ព្រះសង្ឃអាចារ្យ និងកូនសិស្សលោក តាមវត្តនៅភ្នំពេញត្រូវបាន ក្រុមគ្រូពេទ្យចុះយកសំណាក ក្រោយផ្ទុះកូវីដ១៩

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ សហការ​ជាមួយ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ នឹង​ចុះ​យក​សំណាក​ព្រះសង្ឃ លោកតា​អាចារ្យ និង​កូនសិស្សលោក នៅតាម​វត្ត​អារាម​ទាំងអស់ នៅក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​វត្ត​អារាម មួយចំនួន ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ រួចមក​។​

​លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ​មានប្រសាសន៍ ​ថ្ងៃទី​២៤ ខែកញ្ញា​ ថា ក្រុមគ្រូពេទ្យ​របស់ មន្ទីរ​សុខាភិបាល ប្រមាណ ១០០ នាក់ សហការ​ជាមួយ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ នឹង​ចុះ​យក​សំណាក​ពី​ព្រះសង្ឃ និង​កូនសិស្សលោក នៅតាម​វត្ត​ចំនួន ១៥១ វត្ត នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល ២ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៤ និង ២៥ ខែកញ្ញា ឆ្នាំ​២០២១​។​

​លោក​វេជ្ជបណ្ឌិត បន្តថា ក្នុងចំណោម​វត្ត ១៥១ វត្ត​នោះ យើង​បែងចែក ខាង​មន្ទីរ​សុខាភិបាល ចំនួន​ជាង ៧០ វត្ត និង​ក្រុមគ្រូពេទ្យ ខាង​សម្តេច​តេ​ជោ ជាង ៧០វត្ត  ដោយ​សម្រុក​ធ្វើតេស្ត រយៈពេល ២ ថ្ងៃ ឲ្យ​រួចរាល់​។ ក្នុងករណី​រកឃើញ​ព្រះសង្ឃ និង​កូនសិស្សលោក មាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះ យើង​នឹងដាក់​ឲ្យ​ព្យាបាល នៅតាម​មួយ​អារាម តែម្តង ចំពោះ​វត្ត​ណា​ដែលមាន លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តាម​គោលការណ៍​ណែនាំ របស់​ក្រសួងសុខាភិបាល​។ ប៉ុន្តែ​ប្រសិនបើ​វត្ត​ទាំងនោះ មិនមាន​អាច​ព្យាបាល បានទេ យើង​នឹង​ប​ញ្ជួ​ន​ទៅ​ព្យាបាល នៅតាម​មណ្ឌល ព្យាបាល​ផ្សេងៗ​។​ ចំពោះ​ព្រះសង្ឃ កូនសិស្ស ឬ​អាចារ្យ ដែល​ពាក់ព័ន្ធ​នឹង​ឲ្យ ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​វត្ត​តែម្តង​។​

​រាជរដ្ឋាភិបាល បាន​ណែនាំ ដល់​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​ការសម្របសម្រួល ជាមួយ​យន្តការ ដែលមាន​ការពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ដល់ ការនាំយក​ចង្ហាន់ និង​ទេយ្យវត្ថុ ចាំបាច់​នានា ប្រគេន​ដល់​ព្រះសង្ឃ នៅតាម​បណ្តា​វត្ត អារាម​នានា ដែល​ស្ថិតក្នុង​សមត្ថកិច្ច ដែនដី​របស់ខ្លួន​។​ និងនៅតែ​រក្សា​ការឈប់​សម្រាក រយៈពេល ៣ ថ្ងៃ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ត្រូវ​បានកំណត់ ដោយ​អនុក្រឹត្យ​លេខ ១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្តីពី ប្រតិទិន​ឈប់សម្រាក​ការងារ របស់​មន្ត្រីរាជការ និយោជិត​-​កម្មករ ប្រចាំឆ្នាំ​២០២១៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner