ឧស្សាហកម្មស្រោមដៃម៉ាឡេស៊ីអំពាវនាវឱ្យមានការស្រូបយកកម្លាំងពលកម្មពីបរទេស

គូឡាឡាំពួ៖ សមាគមន៍​អ្នក​ផលិត​ស្រោម​ដៃ​​កៅស៊ូ​ម៉ាឡេស៊ី ​(MARGMA) ​កាល​ពី​ថ្ងៃ​អង្គារ​ ​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ឱ្យ​អនុញ្ញាត​កម្មករ​បរទេស​ចូល​​ប្រទេស​ដើម្បី​បំពេញ​តម្រូវ​ការ​ដែល​កំពុង​កើន​ឡើង​នៅ​ឆ្នាំ​នេះ ​និង​ឆ្នាំ​ក្រោយ​ ដោយ​លើក​ឡើង​​​ពី​កង្វះ​ខាត​កម្មករ​ចំនួន​ ២៥ ០០០ ​នាក់​រាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៩ ​មក។​

​ប្រធាន​សមាគម​លោក ​Supramaniam Shanmugam ​​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​​ថា​ កម្មករ​បន្ថែម​ត្រូវ​ការ​ជា​បន្ទាន់​ ហើយ​ក្រុម​ហ៊ុន​ត្រូវ​​រៀប​ចំ​ដើម្បី​បំពេញ​លក្ខខណ្ឌ​ និង​តម្រូវការ​សម្រាប់​ដំណើរ​ការ​ជ្រើស​រើស​កម្មករ​ រួម​ទាំង​នីតិ​វិធី​ទាក់​ទង​នឹង​ជំងឺ​កូវីដ​-១៩។

លោក​និយាយ​ថា​៖ ​«​យើង​មាន​សមត្ថភាព​ផលិត​ ប៉ុន្តែ​មិន​មាន​កម្មករ​គ្រប់​គ្រាន់​ដើម្បី​ប្រើ​ប្រាស់សមត្ថភាព​ផលិត​ឲ្យ​បាន​ច្រើន​​បំផុត​នោះ​ទេ​»​។​ លោក​បន្ថែម​ថា​ កម្មវិធី​​ជ្រើស​រើស​បុគ្គលិក​ក្នុង​ស្រុក​មាន​អត្រា​ទទួល​យក​ទាប​ជាង​គោល​ដៅ​កម្មករ​ ១០ ០០០ ​នាក់​។​

ផលិតកម្ម​នៅ​​ម៉ាឡេស៊ី​ដូច​ជា​វិស័យ​ដូង​ប្រេង​ ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ពលករ​ចំណាក​ស្រុក​ដែល​មិន​អាច​ចូល​ប្រទេស​នេះ​បាន​ចាប់​តាំង​ពីជំងឺរាត​ត្បាត​ចាប់​ផ្តើម​មក​។​ ក្រុម​ហ៊ុន​ដូង​ប្រេង​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ពលករ​បរទេស​ត្រឡប់​មក​វិញ​។​

​ក្នុង​ខែ​កញ្ញា​នេះ​ រដ្ឋាភិបាល​បាន​ប្រកាស​ការ​ព្រម​ព្រៀង​ពិសេស​មួយ​ដើម្បី​នាំ​យក​ពលករ​បរទេស​ចំនួន​ ៣២ ០០០ ​នាក់​សម្រាប់​វិស័យ​ចំការ​។​

​សមាគមន៍​​ MARGMA ​អោយ​ដឹង​​ថា​ អ្នក​ផលិត​ស្រោម​ដៃ​កៅស៊ូ​របស់​ម៉ាឡេស៊ី​កំពុង​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ប្រទេស​ចិន​ ហេតុ​ដូច្នេះ​ពួក​គេ​ត្រូវ​ការ​រក្សា​សមត្ថភាព​ដើម្បី​បំពេញ​តាម​ការ​បញ្ជា​ទិញ​។​ ម៉ាឡេស៊ី​ផ្គត់​ផ្គង់​ប្រហែល​ ២ ​ភាគ​ ៣ ​នៃ​ការ​ប្រើ​ប្រាស់​ស្រោម​ដៃ​កៅស៊ូ​លើ​ពិភព​លោក​។​

​​សមាគម​ន៍​នេះ​បន្ត​​ថា​ ដោយ​សារ​តែ​ស្វ័យ​ប្រវត្តិ​កម្ម​ឧស្សាហកម្ម​នេះ​ អាច​រក្សា​បាន​នូវ​កម្លាំង​ពល​កម្ម​ប្រហែល​ ៧២ ០០០​ នាក់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​មក​ ខណៈ​​បរិមាណ​ស្រោមដៃ​ផលិត​និង​នាំ​ចេញ​​កើន​ឡើងពី​​ ១០-១៥ ​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner