ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឧបត្ថម្ភម៉ូតូ ១៤គ្រឿង ជូនកងការពារព្រំដែនលេខ៥០២

អត្ថបទដោយ៖
ធី ដា

ដោយមើលឃើញពីតម្រូវការសម្រាប់ការប្រាស្រ័យទាក់ទង និងការធ្វើដំណើរ ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងដើម្បីចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌផងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភម៉ូតូ ១៤គ្រឿង, វិទ្យុទាក់ទង kenwood ៤គ្រឿង, អាគុយ ៤គ្រឿង និងវិទ្យុដៃ ២០គ្រឿង ផ្តល់ជូនកងការពារព្រំដែនលេខ៥០២ ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម មេបញ្ជាការ កង ទ័ព ជើង គោក ត្រូវបាន ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនាធិការរង នាយការិយាល័យព្រំដែនកងទ័ពជើងគោក បន្តនាំយកផ្តល់ជូនកងការពារព្រំដែនលេខ៥០២ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ទៀន សុភ័ណ្ឌវង្ស បានធ្វើការផ្ដាំផ្ញើដល់យោធិននៃកងការពារព្រំដែនលេខ៥០២ ឱ្យចាត់ទុកការងារការពារព្រំដែនជាការងារស្នូល និងយកចិត្តទុកដាក់បង្កើនកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ព្រមទាំងពង្រឹងអង្គភាពរបស់ខ្លួនដោយឈរលើស្មារតីសាមគ្គីភាព ខិតខំបង្កបង្កើនផល កសាងហេដ្ឋារចនាសម្ព័ន្ធ និងថែរក្សាសម្ភារបរិក្ខារ និងគ្រឿងបំពាក់ឱ្យបានល្អ ជាពិសេសការប្រុងប្រយ័ត្នចំពោះសុខភាពនៅក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ។

លោកវរសេនីយ៍ទោ សៀម ប៊ុនស៊ីម មេបញ្ជាការកងការពារព្រំដែនលេខ ៥០២ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ដែលជារឿយៗតែងយកចិត្តទុកដាក់គិតគូរជួយសម្រួលដល់រាល់ការលំបាក ក្នុងការបំពេញភារកិច្ចរបស់អង្គភាព ក៏ដូចជាសុខមាលភាព ជីវភាពរស់នៅរបស់យោធិន និងក្រុមគ្រួសារជាប់ជាប្រចាំ ទោះបីជា ឯកឧត្តម កំពុងមានភារកិច្ចមមាញឹកបម្រើជាតិ និងប្រជាជនយ៉ាងណាក៏ដោយ ជាពិសេសក្នុងបរិការណ៍នៃការខិតខំដោះស្រាយបញ្ហាប្រឈមនៃជំងឺកូវីដ-១៩ នេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner