អាមេរិក ជំរុញឱ្យមានការរកស៊ីជាមួយចិនបន្ថែមទៀត ទោះជាមានទំនាក់ទំនងល្អក់កករក៏ដោយ
សហរដ្ឋអាមេរិកក្រោមរដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងជំរុញឱ្យក្រុមហ៊ុនអាមេរិកមានទំនាក់ទំនងពាណិជ្ជកម្មជាមួយទីផ្សារចិនបន្ថែមទៀត ទោះបីជាទំនាក់ទំនងរវាងប្រទេសមហាអំណាចទាំងពីរនេះ មានសភាពល្អក់កករក៏ដោយ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក អ្នកស្រី Gina Raimondo។
អ្នកស្រីបានប្រាប់សារព័ត៌មាន Wall Street Journal កាលពីសប្ដាហ៍មុនថា អ្នកស្រីគ្រោងនឹងដឹកនាំប្រតិភូប្រធានក្រុមហ៊ុនអាមេរិកទៅទស្សនកិច្ចទៅកាន់ក្រៅប្រទេស ដែលរួមទាំងប្រទេសចិនផងដែរ ដើម្បីស្វែងរកឱកាសធុរកិច្ច ក៏ដូចជាដោះស្រាយនូវជម្លោះពាណិជ្ជកម្មមួយចំនួនផងដែរ។ យ៉ាងណាមិញ ដំណើរទស្សនកិច្ចនេះនៅមិនទាន់មានកាលវិភាគកំណត់ច្បាស់លាស់នោះទេ។
«ការងារចម្បងរបស់ខ្ញុំគឺការពារផលប្រយោជន៍របស់ឧស្សាហកម្មអាមេរិក»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Raimondo។
អ្នកស្រីរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា គោលនយោបាយសេដ្ឋកិច្ចរបស់ចិនបានធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុនអាមេរិក ដោយចិនផ្ដល់នូវការទំនុកបម្រុងដល់ក្រុមហ៊ុនរបស់ខ្លួន ដើម្បីឱ្យនាំទំនិញចេញ ក្នុងតម្លៃមួយទាបជាងទីផ្សារ។
ចាប់តាំងពីឆ្នាំ១៩៨៥មក អាមេរិកមានទំនាក់ទំនងពាណិជ្ជកម្មឱនភាពជាមួយនឹងចិនរហូតមកហើយ។ ក្នុងឆ្នាំ២០២០កន្លងទៅ សហរដ្ឋអាមេរិកបាននាំទំនិញចេញទៅកាន់ចិនសរុបប្រមាណ ១២៤ប៊ីលានដុល្លារ ហើយនាំចូលពីចិនវិញរហូតដល់ទៅ ៤៣៤ប៊ីលានដុល្លារអាមេរិកឯណោះ។ នេះបើតាមស្ថិតិរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក។
ទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីពាណិជ្ជកម្មវ័យ ៥០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា អាមេរិកត្រូវតែធ្វើពាណិជ្ជកម្មជាមួយចិន ដោយសារតែទំហំដ៏ធំនៃទីផ្សាររបស់ចិន។
«តាមពិតទៅខ្ញុំគិតថា ការកើនឡើងនូវទំនាក់ទំនងពាណិជ្ជកម្ម នឹងជួយកាត់បន្ថយជម្លោះមួយចំនួន ដែលអាចកើតឡើង»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី។
អ្នកស្រីបានបន្ថែមថា «គ្មានហេតុផលណាមួយ ដែលត្រូវកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មនេះទេ។ លោកប្រធានាធិបតីបានលើកឡើងរួចមកហើយថា យើង [អាមេរិក] មិនមានចំណាប់អារម្មណ៍ក្នុងការធ្វើសង្គ្រាមត្រជាក់ជាមួយចិននោះទេ»។
លោក បៃដិន លើកឡើងបែបនេះ អំឡុងពេលដែលលោកថ្លែងក្នុងកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងខែកញ្ញានេះ។
«ប្រទេសនេះ [ចិន] មានសេដ្ឋកិច្ចធំណាស់ យើងចង់រកស៊ីនៅទីផ្សារស្រុកគេ ហើយគេក៏ចង់រកស៊ីនៅស្រុកយើងដែរ»។ នេះបើតាមការបន្ថែមរបស់អ្នកស្រី Raimondo។
សហរដ្ឋអាមេរិក និងចិននៅពេលនេះដែរ កំពុងតែមានការប្រកួតប្រជែងឥទ្ធិពលយ៉ាងស្វិតស្វាញ ស្ទើរតែគ្រប់កន្លែងទាំងអស់នៅពិភពលោក ហើយសឹងតែគ្រប់វិស័យទាំងអស់ដែរ រាប់ចាប់តាំងពីវិស័យការទូត សន្តិសុខ ហើយក៏ដូចជាវិស័យពាណិជ្ជកម្មនេះឯង។
ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពីរល្អក់កករនឹងគ្នា ចាប់តាំងពីគោលនយោបាយរឹតត្បិតការនាំចេញ-នាំចូលឧបករណ៍បច្ចេកវិទ្យារបស់រដ្ឋការលោក ដូណាល់ ត្រាំ មកម្ល៉េះ។ ចូលមកដល់រដ្ឋបាលលោកបៃដិន មន្ត្រីរដ្ឋការនៃរដ្ឋាភិបាលថ្មីនេះកំពុងតែត្រួតពិនិត្យលើគោលនយោបាយរបស់លោក ត្រាំ ឡើងវិញ។
ទាក់ទិននឹងរឿងនេះដែរ អ្នកស្រីរដ្ឋមន្ត្រីរូបនេះបានឱ្យ ការត្រួតពិនិត្យនៅមិនទាន់បញ្ចប់នៅឡើយទេ។ ទោះជាយ៉ាងនេះក្ដី អ្នកស្រីនៅតែប្រកាន់គោលនយោបាយមួយចំនួនរបស់លោក ត្រាំ ដូចជាការហាមឃាត់មិនឱ្យក្រុមហ៊ុនយក្សបច្ចេកវិទ្យា Huawei ប្រើប្រាស់បន្ទះឈីប ដើម្បីពង្រឹងប្រព័ន្ធអ៊ីនធឺណិត 5G របស់ខ្លួនឡើយ។ អ្នកស្រីបានហៅក្រុមហ៊ុននេះថាជា ក្រុមហ៊ុនបង្កការគំរាមកំហែងដល់សន្តិសុខជាតិ។
ខុសប្លែកពីរដ្ឋការរបស់លោក ត្រាំ ក្នុងរដ្ឋការអាមេរិកថ្មីនេះ អាមេរិកនឹងសហការជាមួយដៃសម្ព័ន្ធមិត្ត ជាពិសេសដៃគូនៅសហភាពអឺរ៉ុប ដើម្បីធ្វើការរួមគ្នាក្នុងការរឹតត្បិតមិនឱ្យមានការនាំចេញឧបករណ៍បច្ចេកវិទ្យា ដែលមានចំណងជាមួយសន្តិសុខជាតិ ទៅកាន់ប្រទេសចិនឡើយ។
«ការរឹតត្បិតការនាំចេញដោយឯកតោភាគី មិនមានប្រសិទ្ធភាពឡើយ ព្រោះថាប្រសិនបើយើងប្រាប់ក្រុមហ៊ុនអាមេរិកថា “អ្នកឯងមិនមានសិទ្ធិក្នុងការនាំចេញបច្ចេកវិទ្យានេះ បច្ចេកវិទ្យានោះ ទៅកាន់ក្រុមហ៊ុនចិននេះ ក្រុមហ៊ុននោះ” តែពួកគេ [ក្រុមហ៊ុនចិន] នៅតែទទួលបានផលិតផលដូចគ្នាពីអឺរ៉ុប ឬ ក្រុមហ៊ុនអឺរ៉ុប នោះអ្វីដែលយើងខំធ្វើកន្លងមក មានតែធ្វើឱ្យបាត់បង់ផលប្រយោជន៍ក្រុមហ៊ុនអាមេរិកទេ»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Raimondo។
ទោះជាផ្នែកខ្លះមានការរឹតត្បិតជាមួយចិនក្ដី អ្នកនយោបាយអាមេរិករូបនេះ នៅតែស្វាគមន៍ជានិច្ចនូវការវិនិយោគរបស់ចិន ទៅលើបច្ចេកវិទ្យា ដើម្បីប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ។
«ខ្ញុំអាចឃើញ [ការវិនិយោគ]ផ្នែកនេះ ជាផ្នែកមួយដ៏ផ្លែផ្កាក្នុងការរកស៊ីជាមួយចិន»។ នេះជាការលើកឡើងរបស់អ្នកស្រី ប៉ុន្តែអ្នកស្រីនឹងនៅតែបន្តត្រួតពិនិត្យថា ក្រុមហ៊ុនចិនដែលមកវិនិយោគនេះមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរដ្ឋចិន និងអាចប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក ឬ យ៉ាងណា៕