រំលឹកទៅដល់ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺនឹកទៅដល់តួអង្គប្រវត្តិសាស្ត្រដែលជាស្ថាបនិកដំបូងគឺ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ:ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺជាសមិទ្ធផលប្រវត្តិសាស្ត្រ បន្ទាប់ពីប្រជាជាតិខ្មែរសម្រេចបានកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា នៅក្នុងសន្និសីទទីក្រុងប៉ារីសស្តីពីកម្ពុជា ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក្រោយសម្រេចបានលទ្ធផលនៃកិច្ចព្រមព្រៀងខាងលើនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអ៊ុនតាក់ (UNTAC) ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតសកលនៅក្នុង ខែឧសភា ឆ្នាំ១៩៩៣ ដោយបង្កើតបានសភាធម្មនុញ្ញ ដើម្បីរៀបចំតាក់តែងព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ។ ការរៀបរៀងរដ្ឋធម្មនុញ្ញនេះ ប្រើរយៈពេលជិតបីខែ ពោលគឺបានចាប់ផ្តើម នៅពេលសភាធម្មនុញ្ញបានកោះប្រជុំលើកទី១ នៅ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីបង្កើតគណៈកម្មការអចិន្ត្រៃយ៍រៀបរៀងរដ្ឋធម្មនុញ្ញ ដែលទទួលភារកិច្ចរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ។ មកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញ ថ្មីមួយ ត្រូវបានសភាធម្មនុញ្ញអនុម័តយល់ព្រមគាំទ្រដោយសម្លេង១១៣ មិនគាំទ្រ៥សំឡេង និងអនុប្បវាទ២សំឡេង។ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ បានក្លាយជារដ្ឋធម្មនុញ្ញ ទី៦ ចាប់តាំងពីប្រទេសកម្ពុជា ទទួលយកធម្មនុញ្ញនិយមទំនើប។

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបន្តថា នៅពេលរំលឹកទៅដល់ប្រវត្តិនៃការបង្កើតរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺយើងនឹកទៅដល់ តួអង្គប្រវត្តិសាស្ត្រ ដែលជាស្ថាបនិកដំបូង នៃដំណើរការបង្កើតឱ្យមានរដ្ឋធម្មនុញ្ញនេះឡើងគឺ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ជំនួបដំបូងរវាងតួអង្គប្រវត្តិសាស្ត្រ ទាំងពីរ នៅហ្វែអង់តាដឺណ័រ ប្រទេសបារាំងក្នុងឆ្នាំ១៩៨៧ គឺជាចំណុចចាប់ផ្តើមនៃការចរចា ស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា(កិច្ចព្រមព្រៀងទីក្រុងប៉ារីស)។ គឺ ខ្លឹមសារជាសារវន្តនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះហើយ ដែលជាមូលដ្ឋាននៃ ការតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាជំហានឆ្ពោះទៅកាន់នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៩៨ ដែលធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពពិតប្រាកដ ក្រោមម្លប់បារមីនៃអង្គព្រះមហាក្សត្រ។ នយោបាយឈ្នះ-ឈ្នះ គឺជាកេតនភណ្ឌជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លា សម្រាប់ប្រទេសកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ សាមគ្គីជាតិ និងឯកភាពជាតិ ដែលជាកត្តាកំណត់ពិតប្រាកដ សម្រាប់ការថែរក្សាសន្តិភាព នៅព្រះរាជាណាចក្រកម្ពុជា បានគង់វង្សប្រកបដោយចីរភាព។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ គឺជាកេតនភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចត្រូវគោរព។ ការគោរពរដ្ឋធម្មនុញ្ញ មានន័យថា ការការពារ ការអនុវត្ត និងការលើកតម្កើង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាកេតនភណ្ឌកំពូលរបស់ជាតិពិតប្រាកដ។ សកម្មភាពបំពានណាមួយ លើរដ្ឋធម្មនុញ្ញ គឺជាអំពើអគុណធម៌ និងជាបទល្មើសធ្ងន់ធ្ងរ ព្រមទាំងជាការដើរហួសបន្ទាត់ក្រហម ដែលជា ដែនកំណត់នៃការការពារអាយុជីវិតជាតិ។ ការគោរពរដ្ឋធម្មនុញ្ញគឺជា អំពើគុណធម៌ ដែលផ្តល់ នូវសុភមង្គល សេចក្តីថ្លៃថ្នូរ និងភាពចម្រុងចម្រើនដល់អ្នកគោរពប្រតិបត្តិ និងដល់សង្គមជាតិ ទាំងមូល។ ឧត្តមភាព និងចីរភាព នៃរដ្ឋធម្មនុញ្ញ ត្រូវតែស្ថិតក្នុងការគាំពារជារួម ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការកសាងឱ្យមានការឯកភាពលើឧត្តមគតិ និងការតម្កល់ឧត្តមប្រយោជន៍ជាតិជាអាទិភាព៕
ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner