វេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ»

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបានរៀបចំវេទិកាស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ជំរុញផលិតកម្មអាហារនៅមូលដ្ឋាន ដើម្បីទាក់ទាញទេសចរ» នៅរដ្ឋបាលសាលាខេត្តសៀមរាប ដោយមានវត្តមានឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ខៀវ បូរិន្ទ អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈប្រតតិភូក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ តំណាងសហគមន៍ជាច្រើននាក់។

មានប្រសាសន៍ជាមួយគ្នានោះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា ក្រសួងបរិស្ថាន ក្នុងនោះអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានរៀបចំបង្កើត និងប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន១៧៤ នៅក្នុងខេត្តចំនួន១៦ ដែលមានតំបន់ការពារធម្មជាតិ ដែលក្នុងនោះសហគមន៍ចំនួន២២ កំពុងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ។

សម្រាប់ការងារអភិរក្សបេតិកភណ្ឌ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតយន្តការអន្តរក្រសួងដោយអនុញ្ញាតឱ្យក្រសួងបរិស្ថានដឹកនាំ និងសម្របសម្រួលការសិក្សាស្រាវជ្រាវ ការរៀបចំ កសាងផែនទី ការកំណត់ព្រំប្រទល់ និងការរៀបចំកសាងសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតតំបន់អភិរក្សស្ថានីយបុរាណចំនួន ១៧៣ ដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌មិនអាចកាត់ថ្លៃបាន ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តជាតំបន់បេតិកភណ្ឌ និងចុះបញ្ជីដីសាធារណៈរបស់រដ្ឋ។

ឯកឧត្តម បានបន្តថា ដោយឡែកគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងគម្រោងអភិរក្សព្រៃឈើ និងសត្វព្រៃ រហូតទល់ពេលនេះក្រសួងបរិស្ថានគ្រប់គ្រង ១៧គម្រោងគ្របដណ្តប់លើផ្ទៃដីសរុប៩១២៨០ ហិកតា និងគម្រោងវិនិយោគទេសចរណ៍លើផ្ទៃដីក្រោម ១០ហិកតា មានចំនួន ១៣០គម្រោង លើផ្ទៃដីសរុបចំនួន ១២០៦,០៧ហិកតា។ ការចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ គឺជាការចាំបាច់ដើម្បីធានាបាននូវអភិបាលកិច្ចនៃការគ្រប់គ្រង ប្រើប្រាស់ និងការអភិរក្សធនធានធម្មជាតិសម្រាប់មនុស្សគ្រប់ជំនាន់ប្រកបដោយសមភាព និងចីរភាព។

ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះការផ្ទុះ និងការរីករាលដាលនៃជំងឺកូវីដ-១៩ អាចធ្វើឱ្យខាតបង់សេដ្ឋកិច្ចពិភពលោក ចន្លោះពី ៧៧ ទៅ៣៤៧ ពាន់លានដុល្លាសហរដ្ឋអាម៉េរិក ពោលគឺឱ្យបាត់បង់ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ចន្លោះពី ០,១ ទៅ ០,៤ % (ប្រភពADB) ។ សម្រាប់សេដ្ឋកិច្ចដែលពឹងមអាស្រ័យលើវិស័យទេសចរណ៍ ដូចជាប្រទេសកម្ពុជាគឺនឹងធ្វើឱ្យមានការធ្លាក់ចុះចំណូលយ៉ាងខ្លាំងពីវិស័យទេសចរណ៍។

ជាការពិតចំណូលពីវិស័យទេសចរណ៍របស់កម្ពុជា ក្នុងករណីសេណារីយ៉ូល្អបំផុត គឺត្រូវបានធ្វើការប៉ាន់ប្រមាណថា មានការបាត់បង់ ផ.ស.ស ប្រហែល ៣៤៥,៧ លានដុល្លាសហរដ្ឋអាម៉េរិក ប៉ុន្តែក្នុងករណីសេណារ៉ូអាក្រក់បំផុត គឺអាចធ្វើឱ្យបាត់បង់ ផ.ស.ស រហូតដល់ ៣,៤៩ ភាគរយ ឬស្មើនឹងថវិកាចំនួន ៨៥៦,៥ លានដុល្លាសហរដ្ឋអាម៉េរិក។ ការរីរាលដាលនៃជំងឺកូវីដ-១៩ នៅលើ ពិភពលោក និងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ផ្ទាល់ដល់វិស័យទេសចរណ៍ទេ ប៉ុន្តែវាប៉ះពាល់ដល់វិស័យជាច្រើនទៀត ដូចជា ឧស្សាហកម្ម រោងចក្រកាត់ដេរ សំណង់ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម ។ល។

គួររំលឹកផងដែរថា ដើម្បីទាញយកនូវគុណតម្លៃ និងរៀបចំច្រវ៉ាក់តម្លៃនៃអនុផលព្រៃឈើ ដែលជាប្រភេទអាហារ គ្រឿងទេស និងឱសថ ដែលត្រូវធ្វើការកែច្នៃរៀបចំប្រើប្រាស់ឱ្យអស់លទ្ធភាព បង្កើតជា មុខម្ហូបអាហារមូលដ្ឋានដើម្បីអាហារូបត្ថម្ភ និងការផ្តល់ជូននូវសេវាកម្មម្ហូបអាហារប្រចាំមូលដ្ឋានដែលមានឱជារស មានសុវត្ថិភាព មានអនាម័យ និងអាចទទួលបានប្រាក់ចំណូលបន្ថែមនៅក្នុងប្រព័ន្ធសេវាកម្មទេសចរណ៍ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍នានា។

អនុផលព្រៃឈើសំខាន់ៗ និងមានសក្តានុពលមួយចំនួន មិនទាន់ត្រូវបាន សិក្សាច្បាស់អំពីខ្សែសង្វាក់ទីផ្សារ គុណតម្លៃអាហារូបត្ថម្ភ ពិសេសការរៀបចំជាមុខម្ហូបអាហារស្របតាមទដ្ឋាននៅឡើយទេ ដូចជា ផ្សិតប៉ក់ ក្រវាញ ផ្លែសំរ៉ង ស្លឹកប្រស់ស្វា ខ្យងចំពុះទា ទឹកឃ្មុំ ចុងផ្តៅ និង បន្លែព្រៃ និងការដាំដុះនូវបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វនៅតាមមូលដ្ឋានផងដែរ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner