សមាគមពុទ្ធសាសនិកកម្ពុជា-ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន​ប្រគល់សម្ភារៈវេជ្ជសាស្រ្តជូនដល់ក្រសួងធម្មការ និងសាសនា​ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19

ភ្នំពេញ៖ ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងធម្មការនិងសាសនាមានរៀបចំកម្មវិធីប្រគល់និងទទួលសម្ភារៈវេជ្ជសាស្រ្ត។
ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ឯកឧត្តមបណ្ឌិត ថោ គឿន អនុរដ្ឋលេខាធិការបានជម្រាបជូនអង្គពិធីថា ក្រសួងធម្មការនិងសាសនាតែងបានលើកទឹកចិត្តដល់បណ្តាអង្គការ សមាគម សហគមន៍សាសនាទាំងអស់រួមកម្លាំងគ្នាចូលរួមអភិវឌ្ឍជាតិក្រោមដំបូលសុខសន្តិភាព នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពពេញបរិបូរណ៍នៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះ ឯកឧត្តមបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្លាំងសាមគ្គីរវាងសមាគមពុទ្ធសាសនិកកម្ពុជា-ចិន សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបណ្តាក្រុមហ៊ុននានាដែលបានចូលរួមបរិច្ចាគនូវសម្ភារៈវេជ្ជសាស្រ្តនានាចូលរួមចំណែកជាមួយនឹងក្រសួងក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបជូនដល់អង្គពិធីថា ជានិច្ចកាលក្រៅពីការចែករំលែកនូវពុទ្ធិវិទ្យាសាស្រ្ត សមាគមតែងបានកៀងគរនូវសប្បុរសធម៌នានាពីបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិន និងបណ្តាក្រុមហ៊ុនសហគ្រាសចិនដែលកំពុងប្រតិបត្តិការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមចំណែកចែករំលែកនូវធនធានសម្ភារៈវេជ្ជសាស្រ្ត ដើម្បីចូលរួមដល់ក្រសួងធម្មការនិងសាសនាយកទៅចែកជូនដល់សាសនិកបរិស័ទ ដែលជាពិសេសគឺពុទ្ធបរិស័ទក្នុងរដូវកាន់បិណ្ឌប្រពៃណីជនជាតិខ្មែរ។ ព្រះតេជគុណ ចាវ ស៊ីន អនុប្រធានសមាគមពុទ្ធសាសនិកកម្ពុជា-ចិនបានមានថេរដីការថា អំណោយវេជ្ជសាស្រ្តនាថ្ងៃនេះ រួមមានម៉ាស់ចំនួន១០០០០បន្ទះ ទឹកសម្លាប់មេរោគចំនួន៥០លីត្រ ទឹកអូសាវែលចំនួន៥០លីត្រ និងថ្នាំបុរាណចិនលានហួរចំនួន២០០បន្ទះ។
ព្រះតេជគុណនឹងបន្តរួមសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនក្នុងការកៀងគរនូវថវិកា និងសម្ភារៈដើម្បីចូលរួមចំណែកជាមួយក្រសួងធម្មការនិងសាសនាក្នុងកិច្ចបំពេញបាននូវតម្រូវការជាក់ស្តែងរបស់សាសនិកបរិស័ទ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner