព»៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner