គោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ស្មារតីរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ

វិចារណកថា

          រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ជាសមិទ្ធផលដ៏ឧត្តុងឧត្តមថ្លៃថ្លាកើតចេញពីឆន្ទៈរួមរបស់ប្រជាជនកម្ពុជាមកពីគ្រប់និន្នាការនយោបាយ ដែលសម្តែងឡើងតាមរយៈការបោះឆ្នោតជាសកលក្រោយឆ្នាំ១៩៩៣ បាននិងកំពុងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ និងកាន់តែមានការរីកចម្រើនលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ។ ប្រជាជនកម្ពុជាទូទាំង​ប្រទេសដែលកំពុងរស់នៅក្រោមពន្លឺនៃសុខសន្តិភាព វិបុលភាព ភាពសុខដុមរមនា ​និងសុភមង្គលពេញលេញក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សូមចូលរួមសម្តែងនូវក្តីអំណរសាទរយ៉ាងក្លៀវក្លា ក្នុងឱកាសខួបទី២៨ ថ្ងៃបដិសន្ធិរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ (២៤ កញ្ញា ១៩៩៣- ២៤ កញ្ញា ២០២១) ។

          បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ មិនស្ថិតក្រោមការកៀបសង្កត់ មិនស្ថិតក្រោមខ្សែញាក់របស់បរទេសណា ហើយប្រជាជនមានសិទ្ធិសេរីភាពពេញលេញក្នុងការអនុវត្តសិទ្ធិស្វ័យសម្រេចរបស់ខ្លួនចំពោះជោគវាសនានៃអនាគតរបស់មាតុភូមិ។ ប៉ុន្តែមេរៀនពីអតីតកាលក្នុងពេលដែលកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយ នៅតែស្ថិតក្នុងស្មារតីនៃការចងចាំរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ មិនអាចរលុបទៅវិញបានឡើយ ។ មេរៀនទាំងនោះឆ្លុះបញ្ចាំងឲ្យឃើញច្បាស់ថា នៅពេលដែលប្រទេសមួយបាត់បង់ឯករាជ្យ បាត់បង់អធិបតេយ្យ និងបូរណភាពទឹកដី ប្រជាជាតិនៃប្រទេសនោះនឹងត្រូវធ្លាក់ទៅក្នុងស្ថានភាពនៃគ្រោះរលត់រលាយដោយសារសង្រ្គាម រងនូវក្តីវិនាស ការនិរាសព្រាត់ប្រាស់ ការបែកបាក់សាមគ្គីជាតិ និងត្រូវទទួលនូវការប្រមាថមាក់ងាយពីពួកបរទេសដោយគ្មានទីបំផុត ។ ជាក់ស្តែងនៅពេលដែលពួកក្បត់ជាតិ លន់នល់ សិរីមតៈ ឱនក្បាលធ្វើជាខ្ញុំកញ្ជះឲ្យពួកបរទេស ដោយបំផ្លាញចោលឯករាជ្យ អធិប​តេយ្យជាតិ ធ្វើរដ្ឋប្រហារផ្តួលរំលំរបបរាជានិយម បំផ្លាញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ (ឆ្នាំ១៩៤៧-១៩៧០) មាតុភូមិ​​កម្ពុជាក៏បានធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាមអស់រយៈពេល ៥ឆ្នាំ និង១ខែ ក្នុងរបបសាធារណរដ្ឋខ្មែរ (ថ្ងៃ១៨ មិនា ឆ្នាំ១៩៧០-១៧ មេសា ឆ្នាំ១៩៧៥) និងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ (១៧ មេសា ឆ្នាំ១៩៧៥- ថ្ងៃ៦ មករា ឆ្នាំ១៩៧៩) ។ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ សង្រ្គោះជាតិឲ្យរស់ឡើងវិញ និងបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្រ្ត។ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ រដ្ឋាភិបាលនៃសាធារណប្រជាមានិតនៃកម្ពុជា ក្រោយ​មកប្តូរជារដ្ឋកម្ពុជាបានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គរាប់ម៉ឺនរាប់សែនជំពូក និងបានស្វះស្វែងរកសុខសន្តិភាព និងការបង្រួបបង្រួមជាតិឡើងវិញ។ អនុវត្តស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ការបោះឆ្នោតសកលនៅខែឧសភា ឆ្នាំ១៩៩៣ បានដំណើរការ ហើយពេលនោះរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ បានចាប់កំណើតឡើង ដែលនេះគឺជារដ្ឋធម្មនុញ្ញទី៦ ហើយរបស់កម្ពុជាបើគិតពីឆ្នាំ១៩៤៧មក។

យើងគប្បីរំលឹកថា ចន្លោះពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រមានិតកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានពុះពារជំរុញការអនុវត្តមាគ៌ាមហាសាមគ្គីជាតិ ដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុង បង្រួបបង្រួមខ្មែរគ្រប់និន្នាការនយោបាយ រួមគ្នាបង្កើតសន្តិភាពឡើងវិញតាមរយៈការដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ។ លើមូលដ្ឋាននេះ ជំនួបចរចាដើម្បីស្វែងរកសន្តិភាពនៅកម្ពុជារវាងសម្តេច ព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ២ ធ្នូ ឆ្នាំ១៩៨៧ នៅប្រទេសបារំាង និងបានបន្តនូវដំណើរការចរចាច្រើនលើកច្រើនសារ ឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ ២៣ ខែតុលា ឆ្នាំ១៩៩១។ ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិ​នៅកម្ពុជា (UNTAC) បានប្រពឹ្រត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី​ ដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស។ ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី​ហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភា នីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាល​​សម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់កាលថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបតិ្តការ និងអភិវឌ្ឍន៍។ ប៉ុន្តែប្រទេសយើងមិនទាន់បញ្ចប់បានសង្រ្គាមទាំងស្រុងនៅឡើយទេ អាស្រ័យដោយពួកខ្មែរក្រហមនៅបន្តបំផ្លិចបំផ្លាញ បង្កអសន្តិសុខក្នុងប្រទេស ធ្វើឲ្យកម្ពុជានៅតែមានតំបន់ត្រួតត្រា២ និងកងកម្លាំងប្រដាប់អាវុធ២ ។ ប៉ុន្តែអាស្រ័យនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ សង្រ្គាមដ៏រុំារ៉ៃនៅកម្ពុជាត្រូវបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បង្កើតបានសន្តិភាពពេញលេញក្នុងក្របខណ្ឌទូទាំងប្រទេស ហើយប្រជាជនបានរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយរហូតមកដល់បច្ចុប្បន្ននេះ ។

          ផ្អែកលើរដ្ឋធម្មនុញ្ញនេះ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រកម្ពុជាដោយប្រកាន់យករបបរាជានិយមអាស្រ័យ​រដ្ឋធម្មនុញ្ញ មានប្រព័ន្ធនយោបាយប្រជាធិបតេយ្យ សេរី​ ពហុបក្ស និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋឯករាជ្យ ឯកភាព មានអធិបតេយ្យភាព និងបូរណភាពដែនដីពេញលេញដែលមិនអាចរំលោភបំពាន​បាន ។ ប្រជាជនកម្ពុជាទូទាំងប្រទេសបានរួបរួមគ្នាប្រមូលផ្តុំអស់កម្លាំងកាយចិត្ត កម្លាំងបញ្ញាស្មារតីចូលរួមកសាង​ការពារជាតិប្រកបដោយភាពស្វាហាប់ អង់អាចឈានទៅមុខយ៉ាងឆាប់រហ័សនៅលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍ ។ ជាមួយគ្នានេះ ដំណើរការបោះឆ្នោតជាបន្តបន្ទាប់តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ​ប្រព្រឹត្តទៅតាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរួមមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តបានចំនួន៦អាណត្តិ,​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ បាន៤អាណត្តិ, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌបាន ៣អាណត្តិ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបាន៤អាណត្តិ ។ ការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ តាមការកំណត់នៃច្បាប់។

ក្រោមពន្លឺនៃសន្តិភាព កម្ពុជាក៏មានឱកាសប្រឹងប្រែងងើបឈរដោយខ្លួនឯងប្រកបដោយមោទនភាពបំផុត កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ ធានាបាននូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។ ក្នុងអំឡុងពេលជាង២ទសវត្សកន្លងទៅ កំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើងជុំវិញ៧% ជារៀងរាល់ឆ្នាំ។ កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារឹងមាំនេះ បានធ្វើឲ្យកម្ពុជាបានទទួលឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ហើយអាចសម្រេចបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប៉ុន្តែនៅឆ្នាំ ២០២០ ពិភពលោកទាំងមូល រួមទាំងប្រទេសកម្ពុជាយើងផងដែរ បានទទួលរងនូវវិបត្តិនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសង្គមដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយ និងគំរាមកំហែងដល់ការអភិវឌ្ឍសម្រាប់រយៈពេលតទៅមុខទៀត ។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំពុះពារជំនះរាល់ការលំបាកនេះ ដែលរហូតមកដល់ពេលនេះ យើងនៅតែបន្តគ្រប់គ្រងបានការឆ្លងនៃជំងឺកូវីដ-១៩ និងផលវិបាករបស់វា ដោយការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងដែលកំពុងប្រព្រឹត្តទៅទទួលបានលទ្ធផលខ្ពស់ បើធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក រហូតទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ។ ជាមួយលទ្ធផលនេះ កម្ពុជានឹងមានលទ្ធភាព ហើយកាន់តែមានសុទិដ្ឋនិយមក្នុងការជំរុញដំណើរការសេដ្ឋកិច្ច សង្គម ឲ្យបន្តនិរន្តរភាពសម្រាប់ឆ្នាំ២០២១នេះ និងបណ្តាឆ្នាំខាងមុខទៀត។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំ គ្រោងនឹងដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណង “អូសទាញកំណើនសេដ្ឋកិច្ចឲ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពល ប្រកបដោយចីរភាព និងបរិយាប័ន្នកម្ម តាមរយៈការធានារក្សានូវសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំងក្លាជាមួយច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក”។ លើមូលដ្ឋាននេះ កម្ពុជានឹងផ្តល់អាទិភាពលើ ១-ការស្តារឡើងវិញដោយកសាងមូលដ្ឋានរឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញ ២- បន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ និង៣- ការកសាងភាពធន់ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នាដែលអាចផ្ទុះឡើងនាពេលអនាគត ។ តាមការព្យាករណ៍នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចបាន ៤% ប៉ុន្តែអាស្រ័យដោយការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងមានកំណើន ២,៤% ។ ប៉ុន្តែទោះបីជួបគ្រោះហានិភ័យពីកត្តាខាងក្រៅប្រទេស និងបញ្ហាប្រឈមមួយចំនួននៅក្នុងប្រទេសក ក៏រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការមុតស្រួច និងទាន់ពេលវេលា ដើម្បីបញ្ជៀស និងបន្ធូរបន្ថយសម្ពាធហានិភ័យ និងបញ្ហាប្រឈមនានាប្រកបដោយជោគជ័យ ។ យើងនៅតែមានសុទិដ្ឋិនិយមចំពោះអនាគតដ៏ត្រចះត្រចង់របស់ប្រទេសជាតិយើង ទោះបីជាត្រូវឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងណាក្តី សំខាន់បំផុតគឺការរួបរួមសាមគ្គីគ្នា ជុំវិញរាជរដ្ឋាភិបាល ថែរក្សាការពារឲ្យបានគង់វង្សនូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយមនៅកម្ពុជា ។

          ភាពស្ថិតស្ថេររឹងមាំនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២៨ឆ្នាំកន្លងមកនេះ ក៏បានឆ្លងកាត់នូវឧបសគ្គស្មុគស្មាញរាប់មិនអស់ អាស្រ័យជនក្បត់ជាតិ និងពួកអគតិព្យាយាមបំផ្លិចបំផ្លាញម្តងហើយម្តងទៀត មិនឈប់ឈរ។ ជាក់ស្តែងការកើតឡើងនូវព្រឹត្តិការណ៍ខែកក្កដា ឆ្នាំ១៩៩៧, ការប្រព្រឹត្តអំពើភេរវកម្មប្រដាប់អាវុធ ខែ វិច្ឆិកា ឆ្នាំ២០០០, ការបង្កើតភាពអាណាធិបតេយ្យ គ្រប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ពិសេសព្រឹត្តិការណ៍បដិវត្តន៍ពណ៌ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣, ផែនការនៃការធ្វើរដ្ឋប្រហារតាមរយៈការវិលត្រឡប់មកវិញរបស់ពួកឧទ្ទាមនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ដោយបំផុសប្រជាជនឲ្យក្រោកឈរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងឈានទៅផ្លាស់ប្តូររបបដឹកនាំ រួមទាំងសកម្មភាពទុច្ចរឹតជាច្រើនទៀត។

          ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់គោលជំហរការពារដាច់ខាតរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងនៅតែជាកម្លាំងស្នូលតែមួយគត់ក្នុងការការពារព្រះរាជាណាចក្រកម្ពុជាឲ្យបានស្ថិតស្ថេរគង់វង្សក្នុងគ្រប់កាលៈទេសៈទាំងអស់ ដោយមិនអនុញ្ញាតឲ្យកម្លាំងប្រតិកិរិយាណាមួយមកបំផ្លាញបានឡើយ ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ ៕ (អត្ថបទៈ វិទ្យុជាតិ)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner