អេស្ប៉ាញប្រកាសថា ចាត់ទុកតំបន់ឡាប៉ាម៉ាតំបន់គ្រោះមហន្តរាយ ដោយសារភ្នំភ្លើង
កាលពីថ្ងៃអង្គារ កន្លងទៅ រដ្ឋាភិបាលអេស្ប៉ាញ បានចាត់ថ្នាក់កោះឡាប៉ាម៉ាដែលត្រូវបានវាយប្រហារ ដោយការផ្ទុះភ្នំភ្លើង ជាតំបន់គ្រោះមហន្តរាយ ដែលត្រូវការឧបត្ថម្ភធនបន្ទាន់ និងវិធានការគាំទ្រផ្សេងទៀត។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន CNA។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Isabel Rodriguez បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃ អង្គារ ថា រដ្ឋាភិបាលបានប្រកាសកញ្ចប់ដំបូងចំនួន ១២.៣០ លានដុល្លារ ដោយក្នុងនោះ ទឹកប្រាក់ជាង ៦ លានដុល្លារ និងប្រើប្រាស់ដើម្បីទិញផ្ទះ និងទឹកប្រាក់សេសសល់ត្រូវទិញគ្រឿងសង្ហារឹម និងរបស់របរប្រើប្រាស់ក្នុងផ្ទះចាំបាច់។
កម្អែរភ្នំភ្លើង ហូរយឺតៗតាមបណ្ដោយភាគខាងលិចនៃភ្នំភ្លើងឆ្ពោះទៅសមុទ្រ ចាប់តាំងពីថ្ងៃទី ១៩ ខែកញ្ញា ដោយបំផ្លាញផ្ទះជិត ៦០០ ខ្នង ព្រមទាំងព្រះវិហារ និងចម្ការចេកនៅឡាប៉ាម៉ា ដែលនៅជិត តំបន់ Tenerife ក្នុងប្រជុំកោះកាណារីនៅអាហ្វ្រិកខាងជើង។
មនុស្សរាប់រយនាក់នៅតាមភូមិ នៅតាមឆ្នេរសមុទ្រ នៅតែមានភាពតក់ស្លុតក្នុងការប្រមើលមើលថា មានកម្អែរភ្នំភ្លើង ប៉ុណ្ណាទៀត ដែលហូរមក ហើយចូលទៅដល់សមុទ្រ និងបញ្ចេញឧស្ម័នពុល។