រដ្ឋបាលលោក ចូ បៃដិន កំពុងរៀបចំសម្រាប់ការបិទរដ្ឋាភិបាលសហព័ន្ធ ក្នុងករណីថវិកាបច្ចុប្បន្នអស់នៅថ្ងៃទី៣០ ខែកញ្ញា

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសេតវិមានលោកស្រី ជេន សាគី បានបញ្ជាក់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងរៀបចំសម្រាប់ការបិទរដ្ឋាភិបាលតាមដែលអាចធ្វើទៅបាន ក្នុងករណីដែលថវិកាបច្ចុប្បន្នអស់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។

លោកស្រី សាគី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ដោយសំដៅលើការិ យាល័យគ្រប់គ្រង និងថវិកា (OMB) ថា វាស្របជាមួយនឹងការអនុវត្តយូរអង្វែងនៅគ្រប់ផ្នែករដ្ឋបាលជាច្រើន សម្រាប់ OMB ដើម្បីរំលឹកបុគ្គលិកជាន់ខ្ពស់របស់ទីភ្នាក់ងារ អំពីតម្រូវការដើម្បីពិនិត្យមើល និងធ្វើបច្ចុប្បន្នភាពផែនការបិទ។ លោកស្រីសង្កត់ធ្ងន់ថា រដ្ឋបាលលោក បៃដិន កំពុងចាត់វិធានការ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការបិទរដ្ឋាភិបាល ដែលមានសក្តានុពលលើការឆ្លើយតបជំងឺរាតត្បាតនៅសហរដ្ឋអាមេរិក ការស្តារសេដ្ឋកិច្ចឡើងវិញ ឬអាទិភាពផ្សេងទៀត។ ការអត្ថាធិប្បាយរបស់លោកស្រីបានកើតឡើងបន្ទាប់ពីសភាតំណាងរាស្រ្តអាមេរិក កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ បានអនុម័តច្បាប់ដែលនឹងការពារការបិទរដ្ឋាភិបាលសហព័ន្ធ និងផ្អាកកម្រិតបំណុលលើការខ្ចីប្រាក់របស់រដ្ឋាភិបាលរហូតដល់ខែធ្នូ ឆ្នាំ ២០២២។

បច្ចុប្បន្នច្បាប់នេះឆ្ពោះទៅព្រឹទ្ធសភាជាកន្លែងដែលសមាជិក ព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបានប្តេជ្ញាថា នឹងរារាំងវា។ មេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក មីត ម៉ាកខុនណែល បានផ្តល់សញ្ញានៅថ្ងៃចន្ទកន្លងទៅនេះថា គណបក្សសាធារណរដ្ឋនឹងជួយអនុម័តច្បាប់ផ្តល់មូលនិធិរដ្ឋាភិបាលក្នុងរយៈពេលខ្លី លុះត្រាតែគណបក្សប្រជាធិបតេយ្យផ្តាច់វាចេញពីផែនការព្យួរបំណុល៕ ប្រភព៖ ស៊ីនហួរ

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner