ពួកក្រុមឃាតករកំពុងតាមប្រមាញ់ចៅក្រមស្រ្តីអាហ្វហ្គានីស្ថានមកផ្តន្ទាទោសពួកគេមុនរបបតាលីបង់
ចៅក្រមស្រ្តីអាហ្វហ្គានីស្ថានជាង ២២០ នាក់កំពុងលាក់ខ្លួន ព្រោះខ្លាចមានការសងសឹកក្រោមការគ្រប់គ្រងរបស់តាលីបង់។ នេះបើតាមឱ្យដឹងពី អតីតចៅក្រមស្រី ៦ នាក់បាននិយាយជាមួយ BBC ពីទីតាំងសម្ងាត់នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។
ពេញមួយអាជីពជាចៅក្រម Masooma បានផ្តន្ទាទោសបុរសរាប់រយនាក់ពីបទប្រើអំពើហឹង្សាលើស្ត្រី រួមទាំងការរំលោភសេពសន្ថវៈ ឃាតកម្ម និងទារុណកម្ម។
ប៉ុន្តែ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមតាលីបង់ បានគ្រប់គ្រងទីក្រុងរបស់នាង ហើយឧក្រិដ្ឋជនរាប់ពាន់នាក់ ត្រូវបានដោះលែងពីពន្ធនាគារ នាងមានភ័យខ្លាចចំពោះការគំរាមកំហែងដល់ជិវិត។ សារសំលេង និងលេខ ដែលមិនស្គាល់ជាច្រើន បានខល និងគំរាមគំហែងរូបនាង។
នាង Masooma ម៉ាសាមូនិយាយថា៖ «ក្រោយពីបានលឺថា ពួកតាលីបង់ បានដោះលែងអ្នកទោសទាំងអស់ចេញពីពន្ធនាគារ យើងបានរត់គេចខ្លួនភ្លាមៗទាំងកណ្ដាលយប់»។
ភ្លាមៗ ក្រោយពីនាងបានចាកចេញភ្លាម អ្នកជិតខាងរបស់នាងបានផ្ញើសារមកនាងថា សមាជិកក្រុមតាលីបង់ជាច្រើនបានមកដល់ផ្ទះរបស់នាង ហើយមានបុរស ២ នាក់កំពុងស្វែងរកនាង។
ការស៊ើបអង្កេតរបស់ BBC បានរកឃើញថា យ៉ាងហោចណាស់អតីតចៅក្រមស្រី ២២០ នាក់ កំពុងលាក់ខ្លួននៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។ អ្នកទាំងអស់នេះ សុទ្ធតែ ទទួលការគំរាមកំហែងដល់ជិវិតពីសមាជិកក្រុមតាលីបង់ ដែលពួកគេបានប្តេជ្ញាដាក់ពន្ធនាគារកាលពីមុនៗមក។
អ្នកទាំងនេះ បានផ្លាស់ប្តូរលេខទូរស័ព្ទរបស់ពួកគេយ៉ាងហោចណាស់ម្តង ដោយសារតែទទួលបានការគំរាមកំហែងដល់ជីវិត។ បច្ចុប្បន្ន ពួកគេទាំងអស់ កំពុងសម្ងំលាក់ខ្លួនជាច្រើន ហើយផ្លាស់ទីកន្លែងរៀងរាល់ពីរ បី ថ្ងៃម្តង។