សម្តេចតេជោ ហ៊ុន សែន ទទួលបានលិខិតរបស់លោក យឹម ស៊ីណន រួចហើយ និងបានប្រគល់ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ដើម្បីពិនិត្យ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា សម្តេចបានទទួលរួចហើយនូវលិខិតរបស់លោកយឹម ស៊ីណន នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ ហើយលិខិតនេះសម្តេចក៏បានប្រគល់ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើលបញ្ហាទាំងឡាយ និងឲ្យខិតខំរកដំណោះស្រាយដើម្បីក្មួយៗទាំងអស់ចំនួន១០នាក់ ទទួលបានយុត្តិធម៌ ដែលតុលាការបានចោទប្រកាន់ពាក់ព័ន្ធករណីរដ្ឋប្រហារ៩ វិច្ឆិកា ខណៈលោក យឹម ស៊ីណន និងក្រុមរបស់ខ្លួនបានអះអាងតាមលិខិតថា ព្រឹត្តិការណ៍៩វិច្ឆិកា ដឹកនាំដោយ សម រង្ស៉ី ជាទង្វើខុសច្បាប់ទាំងស្រុង និងប្រមាថព្រះមហាក្សត្រ ហើយកន្លងមកក្រុមខ្លួនបានប្រកាសប្រឆាំងលើយុទ្ធនាការនេះ។ 

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបនៅក្នុងកិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ។ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានសរសេរលិខិតមួយស្នើសុំសម្តេចតេជោ ហ៊ុន សែន ឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ចឱ្យដកការចោទប្រកាន់ទាំងឡាយមកលើខ្លួន និងបក្ខពួក អំពីការពាក់ព័ន្ធនឹងព្រឹត្តិការណ៍៩វិច្ឆិកា។

នៅក្នុងលិខិតលោក យឹម ស៊ីណន បានបញ្ជាក់ដូច្នេះថា «សូមប្រណិបត្តិសម្តេចពីចម្ងាយ និងសូមសម្តែងនូវបេតិសោមនស្សក្រៃលែង ដែលបានឃើញ សម្តេចស្នើឱ្យមានដកការចោទប្រកាន់ ចំពោះ លោក បណ្ឌិត សេង សារី ។ នេះគឺជាសុភវិនិច្ឆ័យដ៏ត្រឹមត្រូវ គួរឱ្យកោតសរសើរ និងគោរពពីមតិជាតិ និង អន្តរជាតិ។ ក្នុងស្មារតីនេះ ខ្ញុំបាទ និងសហការី ដែលជាសមាជិកចលនាយុវជនចំនួនដប់រូបទៀត ក៏សូមសម្តេចមេត្តាស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយដោយក្តីមេត្តា និងការអនុគ្រោះ»។

លោក យឹម ស៊ីណ្ណ បានរៀបរាប់ថា លោកបាទធ្លាប់ដឹកនាំការធ្វើបាតុកម្ម តស៊ូមតិអហិង្សា ដោយអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ គោរពតាមរដ្ឋធម្មនុញ និងច្បាប់នានានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាសាកល។ ប៉ុន្តែជាអកុសលចលនាធ្វើមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ បានបង្កឱ្យមានការជេរប្រមាថព្រះមហាក្សត្រ និងបំផុសឱ្យមានការបះបោរពីសំណាក់មហាជន និងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំង ទៅនឹងរដ្ឋាភិបាល។ល។ ដែលយុទ្ធនាការនេះ រូបលោក និងសហការីជិតស្និទ្ធទាំងនេះ មិនត្រឹមតែមិនគាំទ្រនោះទេ ថែមទាំងប្រកាសប្រឆាំងយ៉ាងដាច់អហង្កាទៀតផង។

«ដោយសារតែមូលហេតុនេះហើយ ទើបយើងខ្ញុំ ត្រូវបានបក្ខពួកជ្រុលនិយមក្នុងបក្សមួយចំនួននៃគណបក្ស សង្គ្រោះជាតិវាយប្រហារ លាបពណ៌មួលបង្កាច់គ្រប់រូបភាព ដល់យើងខ្ញុំ។ នេះជារឿងអយុត្តិធម៌មួយ ហើយជាអកុសលមួយទៀតនោះ គឺយុទ្ធនាការខាងលើនេះបាននាំឱ្យមានការយល់ច្រឡំពីសំណាក់អាជ្ញាធរកម្ពុជា រហូតដល់មានការចោទប្រកាន់ ដល់ពួកយើងខ្ញុំថាបានចូលរួមជាមួយសកម្មភាពមាតុភូមិនិវត្តន៍ ៩ វិច្ឆិកា ២០១៩ នោះទៅវិញ ហើយថែមទាំងមានដីកាចាប់ ខ្លួនពីស្ថាប័នតុលាការទៀតផង»។ នេះបើតាមការបញ្ជាក់ក្នុងលិខិតរបស់ លោក យឹម ស៊ីណន។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍៩វិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងដោយ លោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដោយកំណត់ជាពេលវិលត្រឡប់មក ប្រទេសកម្ពុជាវិញ ជាមួយនឹងការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល និងអំពាវនាវឱ្យប្រជាពលរដ្ឋងើបបះបោរ។ ព្រឹត្តិការណ៍នេះ បណ្តាលឱ្យមានការចាប់ខ្លួនអ្នកចូលរួម និងអ្នកគាំទ្រមួយចំនួន៕ 

ដោយ:ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner