សុន្ទរកថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីប្រព័ន្ធស្បៀង ដែលរៀបចំដោយឯកឧត្តមអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយ៉ក

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមថ្លែងសុន្ទរកថា ស្ដីពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលស្ដីពីប្រព័ន្ធស្បៀង ដែលរៀបចំឡើងដោយ ឯកឧត្តមអគ្គលេខាអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូដេរេស នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី ២៣ ខែកញ្ញាឆ្នាំ២០២១ តាមរយៈការថតវីដេអូទុកជាមុន ។

សុន្ទរកថា ដែលដ្លែងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បញ្ជាក់ថា ផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាឆ្នាំ២០៣០ បានរៀបចំឡើងផ្អែកលើលទ្ធផលកិច្ចសន្ទនានិងការវិភាគ ហើយបានផ្សារភ្ជាប់នឹងក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រនានា ដែលមានស្រាប់ ។ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ ដែលផ្តល់នូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ សម្រាប់មនុស្សគ្រប់រូប គិតគូពីចីរភាពសេដ្ឋកិច្ច សង្គមនិងបរិស្ថាន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ អាទិភាពចំនួនបួនដូចខាងក្រោម ៖

ទីមួយ ការលើកកម្ពស់របបអាហារសុខភាពសម្រាប់ទាំងអស់គ្នា ដើម្បីបំបែកវដ្តអន្តរជំនាន់នៃ បញ្ហាអាហារូបត្ថម្ភ។ កម្ពុជាប្តេជ្ញាត្រឹមឆ្នាំ២០៣០ នឹងធ្វើឱ្យរបបអាហារសុខភាព មានភាពងាយស្រួល អាចរកបាន និងមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ ទីពីរ ការលើកកម្ពស់ភាពអង់អាចរបស់យុវជន ស្រ្តី និងជនងាយរងគ្រោះ។ កម្ពុជានឹងបន្តអនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ បង្កើតការងារសមរម្យ អភិវឌ្ឍន៍សហគ្រិន និងផ្តល់ឱកាស ការងារសម្រាប់យុវជន ស្ត្រីនិងជនងាយរងគ្រោះ និងផ្តល់ទីកន្លែងសម្រាប់យុវជនចូលរួមក្នុងកិច្ចសន្ទនា គោលនយោបាយ។

ទីបី ក្នុងបរិការណ៍ដែលពិភពលោកទាំងមូលបាននិងកំពុងប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការប្រែប្រួល អាកាសធាតុ ការរៀបចំកិច្ចប្រជុំកំពូលនេះ បានក្រើនរំលឹកយើងទាំងអស់គ្នា ឱ្យយកចិត្តទុកដាក់លើ ការពង្រឹងភាពធន់លើមុខរបរចិញ្ចឹមជីវិតនិងប្រព័ន្ធស្បៀង ដើម្បីឆ្លើយតបទៅនឹងវិបត្តិនិងបញ្ហានានា ដែល អាចកើតឡើងនៅពេលអនាគត។ កម្ពុជានឹងបន្តធ្វើសកម្មភាព ដើម្បីដោះស្រាយភាពងាយរងគ្រោះ និង កាត់បន្ថយភាពក្រីក្រ ពង្រឹងភាពធន់របស់តួអង្គពាក់ព័ន្ធ ពង្រឹងបណ្តាញការងារនិងហេដ្ឋារចនាសម្ព័ន្ធនានា។

ទីបួន ការពង្រឹងអភិបាលកិច្ចដើម្បីធ្វើឱ្យប្រព័ន្ធស្បៀងកាន់តែមានបរិយាប័ន្ន ។ កម្ពុជានឹងបន្តរៀបចំ កិច្ចសន្ទនា ការសម្របសម្រួល និងការសហការជាមួយគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធ្វើឱ្យប្រព័ន្ធស្បៀង កាន់តែ មានបរិយាប័ន្ន ឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ ជនងាយរងគ្រោះ និងជនជាតិដើមភាគតិច ។ល។

សុន្ទរកថាបញ្ជាក់ទៀតថា កម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់កម្ពុជាពង្រឹង កិច្ចសហប្រតិបត្តិការជាមួយប្រទេសនានា ដើម្បីឱ្យប្រព័ន្ធស្បៀងកាន់តែមានភាពរឹងមាំនិងមានចីរភាព សម្រាប់មនុស្ស ភពផែនដី និងវិបុលភាព។ ដោយប្រទេសកម្ពុជា នឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ប្រព័ន្ធស្បៀង គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព លុបបំបាត់គ្រោះអត់ឃ្លាន និងបញ្ហាអាហារូបត្ថម្ភ និងកាត់បន្ថយភាពក្រីក្រ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner