អាជ្ញាធរប៉ាគីស្ថាន ចាប់ខ្លួនមនុស្សជាង ៤០ នាក់ជុំវិញការចេញលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងក្លែងក្លាយ

អាជ្ញាធរ​ប៉ាគីស្ថាន​​ចាប់​ខ្លួន​មនុស្ស​ជាង​ ៤០ ​នាក់​ ជុំ​វិញ​ការ​ចេញ​​លិខិត​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ក្លែង​ក្លាយ​ ខណៈ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ អ៊ីមរ៉ាន​ ខាន់​ (Imran Khan) ​កំពុង​សម្លឹង​មើល​ការ​បើក​​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព​​​។​

លោក​ Sanaullah Abbasi ​អគ្គនាយក​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​សហព័ន្ធ​ប៉ាគីស្ថាន​ ​និយាយ​នៅ​ក្នុង​សេចក្ដី​សង្ខេប​មួយនៅ​​ទីក្រុង​អ៊ីស្លាម៉ាបាដ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ថា​ការ​ចាប់​ខ្លួន​នេះ​​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​មួយ​ខែ​កន្លះ​​ចុង​ក្រោយ​នេះ​។​ លោក​និយាយ​ថា​៖​ «​ទង្វើ​ខុស​ច្បាប់​ និង​អសីល​ធម៌​បែប​នេះ​ មិន​ត្រឹម​តែ​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ប្រជាជន​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​កិត្យានុភាព​របស់​ប្រទេស​ប្រឈម​នឹង​ហានិភ័យ​ទូទាំង​ពិភព​លោក​ផង​ដែរ​»​។​

លោក​នាយករដ្ឋ​មន្ត្រី​ ខាន់ ​​កំពុង​ព្យាយាម​បើក​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើង​វិញ​ ខណៈ​​រលក​ទី​ ៤​ នៃ​​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​-១៩​បន្ត​រាត​ត្បាត​។​ រដ្ឋាភិបាល​ចង់​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ពេញ​លេញ​ដល់​មនុស្ស ​៧០​ លាន​នាក់​នៅ​ត្រឹម​ខែ​ធ្នូ ​ពោល​គឺ​កើន​ឡើង​ពី​ចំនួន​ ២៥ ​លាន​នាក់​នាពេល​បច្ចុប្បន្ន​ និង​ ដាក់​សម្ពាធឱ្យ​ពល​រដ្ឋ​ទទួល​វ៉ាក់សាំង​យ៉ាង​តិច​មួយ​ដូស​ត្រឹម​ថ្ងៃ​ទី​ ១៥ ​ខែ​កញ្ញា​។​

ខេត្ត​ Punjab ​ដែល​មាន​ប្រជាជន​ច្រើន​បំផុតរបស់​ប៉ាគីស្ថាន​ ​ព្រមាន​ថា​សេវាកម្ម​ទូរស័ព្ទ​ចល័ត​អាច​ត្រូវ​​ហាម​ឃាត់​ចំពោះ​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ ខណៈ​ដែល​ខេត្ត​ Sindh ​​ថា​ខ្លួន​នឹង​បញ្ឈប់​ប្រាក់​ខែ​មន្ត្រី​រដ្ឋណាដែល​​​មិន​​ចាក់​វ៉ាក់សាំង​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​​ទទួល​វ៉ាក់សាំង​​។ ​

យោង​តាម​មជ្ឈ​មណ្ឌល​បញ្ជា​និង​ប្រតិបត្តិ​ការ​ជាតិ​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​ មក​ទល់​ពេល​នេះ​ ប្រទេស​ដែល​មាន​ប្រជាជន​ជាង​ ២០០ ​លាន​នាក់​នេះ ​ចែក​ចាយ​វ៉ាក់សាំង​ជាង​ ៧៦ ​លាន​ដូស​  ហើយ​ប្រជាជន​ជាង​ ២៥,៤ ​លាន​នាក់​បាន​ទទួល​វ៉ាក់សាំង​ពេញ​លេញ​។​ ​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner