រដ្ឋលេខាធិការក្រសួងសុខាភិបាល បិទយុទ្ធនាការចាក់វ៉ាក់​សាំងកូវីដ​១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅ​ខេត្តឧត្ដរមានជ័យ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១  បានអញ្ជើញជាអធិបតីភាព បិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង នៅខេត្តឧត្តរមានជ័យ។ ក្នុងពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តមប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពីអាយុ ១៨ឆ្នាំឡើង ជុំទី១ នៅទូទាំងខេត្តឧត្តរមានជ័យ ចំនួនត្រូវចាក់វ៉ាក់សាំងមានចំនួន១៥៦,៤៣៦នាក់ ។   ឯកឧត្តមបន្តថា ប្រជាពលរដ្ឋដែលត្រូវចាក់មានចំនួន ១២ម៉ឺន៧ពាន់៣១នាក់ គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ សរុបប្រជាពលរដ្ឋបានមកចាក់ដូសទី១ ហើយមានចំនួន ១៣ម៉ឺន៥ពាន់៦០៩នាក់ ស្មើនឹង ១១២.៣២% ធៀបនឹងប្រជាពលរដ្ឋដែលត្រូវចាក់ ចំនួន១២ម៉ឺន៧៣១នាក់។

ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមថា ដោយពិនិត្យលើស្ថានភាពនេះ ទើបរដ្ឋបាលខេត្តគោរពស្នើសុំបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តនាថ្ងៃនេះ និងគោរពស្នើសុំបើកដំណើរការកន្លែងចាក់វ៉ាក់សាំងអចិន្ត្រៃយ៍ចំនួន០៥កន្លែង (មួយកន្លែងក្នុងមួយក្រុង ស្រុក) ដោយរដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹងជាផ្លូវការដើម្បីឲ្យប្រជាពលរដ្ឋដែលពុំទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ មកទទួលយកសេវាក្រោយពីការបិទបញ្ចប់យុទ្ធនាការនេះ តាមគោលដៅដូចខាងក្រោម៖

*ក្រុងសំរោង នៅមន្ទីរពេទ្យបង្អែកខេត្ត*ស្រុកបន្ទាយអំពិល នៅមណ្ឌលសុខភាពគោកមន*ស្រកចុងកាល់ នៅមណ្ឌលសុខភាពចុងកាល់*ស្រុកអន្លង់វែង នៅមន្ទីរពេទ្យបង្អែកអន្លង់វែង*ស្រុកត្រពាំងប្រាសាទ នៅមណ្ឌលសុខភាពត្រពាំងប្រាសាទ។

លោកជំទាវ ឱ វណ្ណឌីន បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំរៀបចំផែនការ និងដាក់ចេញនូវអភិក្រមផ្ការីក ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ រហូតសម្រេចបានលទ្ធផល ជិត៩៩ភាគរយ នៃផែនការ១០លាននាក់ ចំពោះប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ លោកជំទាវ បានណែនាំដល់រដ្ឋបាលខេត្ដឧត្តរមានជ័យ ត្រូវបន្ដជំរុញ និងបង្កើននូវការផ្សព្វផ្សាយយុទ្ធនាការជាតិ ក្រោមប្រធានបទ រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីបន្ដចូលរួមទប់ស្កាត់ និងការពារជំងឺកូវីដ១៩។

លោកជំទាវ ក៏បានអំពាវនាវដល់ពលរដ្ឋដែលនៅសេសសល់ មិនទាន់បានចាក់វ៉ាក់សាំង ត្រូវរួសរាន់មកទទួលយកនូវការវ៉ាក់សាំង ដើម្បីមានអាវ​ក្រោះមួយជាន់ទៀត ការពារជំងឺកូវីដ១៩។ ប៉ុន្ដែបើទោះបីចាក់   វ៉ាក់សាំង បានគ្រប់ចំនួនក្ដី ក៏មិនត្រូវភ្លេចនូវវិធានការការពារខ្លួននោះទេ ពិសេសវិធានការ ៣ការពារ និង៣កុំ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner