ការបែកធ្លាយទិន្នន័យក្រសួងការពារជាតិអង់គ្លេស ធ្វើឱ្យអ្នកបកប្រែអាហ្វហ្គានីស្ថានរាប់រយនាក់រងហានិភ័យ

អាសយដ្ឋាន​សារ​អេឡិចត្រូនិក​ (email) របស់​​អ្នក​បក​ប្រែ​ជនជាតិ​អាហ្វហ្គានីស្ថាន​រាប់​រយ​នាក់​ ដែល​ធ្វើ​ការ​ជា​មួយ​កង​កម្លាំង​យោធា​អង់គ្លេស​ រួម​ទាំង​ខ្លះ​ដែល​កំពុង​លាក់​ខ្លួន​ពី​ក្រុម​តាលីបង់​ ត្រូវ​បាន​ចែក​ចាយ​ជា​សាធារណៈ​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​ទិន្នន័យ​ពី​ក្រសួង​ការពារ​ជាតិ​អង់​គ្លេស​។

រដ្ឋាភិបាល​អង់គ្លេស​បាន​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​បែក​ធ្លាយ​នេះ​ ដែល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​បក​ប្រែ​ជាង​ ២៦០ នាក់​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​នៅ​ក្នុង​សារ​អ៊ីមែល​ដោយ​ក្រសួង​ការពារ​ជាតិ​ប្ដេជ្ញា​ថា​នឹង​ជួយ​ជម្លៀស​ពួកគេ​មក​ចក្រភព​អង់គ្លេស​។

អ្នក​បក​ប្រែ​មួយ​រូប​ដែល​បាន​ទទួល​សារ​នេះ បាន​ប្រាប់​សារព័ត៌មាន​ BBC ថា​កំហុស​នេះ​អាច​បង្ក​ហានិភ័យ​ដល់​ជីវិត​អ្នក​បក​ប្រែ​ធ្វើ​ការ​ឱ្យ​អង់គ្លេស​ទាំង​អស់​ ជា​ពិសេស​អ្នក​មិន​ទាន់​អាច​ចាកចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​ហើយ​កំពុង​លាក់​ខ្លួន​ពី​ក្រុម​តាលីបង់​។

អ្នក​បក​ប្រែ​រូប​នេះ​និយាយ​ថា​៖ «អ្នក​បក​ប្រែ​ខ្លះ​មិន​បាន​កត់​សំគាល់​ពី​កំហុស​នេះ​ទេ ហើយ​ពួកគេ​បាន​ឆ្លើយ​តប​ទៅ​នឹង​អ៊ីមែល​ទាំង​អស់​រួច​ទៅ​ហើយ ហើយ​ពួកគេ​បាន​ពន្យល់​ពី​ស្ថានភាព​របស់​ពួកគេ ដែល​គ្រោះ​ថ្នាក់​ខ្លាំង​»។

អាសយដ្ឋាន​អ៊ីមែល​ខ្លះ​បាន​បង្ហាញ​ឈ្មោះ​ពិត​ និង​រូបភាព​របស់​បុគ្គល​ទាំង​នោះ​។

ក្នុង​អ៊ីមែល​ខាង​លើ ​ក្រសួង​បាន​ប្រាប់​អ្នក​បក​ប្រែ​ថា​ក្រសួង​កំពុង​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង​ដើម្បី​ជួយ​ពួកគេ​ភៀស​ខ្លួន​មក​អង់គ្លេស​ ប៉ុន្តែ​ព្រមាន​ថា​ពួកគេ​មិន​គួរ​ចាក​ចេញ​ពី​ទីតាំង​បច្ចុប្បន្ន​របស់​ពួកគេ​ទេ​ ប្រសិន​បើ​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដូច្នេះ​។

ប្រមាណ​ ៣០ នាទី​ក្រោយ​មក​ក្រសួង​បាន​ផ្ញើ​សារ​អ៊ីមែល​មួយ​ទៀត​ ណែនាំ​អ្នក​ទទួល​សារ​មុន​ឱ្យ​ផ្លាស់​ប្ដូរ​អាសយដ្ឋាន​អ៊ីមែល​របស់​ពួកគេ​ បន្ទាប់​ពី​រក​ឃើញ​កំហុស​។

កាល​ពី​ថ្ងៃ​អង្គារ​ ទី​២១ កញ្ញា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក​បេន វ៉លឡេស​បាន​និយាយ​ថា​កំហុស​របស់​ក្រុម​ការងារ​គោល​នយោបាយ​ជំនួយ​ការ​ផ្លាស់​ប្ដូរ​ទីលំនៅ​អាហ្វហ្គានីស្ថាន (ARAP) គឺ​ «មិន​អាច​ទទួល​យក​បាន​ទេ​»​។

លោក​វ៉លឡេស​បាន​ប្រាប់​សភា​អង់គ្លេស​ថា​៖ «ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ជនជាតិ​អាហ្វហ្គានីស្ថាន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បែក​ធ្លាយ​ទិន្នន័យ​នេះ​ និង​អ្នក​ណា​ដែល​យើង​កំពុង​ធ្វើ​ការ​ជា​មួយ​ ដើម្បី​ធ្វើ​ការ​ណែនាំ​សន្តិសុខ​»​។

លោក​និយាយ​ថា​មន្ត្រី​ម្នាក់​ត្រូវ​បាន​ព្យួរ​ការ​ងារ ខណៈ​ពេល​ដែល​ក្រសួង​រង់ចាំ​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​លើ​ឧបទ្ទវហេតុ​នេះ ដែល​លោក​បាន​និយាយ​ថា​បាន​ប៉ះពាល់​ដល់​មនុស្ស​ប្រហែល ២៦០ នាក់​ដែល​នៅ​លាក់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​។

លោក​បន្ថែម​ទៀត​ថា​៖ «ដំណើរ​ការ​សម្រាប់​គ្រប់គ្រង​ទិន្នន័យ និង​ដំណើរ​ការ​ឆ្លើយ​ឆ្លង​ត្រូវ​បាន​ផ្លាស់​ប្ដូរ​រួច​ហើយ​»​។

ប៉ុន្តែ​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អង់គ្លេស​លោក​ចននី មឺស៊ើរ​បាន​ចោទ​ក្រសួង​នេះ​ថា​បាន​ធ្វើ​ការ​«ធ្វេស​ប្រហែស​ដោយ​ឧក្រិដ្ឋកម្ម​» ហើយ​បាន​និយាយ​ថា​កំហុស​របស់​ពួកគេ​គឺ​កំពុង «ជិះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​មនុស្ស​ដែល​នៅ​ក្នុង​ប្រទេស​»​។

លោក​នាយករដ្ឋមន្រ្តី​បូរីស ចនសុន​នៅ​ដើម​ខែ​នេះ​បាន​និយាយ​ថា​មនុស្ស ៣១១ នាក់​ដែល​មាន​សិទ្ធិ​ទទួល​បាន​ការ​តាំង​ទីលំនៅ​ថ្មី​នៅ​ចក្រភពអង់គ្លេស​ក្រោម​គម្រោង ARAP ដូចជា​អ្នក​បក​ប្រែ​ធ្វើ​ការ​ឱ្យ​កង​កម្លាំង​អង់គ្លេស ត្រូវ​បាន​ទុកចោល​នៅ​អាហ្វហ្គានីស្ថាន​។

បើ​ទោះ​បី​ជា​ក្រុម​តាលីបង់​បាន​ធ្វើ​ការ​ប្ដេជ្ញា​ថា​មិន​ធ្វើ​ការ​សងសឹក​ទៅ​លើ​សមាជិក​កង​កម្លាំង​សន្តិសុខ​របស់​របប​មុន និង​ជំនួយ​ការ​របស់​កង​កម្លាំង​បរទេស​ក៏​ដោយ​ ក៏​មាន​ការ​រាយការណ៍​ជាច្រើន​អំពី​ការ​សម្លាប់​ធ្វើ​ឃាត​ទៅ​លើ​អតីត​សមាជិក​កង​កម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ ជា​ពិសេស​អ្នក​បក​ប្រែ​ឱ្យ​កង​កម្លាំង​បរទេស​៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner