ការដ្ឋានសាងសង់ក្រុងមែលប៊នរបស់អូស្រ្តាលីត្រូវបិទបន្ទាប់ពីមានបាតុកម្មហិង្សាអំពីវ៉ាក់សាំងកូវីដ

រដ្ឋ​វិចតូរីយ៉ា​ (Victoria) ​ប្រទេស​អូស្ត្រាលី​ ​បិទ​ការ​ដ្ឋាន​សាង​សង់​នៅ​ទូទាំង​​ក្រុង​មែលប៊ន​ បន្ទាប់​ពី​មាន​​បាតុកម្ម​ដោយ​ហិង្សា​កាល​ពី​ថ្ងៃ​ចន្ទ​ ប្រឆាំង​នឹង​​វិធានការ​តម្រូវ​ឱ្យ​បុគ្គលិក​បង្ហាញ​ពី​ប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​នៅ​កន្លែង​ការងារ​។​

​ក្រុម​មន្រ្តី​​និយាយ​ថា​ កន្លែង​ខ្លះ​នឹង​ត្រូវ​បិទ​រហូត​ដល់​ពីរ​សប្តាហ៍​ បន្ទាប់​ពី​កម្មករ​សំណង់​ និង​អ្នក​តវ៉ា​ផ្សេង​ទៀត​​ប៉ះ​ទង្គិច​គ្នា​។​ ទ្រព្យ​សម្បត្តិ​ក៏​ខូច​ខាត​ ហើយ​ប៉ូលីស​​និយាយ​ថា​ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន​។​

​​ប៉ូលីស​កុបកម្ម​ត្រូវ​បាន​ដាក់​ពង្រាយ​ ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ប្រើ​គ្រាប់​កាំភ្លើងជ័រ​​ដើម្បី​បំបែក​ហ្វូង​មនុស្ស​។​មនុស្ស​រាប់​រយ​នាក់​​ប្រមូល​ផ្តុំ​គ្នា​ទៀត​នៅ​​ក្រុង​មែលប៊ន​ដើម្បី​តវ៉ា​ប្រឆាំង​វិធានការ​វ៉ាក់សាំង​មួយ​ទៀត​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ខ្លះ​កាន់​ភ្លើង​ជំនួយ​ និង​ខ្លះ​ថែម​ទាំង​ចោល​ទឹក​នោម​ដាក់​អ្នក​យក​ព័ត៌មាន​។​ សហជីព​សំណង់ ​ព្រៃឈើ​ ដែនសមុទ្រ​ រ៉ែ​ និង​ថាមពល​(CFMEU)​ក្នុង​រដ្ឋ​ ត្រូវ​បាន​បំផ្លិច​បំផ្លាញ​ ដោយ​កញ្ចក់​នៅ​ខាង​មុខ​អាគារ​ត្រូវ​បាន​គេ​វាយ​បំបែក​កំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​។​

​បាតុកម្ម​ហិង្សា​នេះ​កើត​មាន​ឡើង​ បន្ទាប់​ពី​មាន​សេចក្តី​ប្រកាស​មួយ​ថា​ ចាប់​ពី​ថ្ងៃព្រ​ហស្បតិ៍​ទី​ ២៣ ​ខែ​កញ្ញា​ទៅ​ កម្មករ​សំណង់​នឹង​ត្រូវ​បង្ហាញ​ភស្តុតាង​ថា​ខ្លួន​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់​មួយ​ដូស​ដើម្បី​បន្ត​ធ្វើ​ការ​។​

​CFMEU ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ការិយាល័យ​នៅ​​ក្រុង​មែលប៊ន​ ដោយ​និយាយ​ថា​ អំពើ​ហឹង្សា​​កើត​ឡើង​បន្ទាប់​ពី​ក្រុម​ស្តាំ​និយម​ជ្រៀត​ចូល​ការ​តវ៉ា​​​។ សហជីព​នេះ​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ សមាជិក​របស់​ខ្លួន​មួយ​ចំនួន​​រង​របួស​អំឡុង​ការ​ប៉ះ​ទង្គិច​គ្នា​ ដោយ​មន្ត្រី​ខ្លះ​ត្រូវ​គេ​គប់​ដប​ចំ​ជា​ដើម​។​

សមាគម​ស្ថាបត្យករ​មេ​​រដ្ឋ​វិចតូរីយ៉ា ​​និយាយ​ថា​កន្លែង​ការ​ដ្ឋាន​សាង​សង់​ទាំង​អស់​នៅ​ក្នុង​​ក្រុង​មែលប៊ន​បិទ​ពី​យប់​ថ្ងៃ​ចន្ទ​ទៅ ​ដែល​​ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​កូវីដ-១៩​ និង​បាតុកម្ម​ហិង្សា​។​

​​ជាមួយ​នឹង​អត្រា​មរណភាព​កូវីដ-១៩​មាន​កម្រិត​ទាប​ អូស្ត្រាលី​ត្រូវ​បាន​គេ​សរសើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​មេរោគ​ឆ្លង​នេះ​។​ រហូត​មក​ដល់​ពេល​នេះ​ ប្រទេស​នេះ​មាន​ករណីឆ្ល​ងស​រុប​ជាង ​៨៧ ០០០ ក​រណី​ និង​​អ្នក​ស្លាប់​ចំនួន​ ១ ១៦៧​ ករណី​។ យ៉ាង​ណា​មិញ​ ថ្មី​ៗ​នេះ​ប្រជាជន​ប្រហែល​ពាក់​កណ្តាល​​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​បិទ​ខ្ទប់​ ដោយ​សារ​តែ​ការ​ផ្ទុះឡើ​ង​នៃ​ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​របស់​វ៉ារ្យ៉ង់​ដែលតា​នៅ​​ក្រុង​មែលប៊ន​ ស៊ីដនី ​និង​រដ្ឋ​ធានី​កង់បេរ៉ា​ជាដើម​។​

​ប្រភព៖ BBC

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner