អ្នកឃ្លាំមើលអូស្រ្តាលីអំពាវនាវឱ្យមានការរឹតត្បិត Google ដើម្បីប្រើទិន្នន័យផ្សាយពាណិជ្ជកម្មតាមគោលដៅ

អ្នក​ឃ្លាំ​មើល​ និង​និយតករ​​​អូស្រ្តាលី ​​អំពាវ​នាវ​ឱ្យ​មានការ​រឹតត្បឹត​​ការ​​ប្រើ​​ប្រាស់​​ទិន្នន័យ​អ៊ិនធឺណិត​របស់​​ហ្គូហ្គោល​ (Google) ​ដើម្បី​លក់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គោល​ដៅ ​ដោយ​និយាយ​ថា​ក្រុម​ហ៊ុន​នេះ​គ្រប់​គ្រង​ទីផ្សារ​រហូត​​ប៉ះពាល់​ដល់​អ្នក​បោះ​ពុម្ព​ផ្សាយ​ អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ និង​អ្នក​ប្រើ​ប្រាស់​។​

​ការ​អំពាវ​នាវ​ធ្វើ​ឡើង​ក្នុង​របាយការណ៍​​​ចេញផ្សា​យ​កាល​ពី​ថ្ងៃ​អង្គារ​ ​​ដោយ​ភ្ជាប់​អូស្រ្តាលី​រួម​ជាមួយ​អឺរ៉ុប​ និង​ចក្រភព​អង់គ្លេស​ដែល​មាន​និយតករ​ចង់​បញ្ឈប់​ក្រុម​ហ៊ុន​ Google  ​ចំពោះការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​ដោយប្រើ​​ទិន្នន័យ​ខ្លួន​ប្រមូល​បាន​ពី​ការ​ស្វែង​រក​ (Searches) ​តាម​អ៊ិនធឺណិត​របស់​អ្នក​ប្រើ​ប្រាស់​រួម​ទាំង​នៅ​លើ​ផែនទី​ (Google Maps) ​និង​យូធូប​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​ផលិត​ផល​។​

​លោក  Rod ​Sims ​ប្រធាន​គណៈកម្មការ​ប្រកួត​ប្រជែង​ និង​អ្នក​ប្រើ​ប្រាស់​អូស្រ្តាលី ​(ACCC) ​និយាយ​ថា​៖​ «​អ៊ឺរ៉ុប​ និង​ចក្រភពអ​ង់គ្លេស​កំពុង​ជជែក​គ្នា​អំពី​គោលការណ៍​ច្បាប់​នៅ​ពេល​នេះ​ ហើយ​យើង​នឹង​ត្រូវ​រៀប​ចំ​ជាមួយ​ពួកគេ​នៅ​ឆ្នាំ​ក្រោយ​»​។​

​ក្រុម​ហ៊ុន ​Google ​​និយាយ​នៅ​ឆ្នាំ​នេះ​ថា​ ខ្លួន​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដក​សេវាកម្ម​ស្នូល​ពី​អូស្រ្តាលី​ដោយ​សារ​ច្បាប់​មួយ​ដែល​​ ACCC ​ណែ​នាំ​ បង្ខំ​ឱ្យ​បង់​ប្រាក់​ឱ្យ​ក្រុម​ហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​មាតិកា​ដែល​ដំណើរ​ម៉ាស៊ីន​ស្វែង​រក​របស់​ខ្លួន​។​ តែ​ទី​បំផុត​ ក្រុម​ហ៊ុន​ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន​ធំ​ៗ​ ភាគ​ច្រើន​។​

Google មិន​ទាន់​ធ្វើ​ការអ​ត្ថាធិប្បាយ​យ៉ាង​ណា​ទេ​ ​អំពី​សកម្មភាព​ផ្សាយ​ពាណិជ្ជកម្ម​នេះ​ ប៉ុន្តែ​ធ្លាប់ស​រសេរ​នៅលើ​​ប្លុក​របស់​ខ្លួន​មុន​ពេល​ ACCC ​ចេញ​របាយការណ៍​ថា​ បច្ចេកវិទ្យា​ផ្សាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​​គាំទ្រ​ការងារ​អូស្ត្រាលី​ជាង​ ១៥,០០០ និ​ង​​រួម​ចំណែក ​២,៤៥ ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ដល់​សេដ្ឋកិច្ច​អូស្រ្តាលី​ជារៀងរាល់​ឆ្នាំ​។​

លោក​ Sims ​និយាយ​ថា​ លោក​រំពឹង​ថា​ការ​ជំរុញ​ជា​សកល​ដើម្បី​បង្កើន​បទ​បញ្ជាអាជីវកម្ម​ពាណិជ្ជកម្ម​របស់​ Google ​នឹង​បង្កើន​ឱកាស​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​ហ៊ុន​អ៊ិនធឺណិត​​អាមេរិក​ និង​និយតករ​។​

​លោក​បន្ថែម​ថា​៖​ «​យើង​មិន​ចង់​រារាំង​ការ​បង្កើត​ថ្មី​ ​យើង​មិន​ចង់​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទេ​ យើង​គ្រាន់​តែ​ចង់​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ កាត់​បន្ថយ​ឧបសគ្គ​ ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​អ៊ិនធឺណិត​ប្រសើរ​ជាង​មុន​ តម្លាភាព​ល្អ​​ហើយ​ក្រុម​ហ៊ុន​នានា​ក៏​មិន​ត្រូវ​បង់​ប្រាក់​ច្រើន​ហួស​​​»​។​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner