សភាអាមេរិកបរាជ័យអនុម័តច្បាប់ថវិកា ខណៈវិបត្តិមិនអាចសងបំណុលកាន់តែខិតជិត

ព្រឹទ្ធសភា​អាមេរិក​ ដែល​បែក​ខ្ញែក​គ្នា​យ៉ាង​ខ្លាំង​ កាល​ពី​ថ្ងៃ​ចន្ទ ទី​២៧ កញ្ញា​ បាន​បរាជ័យ​ក្នុង​ការ​អនុម័ត​ច្បាប់​កញ្ចប់​ថវិកា និង​ព្យួរ​ដែន​កំណត់​ខ្ចី​បំណុល​ ដើម្បី​ជៀស​វៀង​ការ​បិទ​ដំណើរការ​រដ្ឋាភិបាល​អាមេរិក​ និង​វិបត្តិ​មិន​អាច​ទូទាត់​សង​បំណុល​ទាន់​ពេល​កំណត់​ ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា​ថវិកា​ជាតិ​អាមេរិក​នឹង​រីងស្ងួត​នៅ​ខែ​កញ្ញា​នេះ​។

សេចក្ដី​ព្រាង​ច្បាប់​អនុម័ត​ដោយ​សភា​តំណាង​គ្រោង​ផ្គត់ផ្គង់​ថវិកា​ជូន​រដ្ឋាភិបាល​អាមេរិក​រហូត​ដល់​ខែ​ធ្នូ​ ហើយ​នឹង​ព្យួរ​ដែន​កំណត់​ខ្ចី​បំណុល​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​ក្រោយ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​។ ប៉ុន្តែ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ក្នុង​ព្រឹទ្ធសភា​បាន​ប្ដេជ្ញា​មិន​គាំទ្រ​ដំណោះ​ស្រាយ​នេះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​។

ក្នុង​ការ​សម័យ​ប្រជុំ​ព្រឹទ្ធសភា​កាល​ពី​ថ្ងៃ​ចន្ទ​ សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​ទទួល​សំឡេង​គាំទ្រ​ចំនួន​ ៤៨ និង​សំឡេង​ប្រឆាំង​ចំនួន​ ៥០ ដោយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំង​អស់​បាន​បោះឆ្នោត​ប្រឆាំង​។

ឥឡូវ​នេះ​សភា​អាមេរិក​មាន​ពេល​ដល់​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ ដើម្បី​ចាត់​វិធានការ​ណា​មួយ​ដើម្បី​ជៀសវាង​ការ​បិទ​រដ្ឋាភិបាល​ និង​ការ​មិន​អាច​សង​បំណុល​។ ប្រសិន​បើ​រដ្ឋាភិបាល​អាមេរិក​បរាជ័យ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​សង​បំណុល​ អ្នក​វិភាគ​ជា​ច្រើន​បាន​ព្យាករណ៍​ថា​សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​ និង​ពិភពលោក​ នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ហើយ​អាច​ឈាន​ចូល​វិបត្តិ​សេដ្ឋកិច្ច​ថ្មី​មួយ​ទៀត​ក្នុង​កំឡុង​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner